តើធ្វើបែបណាទើបអាចយកឈ្នះភាពអៀនខ្មាសរបស់ខ្លួនឯងបាន ?
មនុស្សម្នាក់ៗមិនដូចគ្នានោះទេ មានអ្នកខ្លះចូលចិត្តភាពអ៊ូអរនិងការរាប់អានមនុស្សថ្មីៗ ឯអ្នកខ្លះវិញចូលចិត្តភាពស្ងប់ស្ងៀមតែម្នាក់ឯង។ ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀតដែលចូលចិត្តរាប់អានមនុស្សច្រើនក្នុងសង្គមដែរ ប៉ុន្តែបញ្ហាចម្បងដែលនាំឲ្យពួកគេមិនអាចបង្កើតទំនាក់ទំនងជាមួយអ្នកដទៃបាន នោះគឺជាភាពអៀនប្រៀនរបស់ពួកគេ។
បើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រភេទនេះ តើអ្វីទៅគឺជាដំណោះស្រាយរបស់អ្នកនៅពេលស្ថិតនៅក្នុងស្ថានភាពអ៊ូអរម្ដងៗ ?
តាមពិតទៅ បើអ្នកសង្កេតមកលើខ្លួនឯង រាល់ពេលដែលអ្នកអៀនមិនហ៊ាននិយាយស្ដីជាមួយអ្នកដទៃ អ្នកនឹងកត់សម្គាល់ឃើញថាបញ្ហានេះគឺកើតឡើងចេញពីសន្ទនានៅខាងក្នុងការគិតរបស់អ្នក ដែលមានទំនាស់មិនត្រូវរ៉ូវគ្នាប៉ុណ្ណោះ។ ភាពអៀនប្រៀនរបស់អ្នកអាចស្ដែងចេញមកពីការគិតរបស់អ្នកដែលព្យាយាមចៀសវាងពីការប្រព្រឹត្តកំហុសឆ្គង គឺនៅពេលដែលទទួលរងការបដិសេធនិងការមិនទទួលស្គាល់ពីមនុស្សជុំវិញខ្លួនមកលើធាតុពិតរបស់អ្នក។
ជាលទ្ធផលអ្នកក៏ព្យាយាមកប់ចោលនូវអ្វីដែលជាធាតុពិតដែលខ្លួនឯងចង់បញ្ចេញ ហើយបែរជាព្យាយាមក្លាយជាតួសម្ដែងថ្មីដើម្បីទទួលបានការទទួលស្គាល់ពីអ្នកទាំងនោះ។ ក្នុងរយៈពេលវែង អ្នកប្រាកដជាហត់នឿយនឹងលាក់ពុតនូវអ្វីដែលមិនមែនជាធាតុពិតរបស់ខ្លួន ហើយអ្នកក៏ចាប់ផ្ដើមផ្ដាច់ខ្លួនឯងចេញពីរង្វង់មនុស្សក្នុងសង្គម។ នៅពេលភាពឯកាកើតឡើង អ្នកនឹងចាប់ផ្ដើមបណ្ដុះនូវការគិតអវិជ្ជមាន ហើយបើអ្នកកាន់តែបង្ខំខ្លួនឯងឲ្យស្ថិតក្នុងស្ថានភាពអ៊ូអរប៉ុណ្ណា អ្នកនឹងកាន់តែស្អប់ភាពអ៊ូអរនិងការបង្កើតទំនាក់ទំនងកាន់តែខ្លាំង ដែលវានឹងបង្កជាអារម្មណ៍ច្រាស់ច្រាល់និងរងសម្ពាធកាន់តែខ្លាំងដូចគ្នាដែរ។
បើអ្នកមានបញ្ហាបែបនេះ អ្នកគួរតែចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយមនុស្សណាដែលគេមានចំណង់ចំណូលចិត្តដូចអ្នក ដែលអាចឲ្យអ្នកមានអារម្មណ៍កក់ក្ដៅនិងស្និទ្ធស្នាលជាមួយគេ និងអាចបង្ហាញពីធាតុពិតនិងអ្វីដែលអ្នកបានលាក់ទុកនៅក្នុងចិត្ត។ អ្វីដែលមនុស្សគ្រប់គ្នាចង់បានបំផុតគ្រាន់តែជាការយល់ចិត្តនិងសេចក្ដីស្រឡាញ់ប៉ុណ្ណោះ។ នៅពេលអ្នកមានអារម្មណ៍ថាទទួលបានការទទួលស្គាល់ពីធាតុពិតរបស់ខ្លួនពីអ្នកដែលមានចំណង់ចំណូលចិត្តដូចអ្នកហើយ ពេលវេលាកន្លងទៅបន្តិចម្ដងៗ អ្នកនឹងរកឃើញថាអ្នកអាចបង្កើតទំនាក់ទំនងជាមួយអ្នកដទៃបានប្រសើរជាងមុនមិនខាន៕
ដោយ៖ ស្រីពៅ