បើមិនធ្វើរឿងទាំងនេះនៅវ័យម្ភៃឆ្នាំទេ អ្នកនឹងស្ដាយក្រោយពេលចាស់ទៅ
ប្រសិនជាអ្នកសួរទៅមនុស្សចាស់តើពួកគេចង់ត្រលប់មកវ័យម្ភៃឆ្នាំម្ដងទៀតទេ ចម្លើយភាគច្រើនពិតជាថាចង់ព្រោះថាវ័យម្ភៃឆ្នាំនេះគឺជាពេលវេលាបន្សល់ទុកនូវអនុស្សាវរីយជាច្រើននិងមានន័យបំផុតក្នុងឆាកជីវិត។ ដូច្នេះហើយ អ្នកគួរតែប្រើប្រាស់ពេលវេលាដែលអ្នកស្ថិតនៅក្នុងវ័យម្ភៃឆ្នាំឲ្យបានល្អ។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរធ្វើប្រសិនមិនចង់ស្ដាយក្រោយពេលចាស់ទៅ៖
១) រក្សាតុល្យភាពរវាងគ្រួសារនិងការងារ៖ នៅវ័យម្ភៃឆ្នាំគឺជាពេលវេលាដែលអ្នកបញ្ចប់ការសិក្សាហើយចាប់ផ្ដើមប្រឡូកក្នុងវិស័យការងារឬប្រឡូកក្នុងសង្គមពិត ដូច្នេះហើយវាទាមទារឲ្យអ្នកចេះគ្រប់គ្រងពេលវេលាឲ្យបានល្អរវាងការងារនិងគ្រួសារព្រោះថាអ្នកមានទំនួលខុសត្រូវទាំងពីរ មិនអាចដោយសារតែការងារហើយភ្លេចគ្រួសារ ហើយក៏មិនអាចដោយសារតែគ្រួសារហើយប៉ះពាល់ដល់ការងារនោះទេ។
២) ដើរលេងឲ្យបានច្រើន៖ វ័យម្ភៃឆ្នាំគឺជាពេលវេលាល្អបំផុតក្នុងការដើរលេងព្រោះអ្នកក៏ធំដឹងក្តីអាចមើលថែខ្លួនឯងបាន។ ប៉ុន្តែ មនុស្សភាគច្រើនរវល់តែរឿងការងារនិងរកលុយខ្លាំងពេកដោយមិនលៃលកពេលវេលាសម្រាប់ដំណើរកម្សាន្ត។ តែដល់ពេលចាស់ទៅ សុខភាពក៏អន់ថយជាងមុននិងត្រូវមើលថែកូនជាដើម ដែលធ្វើឲ្យពិបាកទៅដើរលេង។ យល់ល្អ គួរដើរលេងឲ្យបានច្រើននៅវ័យម្ភៃឆ្នាំនេះបើទោះជាមានលុយតិចតួចក្ដី។
៣) សន្សំលុយ៖ មិនសូវមានមនុស្សជាច្រើនគិតគូររឿងសន្សំលុយនៅវ័យម្ភៃនោះទេ។ ប៉ុន្តែ ប្រសិនជាអ្នកមិនចាប់ផ្ដើមសន្សំលុយនោះទេ អ្នកនឹងខ្វះលុយនៅពេលដែលអ្នកចាស់ទៅ។ អ្នកមិនចាំបាច់សន្សំលុយច្រើននោះទេ ឲ្យតែអ្នកចាប់ផ្ដើមសន្សំកាន់តែឆាប់កាន់តែល្អបើទោះបីជាវាមានចំនួនតិច។ អ្នកនឹងអរគុណខ្លួនឯងនៅថ្ងៃក្រោយ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ bornrealist.com