ហេតុផល​៣​យ៉ាង​ដែល​ការ​បរាជ័យ​ជួយ​អ្នក​​ទៅ​ជា​ភាព​ជោគជ័យ​



ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន​នោះ​ទេ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​នូវ​ភាព​បរាជ័យ​ក្នុង​ជីវិត​ ​ហើយ​ពេល​ខ្លះ​ទៀត​វា​ក៏​ឈឺចាប់​​និង​បន្សល់​ទុក​នូវ​ស្នាម​របួស​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ ការ​បរាជ័យ​មិន​មែន​ជា​ទី​បញ្ចប់​​ឡើយ។ ការ​បរាជ័យ​អាច​ជា​ដំណើរ​ថ្មី​មួយ​ដែល​ជួយ​អ្នក​ទៅ​រក​ភាព​ជោគជ័យ​បាន​ប្រសិន​ជា​អ្នក​ចេះ​ប្រើ​ប្រាស់​វា​ឲ្យ​បាន​ល្អ។ ខាង​ក្រោម​នេះ​ជា​​ហេតុផល​៣​យ៉ាង​​​ដែល​ជួយ​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​បាន​តាម​រយៈ​ការ​បរាជ័យ​នេះ៖

១) កត់​ត្រា​នូវ​មូល​ហេតុ​ហេតុអ្វី​បាន​ជា​អ្នក​បរាជ័យ៖ នរណា​ម្នាក់​ក៏​មាន​ក្តី​សុបិន​ឬ​មហិច្ឆតា​ដែល​ពួក​គេ​ចង់​សម្រេច​ផង​ដែរ។ ប៉ុន្តែ រាល់​ពេល​ដែល​អ្នក​បរាជ័យ អ្នក​ត្រូវ​សិក្សា​រក​មូលហេតុ​ឲ្យ​ឃើញ​តើ​អ្វី​ទៅ​ដែល​បណ្ដាល​ឲ្យ​​បរាជ័យ។ ចំណាយ​ពេល​សម្រាប់​សិក្សា​និង​គិត​បន្តិច​ទៅ។ ការ​សិក្សា​ពី​មូល​ហេតុ​មិន​ត្រឹម​តែ​ជួយ​អ្នក​មិន​ឲ្យ​ប្រព្រឹត្ត​នូវ​កំហុស​នេះ​ម្តង​ទៀតទេ ​ថែម​ទាំង​​អាច​ជួយ​អ្នក​​ទៅ​រក​ផ្លូវ​ជោគជ័យ​ទៀត​ផង។ ​​

២) ​រៀន​ពី​កំហុស៖ ​មនុស្ស​ជា​ច្រើន​ក្រោយ​ពេល​ធ្វើ​ខុស ចូល​ចិត្ត​ទម្លាក់​កំហុស​ទៅ​អ្នក​ដទៃ។ នេះ​មិន​មែន​ជា​ទង្វើ​ដ៏​ត្រឹម​ត្រូវ​មួយ​ទេ។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​​ទទួល​ស្គាល់​នូវ​កំហុស កត់ត្រា​នូវ​មូល​ហេតុ​​ដែល​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​​និង​ចុង​ក្រោយ​គឺ​សិក្សា​ពី​កំហុស​ទាំង​នោះ។​​​ ការ​ទទួល​ស្គាល់​កំហុស​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ ​ព្រោះ​វា​បាន​ផ្ដល់​នូវ​មេរៀន​ដ៏​មាន​តម្លៃ​​​​​និង​ជួយ​អ្នក​ឲ្យ​​​ធ្វើ​បាន​ល្អ​លើក​ក្រោយ​។

៣) ​កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ៖ ពិត​ប្រាកដ​ណាស់ ការ​បរាជ័យ​អាច​ធ្វើ​ឲ្យ​មនុស្ស​​ឈឺចាប់​ កុំ​ចង់​សាកល្បង​ម្ដងទៀត​ឬ​​ចង់​បោះ​បង់​ចោល​ជា​ដើម។ ប៉ុន្តែ វា​ជា​ច្បាប់​ធម្មជាតិ​តែ​ប៉ុណ្ណោះ។ មនុស្ស​គ្រប់​រូប​តែង​មាន​អារម្មណ៍​មិន​ល្អ​ពេល​​ជួប​រឿង​បរាជ័យ។ ប៉ុន្តែ ចូរ​ចង​ចាំ​ថា​​ការ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​គឺ​ជា​កម្លាំង​ដ៏​ខ្លាំង​ក្លា​ជា​ទី​បំផុត​ ដែល​ជួយ​អ្នក​ចេញ​ពី​ភាព​​បរាជ័យ​ហើយ​​​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​បាន។ ត្រូវ​រំលឹក​ខ្លួន​ឯង​ថា​ភាព​បរាជ័យ​គឺ​ជា​ឱកាស​មួយ​សម្រាប់​អ្នក​រៀន​សូត្រ​និង​រីកចម្រើន​ជាង​មុន​ គ្មាន​អ្វី​ត្រូវ​​បាក់​ទឹក​ចិត្ត​នោះ​ទេ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ addicted2success.com

X
5s