ហេតុអ្វីការហ៊ានប្រឈមនឹងភាពលំបាកវេទនា នឹងជួយឲ្យអ្នករកឃើញពីអត្តសញ្ញាណរបស់ខ្លួន?
មិនមែនជាភាពជោគជ័យនោះឡើយ តែគឺជាភាពបរាជ័យរបស់អ្នកទៅវិញទេ ដែលនឹងជីកទៅដល់ស្នូលខាងក្នុងពីអត្តសញ្ញាណថាអ្នកគឺជានរណាពិតប្រាកដ។ ជីវិតមួយដែលរស់នៅងាយស្រួលនិងមិនធ្លាប់ជួបការលំបាកអ្វីសោះ តើអត្ថន័យរបស់ជីវិតនេះនៅត្រង់ណា ? មនុស្សយើងមិនអាចរីកចម្រើនចេញពីភាពងាយស្រួលនោះឡើយ ប៉ុន្តែគឺជាកាលៈទេសៈដ៏លំបាកវេទនាបំផុតដែលធ្វើទុក្ខបុកម្នេញអ្នក ទើបអ្នកចាប់ផ្ដើមស្គាល់ថាខ្លួនឯងខ្លាំងប៉ុណ្ណា គោលជំហររបស់អ្នកជាអ្វី អ្វីទៅគឺជាតម្លៃនៃជីវិតរបស់អ្នក។
មនុស្សម្នាក់ៗមើលឃើញរូបភាពផ្សេងគ្នាចំពោះរូបភាពតែមួយ ហើយរូបភាពដែលមនុស្សម្នាក់ៗមើលឃើញនឹងមានឥទ្ធិពលកំណត់ទៅលើជោគវាសនាជីវិតរបស់ពួកគេនាពេលក្រោយ ព្រោះអ្នកមិនត្រូវភ្លេចទេថា ការគិតរបស់អ្នកគឺជាអ្វីៗគ្រប់យ៉ាង បើអ្នកគិតយ៉ាងណា អ្នកនឹងក្លាយជាយ៉ាងនោះ។ មិនសំខាន់នៅត្រង់ថាតើការលំបាកអ្វីដែលអ្នកកំពុងតែជួបនោះទេ សំខាន់នៅត្រង់ថាតើអ្នកមានទស្សនបែបណាចំពោះការលំបាកមួយនេះ។
តើអ្នកយល់ឃើញដូចម្ដេចនៅពេល ថូម៉ាស់ អេឌីសាន់ អ្នកច្នៃប្រឌិតបង្កើតអំពូលភ្លើងរូបនេះ និយាយថា៖ «ខ្ញុំមិនដែលបរាជ័យនោះទេ ខ្ញុំគ្រាន់តែស្វែងរកឃើញវិធី១០,០០០យ៉ាងដែលប្រើការមិនបានប៉ុណ្ណោះ?» ភាពជោគជ័យមិនមែនជាដុងពីកំណើតឬជាប្រាជ្ញាឈ្លាសវៃពីកំណើត ដែលនាំឲ្យបុគ្គលម្នាក់ជោគជ័យនិងមិនធ្លាប់បរាជ័យម្ដងណានោះឡើយ។ ហេតុអ្វីមនុស្សតែងតែមើលឃើញភាពជោគជ័យនិងបរាជ័យជាគូសត្រូវនឹងគ្នា ? គ្មានមនុស្សជោគជ័យណាម្នាក់មិនធ្លាប់ឆ្លងកាត់ភាពបរាជ័យដែលនាំឲ្យពួកគេជោគជ័យបាននោះឡើយ។ នរណាក៏អាចជោគជ័យក្លាយជាមនុស្សដ៏អស្ចារ្យដែលខ្លួនតែងស្រមៃចង់បាននោះដែរ ឲ្យតែគេមានរបស់ពីរយ៉ាងនៅក្នុងខ្លួនដែលជា ការស្រឡាញ់ជក់ចិត្តនឹងអ្វីដែលខ្លួនកំពុងធ្វើ និងមានការតស៊ូអំណត់អត់ធន់មិនលែងដៃពីអ្វីដែលខ្លួនចង់សម្រេចឲ្យបាន។
ប៉ុន្តែត្រូវមានភាពឈ្លាសវៃក្នុងការដឹងថាពេលណាត្រូវបោះបង់ និងពេលណាត្រូវបន្តទៅមុខទៀត។ នៅពេលផែនការរបស់អ្នកប្រើការមិនបាន មិនមែនផ្លាស់ប្ដូរគោលដៅរបស់អ្នកចេញនោះទេ តែត្រូវផ្លាស់ប្ដូរផែនការ ឬយុទ្ធសាស្ត្រជាផ្លូវដែលអ្នកដើរដើម្បីសម្រេចឆ្ពោះទៅដល់គោលដៅនោះ៕
ដោយ៖ ស្រីពៅ