តើ​អក្សរ​កាត់ ភីអិលស៊ី (Plc.) ឬ ខូ​អិ​ល​ធី​ឌី (Co., Ltd.)មាន​អត្ថន័យ​ដូចម្តេច​?​



​ប្រសិនបើ​លោកអ្នក​ធ្វើការ​ចាប់អារម្មណ៍​ទៅលើ​ឈ្មោះ​ក្រុមហ៊ុន​នានា​នៅលើ​ដងផ្លូវ នោះ​លោក​អ្នកនឹង ឃើញ​មានការ​សរសេរ​ជា​អក្សរ​កាត់​នូវ​ពាក្យ​ថា ភីអិលស៊ី (Plc.) ឬ ខូ​អិ​ល​ធី​ឌី (Co., Ltd.) នា​ផ្នែក​ខាងចុង​នៃ នា​មករ​ណ៍រ​បស់​ក្រុមហ៊ុន​នីមួយៗ ហើយ​មាន​ក្រុមហ៊ុន​ខ្លះទៀត​សរសេរ​នូវ​អក្សរ​កាត់​ផ្សេងៗ​ដូចជា ក​.​អ លីមីត​ធី​ត ឯ​.​ក ឬ ចំកាត់ ជាដើម​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់​នូវ​អត្ថន័យ​នៃ​អក្សរ​កាត់​ទាំងនោះ ដែល​វា គឺជា​មូលដ្ឋាន​ក្នុងការ​កំណត់​អំពី​ទម្រង់ ឬក៏​ប្រភេទ​នៃ​ក្រុមហ៊ុន​ទាំងនោះ។

 

ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា បាន​បែងចែក​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ដើម្បី​ប្រកប ពាណិជ្ជកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ជា​ពីរ​ទម្រង់​ធំៗ គឺ​ក្រុមហ៊ុនសហកម្មសិទ្ធិ និង ក្រុមហ៊ុន​មូលធន​។ ជាក់ស្តែង នៅក្នុង​ប្រទេស​កម្ពុជា​យើង ទម្រង់​នៃ​ក្រុមហ៊ុន​មូលធន​គឺជា​ទម្រង់​ដ៏​ពេញនិយម​មួយ​ដែល​ពាណិជ្ជ​ករទាំង​ខ្មែរ និង បរទេស​និយម​ប្រើប្រាស់​ដើម្បី​ធ្វើ​អាជីវកម្ម​។ ក្រុមហ៊ុន​មូលធន​បែង​ចែកចេញជា​ពីរ​ប្រ​ភ​ទ​គឺ ក្រុមហ៊ុន​ឯកជន​ទទួល ខុស​ត្រូវមាន​កម្រិត និង ក្រុមហ៊ុន​មហាជន​ទទួលខុស​ត្រូវមាន​កម្រិត​។ ​ ​

ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម កំណត់ថា​នា​មករ​ណ៍រ​បស់​ក្រុមហ៊ុន​ឯកជន​ទទួលខុស​ត្រូវមាន​កម្រិត ត្រូវដាក់​នូវ​ពាក្យ​ថា “​ក្រុមហ៊ុន​ឯកជន​ទទួលខុស​ត្រូវមាន​កម្រិត​” ឬ​សរសេរ​ជា​អក្សរ​កាត់​នៅ​ខាងចុង ឬ​នៅ​ខាង ក្រោម​នៃ​នា​មក​រណ៍​នោះ​។ ដូចគ្នា​ផងដែរ ច្បាប់​ដដែល​នេះ​ក៏​ចែង​ផងដែរ​ថា នា​មករ​ណ៍រ​បស់​ក្រុមហ៊ុន​មហាជន ទទួលខុស​ត្រូវមាន​ក​ម្រិ​ត​ត្រូវដាក់​នូវ​ពាក្យ “​ក្រុមហ៊ុន​មហាជន​ទទួលខុស​ត្រូវមាន​កម្រិត​” ឬ​សរសេរ​ជា​អក្សរ​កាត់ ដាក់​ខាងចុង ឬ​ខាងក្រោម​នៃ​នា​មក​រណ៍​នោះ​។ នេះ​គឺជា​មូលដ្ឋាន​ច្បាប់​ដែល​តម្រូវឱ្យ​ក្រុមហ៊ុន​នីមួយៗ បញ្ជាក់​អំពី ប្រភេទ ឬ​ទម្រង់​នៃ​ក្រុមហ៊ុន​របស់ខ្លួន​ដោយ​អាច​សរសេរ​ជា​អក្សរ​ពេញ ឬ​អក្សរ​កាត់​បាន​។ ​ ​ជាការ​ពិតណាស់ នៅក្នុង​ការអនុវត្ត​ជាក់ស្តែង ក្រុមហ៊ុន​ភាគច្រើន​តែង​តែ​សរសេរ​នូវ​អក្សរ​កាត់​នៅ​ខាងចុង នៃ​នា​មក​រណ៍​ក្រុមហ៊ុន​របស់ខ្លួន ដោយហេតុថា​ការធ្វើ​បែបនេះ ពួកគេ​អាច​នៅសល់​ទី​ទំនេរ​សម្រាប់​សរសេរ​អ្វី​បន្ថែម ទៀត​បាន​។ ពាក្យ​ថា “​ខូ​អិ​ល​ធី​ឌី ឬ Co., Ltd.” គឺជា​អក្សរ​កាត់​ពី​ពាក្យ “​ក្រុមហ៊ុន​ឯកជន​ទទួលខុស​ត្រូវមាន​កម្រិត ឬ Private Limited Company”​។

ពាក់ព័ន្ធ​នឹង​ទម្រង់​នេះ​ផងដែរ មាន​ក្រុមហ៊ុន​ខ្លះ​សរសេរ​អក្សរ​កាត់​ថា ឯ​.​ក ឬ លីមីត ធី​ត ឬ ចំកាត់ (Limited) ជាដើម ដែល​អក្សរ​កាត់​ទាំងនេះ​គឺ​មានន័យ​ដូចគ្នា​ទៅនឹង​ពាក្យ​ថា “​ខូ​អិ​ល​ធី​ឌី ឬ Co., Ltd.” ផងដែរ​។ ឧទាហរណ៍ ក្រុមហ៊ុន HRINC (Cambodia) Co., Ltd ក្រុមហ៊ុន Unilever (Cambodia) Limited ជាអាទិ៍​។ ​ដោយឡែក ពាក្យ​ថា “​ភីអិលស៊ី (Plc.) ឬ ក​.​អ​” គឺជា​អក្សរ​កាត់​នៃ​ពាក្យ “​ក្រុមហ៊ុន​មហាជន​ទទួលខុស ត្រូវមាន​កម្រិត ឬ Public Limited Company” ដែល​ទម្រង់​នៃ​ក្រុមហ៊ុន​នេះ​ត្រូវបាន​ប្រើប្រាស់​ជាទូទៅ​ចំពោះ ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ធនាគារ ធានា​រ៉ាប់ ឬ ប្រតិបត្តិការ​ឥណទាន​ជាអាទិ៍​។ ជា​ឧទាហរណ៍ យើង អាច​សង្កេតឃើញថា ផ្នែក​ខាងចុង​នៃ​នា​មក​រណ៍​របស់​ធនាគា​រ និង គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ភាគច្រើន​នៅ​កម្ពុជា បាន​សរសេរ​នូវ​អក្សរ​កាត់ “​ភីអិលស៊ី (Plc.) ឬ ក​.​អ​”​។ គ្រឹះស្ថាន​ទាំងនោះ​មាន​ជាអាទិ៍ ធនាគារ​អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.) ធនាគារ កាណាឌីយ៉ា ក​.​អ (Canadia Bank Plc.) គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី (Ly Hour Microfinance Institution Plc.)៕

​ដោយ​៖ ប៉ុ​ម ទូច​ ​

X
5s