ការសរសើរជារឿងសំខាន់ តែការដែលដឹងថាត្រូវសរសើរបែបណា វាសំខាន់ជាងនេះទៅទៀត​



ពាក្យ​សរសើរ គឺជា​វិធី​ជំរុញ​ទឹកចិត្ត​ដ៏​ល្អ​បំផុត​មួយ ដែល​អ្នក​អាច​ប្រើប្រាស់​បាន​ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​នរណា​ម្នាក់​បន្ត​ធ្វើការ​របស់​ពួកគេ​ទៀត។ ប៉ុន្តែ ក្នុង​នាម​ជា​អ្នក​ដឹកនាំ មិន​ថា​ជា​ឪពុក​ម្ដាយ​របស់​កូន ជា​ថ្នាក់លើ​របស់​បុគ្គលិក ឬ​ជា​ក្មេង​ជំនាន់​ក្រោយ​របស់​អ្នក​ក៏​ដោយ ពាក្យ​សរសើរ​របស់​អ្នក​អាច​មាន​ឥទ្ធិពល​ទៅលើ​ពួកគេ​ជា​ខ្លាំង ទាំង​ឥទ្ធិពល​ល្អ​និង​អាក្រក់។ តើ​ការ​សរសើរ​បែប​ណា​ទើប​ជះ​ឥទ្ធិពល​ល្អ​ទៅលើ​ភាព​ជោគជ័យ​ក្នុង​រយៈពេល​វែង​បន្ត​ទៅ​មុខ​ទៀត​របស់​បុគ្គល​ណា​ម្នាក់​បាន ?

តើ​ភាព​ជោគជ័យ​មាន​អត្ថន័យ​ដូចម្ដេច​ចំពោះ​អ្នក ? ឬ​តើ​អ្នក​សម្លឹង​មើល​លើ​អ្វី នៅ​ពេល​អ្នក​សរសើរ​កិច្ចការ​របស់​នរណា​ម្នាក់ ? នៅ​ពេល​អ្នក​ឲ្យ​តម្លៃ​ទៅលើ​ភាព​ឈ្លាសវៃ​ឬ​ទេពកោសល្យ​ពី​ធម្មជាតិ​កំណើត​ដែល​នាំ​ឲ្យ​ពួកគេ​សម្រេច​បាន​នូវ​ភាព​ជោគជ័យ និង​ពេល​ដែល​អ្នក​ឲ្យ​តម្លៃ​ទៅលើ​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​ដែល​នាំ​ឲ្យ​ពួកគេ​ជោគជ័យ វា​គឺជា​រឿង​ពីរ​ដែល​ខុស​ពី​គ្នា​ដាច់​ស្រឡះ។ ពាក្យសម្ដី​ទាំងពីរ​នេះ ថ្វីត្បិតតែ​មាន​គោលដៅ​សរសើរ​លើក​ទឹកចិត្ត​ដូច​គ្នា​មែន ប៉ុន្តែ​ឥទ្ធិពល​ដែល​វា​មាន​ទៅលើ​បុគ្គល​ម្នាក់​នឹង​មិន​នាំ​មក​នូវ​លទ្ធផល​ដូច​គ្នា​ឡើយ។

ហេតុអ្វី​មនុស្ស​ចូលចិត្ត​និយាយ​ថា មក​ពី​ម្នាក់​នោះ​មាន​ដុង​ខាង​គណនា​លេខ ទើប​ធ្វើឲ្យ​ពួកគេ​ពូកែ​មុខវិជ្ជា​គណិតវិទ្យា ? ចុះ​ឯណា​ទៅ​ការ​ខិតខំ​ប្រឹងប្រែង​ដែល​ម្នាក់​នោះ​ចំណាយ​ពេល​ហ្វឹកហាត់​អស់​ជាច្រើន​ឆ្នាំ​កន្លង​មក​នោះ ? ពិត​ណាស់ ទេពកោសល្យ​របស់​បុគ្គល​ម្នាក់​មាន​ចំណែក​ពី​កំណើត​ធម្មជាតិ​របស់​ពួកគេ ឬ​គេ​ចំណាំ​ហៅថា​ដុង​នេះ ប៉ុន្តែ​សាក​គិត​ថា​បើ​សិន​ជា​អ្នក​ទទួល​បាន​កេរ្តិ៍មរតក​ពី​ឪពុក​ម្ដាយ​របស់​អ្នក ហើយ​បើ​អ្នក​មិន​មាន​គំនិត​យក​ធនធាន​ទាំងនោះ​ទៅ​ប្រឹងប្រែង​វិនិយោគ​បន្ត​ទៀត ដើម្បី​កើត​ជា​ទ្រព្យ​កាន់តែ​ច្រើន​នោះ​ទេ ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​អ្នក​នឹង​ហិនហោច​ឥត​ប្រយោជន៍​ជា​ពុំ​ខាន​ឡើយ។ នៅ​ពេល​ឪពុក​ម្ដាយ​សរសើរ​កូន​របស់​ពួកគេ ដោយ​លើកឡើង​ពី​ភាព​ឈ្លាសវៃ​ឬ​ដុង​ពី​កំណើត​ដែល​ពួកគេ​មាន នោះ​ឥទ្ធិពល​នេះ​នឹង​បណ្ដុះ​ការ​គិត​របស់​ក្មេង​ឲ្យ​មាន​ផ្នត់​គំនិត​អន់ថយ​នៅ​ពេល​ពួកគេ​លូតលាស់​ពេញវ័យ។ តើ​នឹង​មាន​អ្វី​ខ្លះ​កើតឡើង ? ពួកគេ​នឹង​ផ្ដេកផ្ដួល​ទៅលើ​ទេពកោសល្យ​ដែល​ធម្មជាតិ​បាន​ផ្ដល់​មក​នេះ ជាហេតុនាំ​ឲ្យ​ពួកគេ​មាន​ជំនឿ​ថា​ពួកគេ​ចេះ​ហើយ មិន​ចាំបាច់​ដុសខាត់​អភិវឌ្ឍ​ចំណេះដឹង​របស់​ខ្លួន​ត​ទៀត​នោះ​ឡើយ។

ប៉ុន្តែ ជីវិត​មនុស្ស​តែងតែ​មាន​ឡើង​និង​ចុះ។ ពួកគេ​មិន​អាច​ជោគជ័យ​បាន​រហូត​ក្នុង​ជីវិត ដោយ​ពុំ​មាន​ការ​ដួល​ខ្លះ​នោះ​ទេ លុះត្រាតែ​ពួកគេ​មិន​ធ្វើអ្វី​សោះ។ តើ​ការ​លើក​តម្កើង​ទេពកោសល្យ​ពី​ធម្មជាតិ​ឬ​ភាព​ឈ្លាសវៃ​ពី​ធម្មជាតិ​របស់​ពួកគេ នឹង​មាន​ផល​ប៉ះពាល់​ដូចម្ដេច ? អ្នក​មិន​បាន​លើក​តម្កើង​ពួកគេ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ដែល​ពួកគេ​មាន​ដើម្បី​សម្រេច​ភាព​ជោគជ័យ ប៉ុន្តែ​បែរ​ជា​សម្លឹង​មើល​លើ​លទ្ធផល​ដែល​ពួកគេ​ធ្វើ​បាន​ទៅវិញ។ ដូច្នេះ​ពេល​នេះ​លទ្ធផល​ពួកគេ​មិន​ល្អ​នោះ​ទេ បរាជ័យ​ហើយ ការ​សរសើរ​របស់​អ្នក​នឹង​បណ្ដុះ​ពួកគេ​ឲ្យ​ក្លាយ​ជា​មនុស្ស​ទន់ខ្សោយ​មួយ ហើយ​ពួកគេ​មិន​ដឹង​ថា​តើ​គួរ​រៀន​សូត្រ​ពី​ភាព​បរាជ័យ​របស់​ខ្លួន និង​កែប្រែ​ខ្លួនឯង​យ៉ាង​ដូចម្ដេច​នោះ​ទេ។ គឺ​មក​ពី​គេ​ផ្ដេកផ្ដួល​ទៅ​លើ​ធនធាន​ធម្មជាតិ​របស់​ខ្លួន​នេះ​ឯង។

ធ្លាប់​តែ​ផ្ដេកផ្ដួល​ទៅលើ​ភាព​ជោគជ័យ​ដែល​ទទួល​បាន​ពី​ទេពកោសល្យ​ពី​កំណើត តែ​នៅ​ពេល​ដែល​ជួប​បរាជ័យ​បែប​នេះ ភាព​បរាជ័យ​នេះ​នឹង​តាម​លង​បន្លាច​ពួកគេ​រហូត។ វា​ក៏​មិន​ខុស​ពី​កូន​ដំរី​តូច​មួយ ដែល​មិន​មាន​កម្លាំង​គ្រប់គ្រាន់​នឹង​កម្រើក​រើ​ចេញ​ពី​ខ្សែ​ដែល​មនុស្ស​ចង​ជើង​វា ហើយ​នៅ​តែ​គិត​ថា​ខ្លួនឯង​កម្រើក​មិន​រួច​ពី​ខ្សែ​ដ៏​តូច​មួយ​នេះ បើ​ទោះជា​ខ្លួន​វា​បាន​ធំធាត់​មាន​កម្លាំង​ពេញ​ខ្លួន​ហើយ​ក្ដី។ ពួកគេ​គិត​ថា​ជំនាញ​មិន​អាច​បណ្ដុះ​បាន ភាព​ឈ្លាសវៃ​មិន​អាច​បណ្ដុះ​បាន ធម្មជាតិ​ផ្ដល់​មក​បែប​ណា​គឺ​បែប​នោះ​ហើយ។ ប៉ុន្តែ នៅ​ពេល​អ្នក​មិន​ខ្វល់ខ្វាយ​ថា​តើ​លទ្ធផល​របស់​ពួកគេ​យ៉ាង​ណា តែ​ឲ្យ​តម្លៃ​ទៅលើ​ការ​ខិតខំ​របស់​ពួកគេ ហើយ​បើ​បរាជ័យ​សួរ​គេ​ថា​តើ​ពួកគេ​បាន​រៀន​អ្វីខ្លះ គួរ​កែប្រែ​អ្វី​ខ្លះ នោះ​ពួកគេ​នឹង​បណ្ដុះ​នូវ​ផ្នត់​គំនិត​រីកចម្រើន ដែល​មិន​ជាប់​គាំង​នៅ​មួយ​កន្លែង​និង​ជឿជាក់​លើ​ខ្លួនឯង​ថា​អ្វីៗ​ក៏​អាច​ទៅ​រួច​ដែរ ដរាប​ណា​ពួកគេ​ខិតខំ​ប្រឹងប្រែង។ 

X
5s