ទើបចូលធ្វើការកន្លែងថ្មីមែនទេ? តើធ្វើយ៉ាងណាឲ្យគេឯងឆាប់ចូលចិត្តអ្នក?
តើអ្នកជាបុគ្គលិកថ្មី ទើបនឹងចូលធ្វើការមែនទេ? តើអ្នកចង់ក្លាយជាបុគ្គលិកដែលមនុស្សគ្រប់គ្នាចូលចិត្តដែរទេ? តើវាហាក់ដូចជាពិបាកណាស់ដើម្បីឲ្យគេចូលចិត្តអ្នកលឿនមែនទេ? ទាំងនេះគឺជាចំណុចខ្លះៗ សម្រាប់អនុវត្តឲ្យគេឯងចូលចិត្តអ្នក៖
១) ញញឹមហើយស្វាគមន៍បុគ្គលិកនានាពេលឃើញពួកគេ៖ អ្នកគួរតែផ្ដល់ស្នាមញញឹម ព្រមទាំងពាក្យអរុណសួស្ដីដល់ពួកគេពេលឃើញគេភ្លាម។ ជួនកាលពាក្យទាំងនោះ វាស្ដាប់ទៅសាមញ្ញមែន តែយូរៗទៅវាអាចបង្កើតបានជាភាពជិតស្និទ្ធបានផងដែររវាងក្រុមការងារនឹងអ្នក។
២) រកពេលខ្លះដើម្បីស្វែងយល់អ្នករួមការងារ៖ មិនថាយូរឬឆាប់ប៉ុណ្ណាទេ តើអ្នកបានដឹងអ្វីខ្លះហើយពីអ្នករួមការងារអ្នក? អ្នកចំណាយពេលវេលាយូរហើយធ្វើកិច្ចការច្រើនណាស់ជាមួយគ្នា តើវាមិនដល់ពេលដែលអ្នកគួរយល់ពីគ្នាទេមែនទេ? រាល់សប្ដាហ៍ អ្នកគួរចំណាយពេលខ្លះណាត់គ្នាដើរលេង ផឹកកាហ្វេខ្លះៗ ដើម្បីស្គាល់គ្នាឲ្យបានកាន់តែជិតស្និទ្ធជាងពីពេលមុនក៏កាន់តែល្អ។
៣) ចេះជួយគេឯងនៅកន្លែងធ្វើការ៖ កុំសួរថា តើក្រុមការងារអ្នកអាចធ្វើអ្វីខ្លះសម្រាប់អ្នក តែត្រូវប្ដូរមកសួរថា តើអ្នកអាចធ្វើអ្វីខ្លះសម្រាប់ពួកគេវិញ? កាលណាអ្នកចេះជួយគ្នាពេលពួកគេត្រូវការ ពួកគេនឹងមិនភ្លេចគុណអ្នកវិញឡើយ។ ហើយចំណងមិត្តភាពរវាងគ្នានឹងគា្នក៏កាន់តែល្អជាងពេលមុនដែរ។
៤) ចេះសរសើរគេសរសើរឯង៖ ទាំងគេទាំងយើង តែងត្រូវការពាក្យសរសើរ។ ហើយបើគេសរសើរអ្នក អ្នកនឹងមានអារម្មណ៍ល្អចំពោះគេ។ ដូចគ្នាដែរ បើអ្នកចេះសរសើរពីការខិតខំប្រឹងប្រែងលើការងាររបស់នរណាម្នាក់កាន់តែច្រើន គេនឹងកាន់តែចូលចិត្តអ្នកកាន់តែច្រើនវិញដែរព្រោះអី អ្នកជាមនុស្សដែលចេះមើលគេក្នុងផ្លូវល្អ ហើយគោរពភាពប្រឹងប្រែងរបស់គេឯង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ forbes