រឿងតែម្យ៉ាងគត់ដែលស្ត្រីត្រូវតែជម្នះឲ្យបានជាមុន មុននឹងចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង​



ចំណេះដឹង​គឺជា​កូនសោ​តែ​មួយ​គត់ ដែល​អាច​ដោះលែង​អ្នក​ឲ្យ​មាន​សេរីភាព​ចេញ​ពី​គុក​ឃុំឃាំង​បាន។ តើ​គុក​ឃុំឃាំង​នេះ​គឺជា​អ្វី ? ជា​គុក​ឃុំឃាំង​សម្រាប់​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អ្វី​ឬ ? មិនមែន​ជា​គុក​ប្រភេទ​នេះ​ទេ តែ​គឺជា​គុក​នៃ​ការ​គិត​របស់​ខ្លួនឯង​នេះ​ហើយ។

ក្នុង​ការ​ចាប់ផ្ដើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង តើ​ស្ត្រី​សុទ្ធតែ​អសមត្ថភាព​ជាង​បុរស​ទាំងអស់​ឬ ? តើ​ជំនឿ​បែប​នេះ​មាន​ឫសគល់​ចេញ​មក​ពី​ណា ? តើ​មនុស្ស​ឲ្យ​និយមន័យ​ទៅលើ​សមត្ថភាព​និង​ចំណេះដឹង​របស់​បុគ្គល​ម្នាក់​ដោយ​ផ្អែក​ទៅលើ​អ្វី ? តើ​ធម្មជាតិ​នៃ​ភេទ​របស់​មនុស្ស​កំណត់​ទៅលើ​ភាព​ជោគជ័យ​និង​បរាជ័យ​របស់​មនុស្ស​ឬ ?

តាំង​ពី​បុរាណកាល​មក ស្ត្រី​តែងតែ​ត្រូវ​បាន​គេ​ពាក់​ស្លាក​ជា​ភេទ​ដែល​ទន់ខ្សោយ និង​អសមត្ថភាព​ធ្វើ​កិច្ចការ​ធំដុំ​ដោយ​ឯកឯង និង​មាន​សិទ្ធិ​សម្រេច​លើ​កិច្ចការ​តូចតាច​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ។ ការ​គិត​របស់​អ្នក ដែល​អ្នក​ជឿជាក់​ថា​បែប​ណា គឺ​បែប​នោះ​ហើយ​នឹង​ប្រែ​ក្លាយ​មក​ជា​ការ​ពិត​របស់​អ្នក និង​កំណត់​ជោគវាសនា​របស់​អ្នក។ ខួរក្បាល​របស់​បុរស​និង​ស្ត្រី​មាន​ទម្ងន់​១.៣​គីឡូក្រាម​ដូច​តែ​គ្នា​ទេ វា​មិនមែន​ជា​បញ្ហា​របស់​ភេទ​នោះ​ឡើយ ដែល​កំណត់​ថា​មនុស្ស​ម្នាក់​មាន​ជោគជ័យ​ឬ​អត់ តែ​វា​គឺជា​សមត្ថភាព​និង​ចំណេះដឹង​ពិត​ប្រាកដ​របស់​មនុស្ស​នោះ ហើយ​ចំណេះដឹង​ទាំងនោះ​តើ​មិនមែន​កកើត​ចេញ​ពី​ខួរក្បាល​ដែល​មាន​ទម្ងន់​ប៉ុន​គ្នា​នេះ​ទេ​ឬ ? ការ​រើសអើង​ពី​សង្គម​មក​លើ​ស្ត្រី​ភេទ​ចំពោះ​សមត្ថភាព​របស់​គាត់ គឺជា​រឿង​ដែល​មិន​អាច​លុប​បំបាត់​ឲ្យ​អស់​ពី​សង្គម​នោះ​ឡើយ។

ដូច្នេះ ក្នុង​នាម​ជា​ស្ត្រី យើង​មិន​អាច​ផ្ដោត​ទៅលើ​អ្វី​ដែល​យើង​មិន​អាច​ផ្លាស់ប្ដូរ​បាន​នោះ​ទេ តែ​ត្រូវ​ងាក​មក​ផ្ដោត​ទៅលើ​អ្វី​ដែល​យើង​អាច​ផ្លាស់ប្ដូរ​បាន​ជា​មុន។ អ្វី​ដែល​យើង​អាច​ផ្លាស់ប្ដូរ​បាន នោះ​គឺ​យើង​ត្រូវ​ផ្ដោត​មក​លើ​ចំណេះដឹង​របស់​យើង ត្រូវ​ដុសខាត់​ចំណេះដឹង​ខាងក្នុង​របស់​យើង​ឲ្យ​មុត​ស្រួច។ ប៉ុន្តែ​មុន​នឹង​រឿង​នេះ​កើតឡើង​បាន លុះត្រាតែ​យើង​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង​ជា​មុន​សិន​ថា​យើង​អាច​ធ្វើ​បាន។ ហេតុអ្វី​ដុសខាត់​ចំណេះដឹង​របស់​ខ្លួនឯង​ជា​មុន​ជា​រឿង​សំខាន់ ?

លោកស្រី Coco Chanel ដែល​ជាCEO​របស់​ក្រុមហ៊ុន Chanel បាន​និយាយ​ថា៖ "ដើម្បី​ឲ្យ​គេ​មិន​អាច​យក​នរណា​មក​ជំនួស​អ្នក​បាន អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​លេចធ្លោ​ខុស​ពី​គេ​សិន"។ នៅ​ពេល​អ្នក​មាន​ចំណេះដឹង អ្នក​នឹង​ដឹង​ថា​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន​សក្ដានុពល​ខ្ពស់​ហួស​ពី​អ្វី​ដែល​ខ្លួនឯង​ធ្លាប់​គិត​ដល់ ជា​សក្ដានុពល​ដែល​អាច​ផ្លាស់ប្ដូរ​ជីវិត​ខ្លួនឯង​និង​សង្គម​ឲ្យ​ល្អ​ប្រសើរ។ នៅ​ពេល​អ្នក​មាន​ចំណេះដឹង អ្នក​នឹង​ដឹង​ថា​អ្នក​មិន​ត្រូវការ​ការ​ទទួល​ស្គាល់​ពី​មជ្ឈដ្ឋាន​សង្គម​មក​លើ​អ្វី​ដែល​ខ្លួនឯង​យល់​ថា​ត្រឹមត្រូវ​នោះ​ទេ អ្នក​គ្រាន់តែ​ចង់​បាន​ការ​ទទួល​ស្គាល់​ពី​ខ្លួនឯង​ប៉ុណ្ណោះ ដែល​ជា​ការ​មាន​ជំនឿ​ជឿជាក់​ទៅលើ​ខ្លួនឯង​នេះ​ហើយ។ ចំណេះដឹង​ទាំងនោះ​មាន​ទាំង​ការ​សិក្សា​ទៅលើ​ទីផ្សារ ចំណេះដឹង​ហិរញ្ញវត្ថុ ជាពិសេស​អ្នក​ក៏​ត្រូវ​មាន​ជំនាញ​ជាក់លាក់​របស់​ខ្លួន​ដែរ ដើម្បី​ដំណើរការណ៍​អាជីវកម្ម​រលូន​បាន។

ការ​ស្គាល់​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន​គឺជា​ចំណុច​ខ្លាំង​របស់​ខ្លួនឯង ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ស្គាល់​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ដែរ។ នៅ​ពេល​នោះ អ្នក​មិន​គួរ​អល់អែក​រក​នរណា​ដែល​អាច​ក្លាយ​ជា​ដៃគូ​សហការ​ដ៏​ល្អ​ជាមួយ​អ្នក​នោះ​ឡើយ។ បើ​ទោះ​ជា​ត្រូវ​ចំណាយ​ថវិកា​ច្រើន​បន្តិច​ដើម្បី​ជួល​គេ​មក ក៏​អ្នក​គួរ​តែ​ធ្វើ​ដែរ ឲ្យ​តែ​គេ​ជា​មនុស្ស​មាន​បទពិសោធន៍​ពិត​ប្រាកដ។ បើ​អ្នក​ជួល​មនុស្ស​មិន​សូវ​ចេះ​មក​ធ្វើការ ថ្វីត្បិតតែ​ចំណាយ​តិច​ជាង តែ​ក្នុង​រយៈពេល​វែង​មនុស្ស​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ខាតបង់​លើស​ដើម​ជា​មិនខាន។ ទោះបីជា​អ្នក​បាន​ក្លាយ​ជា​ម្ដាយ​គេ​ហើយ​ក៏​ដោយ ក៏​អ្នក​អាច​ចាប់​យក​ក្ដី​សុបិន​របស់​អ្នក​ជា​ម្ចាស់​អាជីវកម្ម​បាន​ដែរ។

នៅ​ក្នុង​សង្គម អ្នក​នឹង​ទទួល​បាន​នូវ​ដំបូន្មាន​ជាច្រើន​អនេក​អំពី​ការ​ចាប់ផ្ដើម​អាជីវកម្ម។ នៅ​ពេល​អ្នក​ស្ដាប់​ទៅ ដំបូន្មាន​ទាំងនោះ​សុទ្ធតែ​ល្អ​និង​សម​ហេតុផល​ទាំងអស់។ ម្នាក់​ណែនាំ​ឲ្យ​ចាប់​ចេញ​ពី​ជ្រុង​នេះ​ដើម្បី​ជោគជ័យ ម្នាក់​ទៀត​ណែនាំ​ឲ្យ​ចាប់​ចេញ​ពី​ជ្រុង​ផ្សេង​ទៀត​នោះ​អ្នក​នឹង​ជោគជ័យ​ក្នុង​អាជីវកម្ម។ ពិត​មែន​ហើយ ដំបូន្មាន​ទាំងនោះ​សុទ្ធតែ​ល្អ​ទាំងអស់ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ចាំ​ដែរ​ថា ស្ថានការណ៍​និង​បទពិសោធន៍​ផ្ទាល់ខ្លួន​គឺ​មិន​ដូច​គ្នា​នោះ​ទេ។

មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា​ចង់​រកស៊ី​អ្វី ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​មាន​តិចតួច​ណាស់​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​ថា ហេតុអ្វី​ទើប​ពួកគេ​ចង់​ធ្វើ​អាជីវកម្ម​មួយ​នេះ ដែល​មិនមែន​ជា​ហេតុផល​នៃ​លុយ​តែ​ម្យ៉ាង​នោះ​ឡើយ។ គឺ​ហេតុអ្វី​នេះ​ហើយ ដែល​ជា​គោលជំហរ​របស់​អ្នក ជា​ក្ដី​សង្ឃឹម​ដែល​លើក​ទឹកចិត្ត​ដល់​អ្នក​គ្រប់​ពេល​ដែល​អ្នក​ជួប​នឹង​ឧបសគ្គ។ ដូច្នេះ​ដំបូន្មាន​នីមួយៗ​ពី​អ្នក​ជំនាញ​ទាំងឡាយ​គួរ​តែ​យក​មក​ថ្លឹងថ្លែង​វិនិច្ឆ័យ​ល្អិតល្អន់​ក្នុង​ស្ថានការណ៍​ផ្ទាល់ខ្លួន​របស់​អ្នក​ជា​មុន​សិន សឹម​យក​វា​ទៅ​អនុវត្ត៕

ដោយ៖ ស្រីពៅ

X
5s