ហេតុផល៤យ៉ាងដែលអ្នកជំនួញគួរលៃលកពេលវេលាសម្រាប់ដើរលេងកម្សាន្ត
អ្នកប្រហែលធ្លាប់ឭសុភាសិតមួយពោលថា«ធ្វើការទាន់ខ្លួននៅក្មេង» ពោលគឺយើងម្នាក់ៗគួរណាតែខិតខំប្រឹងប្រែងធ្វើការ រកលុយដើម្បីជីវភាពល្អឬដើរលេងពេលចាស់ទៅ។ វាពិតជាត្រឹមត្រូវណាស់ថាយើងគួរតែធ្វើការនិងសន្សំលុយពេលយើងនៅក្មេង។ ប៉ុន្តែ មានមនុស្សជាច្រើនមិនដែលមានពេលវេលាឡើយព្រោះរវល់តែធ្វើការ។ កុំរង់ចាំដល់អ្នកមានលុយច្រើនទើបដើរលេង។ ខាងក្រោមនេះនឹងបង្ហាញពីអត្ថប្រយោជន៍ដែលអ្នកគួរលៃលកពេលវេលាសម្រាប់ដើរលេង៖
១) ដំណើរកម្សាន្តជាកម្លាំងចិត្ត៖ ក្នុងមុខរបររកស៊ីឬធ្វើការពិតជាលំបាកខ្លាំងណាស់។ អ្នករវល់ធ្វើនេះរវល់ធ្វើនោះ ដោះស្រាយបញ្ហានេះដោះស្រាយបញ្ហានោះ ធ្វើការគ្មានសៅរ៍គ្មានអាទិត្យ សឹងតែគ្មានពេលវេលាសម្រាប់ជីវិតផ្ទាល់ខ្លួន។ ប៉ុន្តែ ប្រសិនជាអ្នករៀបចំដំណើរកម្សាន្តមួយសម្រាប់ខ្លួនឯងនាពេលឆាប់ៗនេះ អ្នកនឹងមានអារម្មណ៍ល្អក្នុងការធ្វើការនិងមានថាមពលប្រឹងប្រែងបញ្ចប់ការងារដើម្បីរីករាយនឹងដំណើរកម្សាន្ត។
២) មានតុល្យភាពរវាងការងារនិងជីវិត៖ ប្រសិនជាអ្នករៀបចំដំណើរកម្សាន្តជាមួយក្រុមគ្រួសារ ពួកគាត់មិនត្រឹមតែអាចមានពេលវេលារីករាយជាមួយនឹងអ្នក ថែមទាំងអត់ខឹងនឹងអ្នកទៀតប្រសិនជាអ្នកត្រូវធ្វើការថែមម៉ោងឬធ្វើការដល់យប់ជ្រៅជាដើម។
៣) មានគំនិតល្អ៖ ពេលដែលអ្នកដើរលេង អ្នកនឹងមានអារម្មណ៍ល្អ អ្នកក៏អាចបញ្ចេញនូវរឿងដែលស្មុគស្មាញចេញមកក្រៅ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចមានគំនិតល្អឬថ្មីៗទៀត ពេលដែលអ្នកទៅមើលពិភពលោកខាងក្រៅ។ ការទទួលបានគំនិតទាំងនោះក៏អាចជួយដល់ជីវិតអ្នកឬការងាររបស់អ្នកផងដែរ។
៤) បញ្ចប់ការងារ៖ តើអ្នកធ្លាប់បញ្ចប់ការងារមុនពេលកំណត់ដែរឬទេ? បើទោះបីជាអ្នកមានការងារច្រើនយ៉ាងណាក៏ដោយ អ្នកនឹងមានកម្លាំងចិត្តក្នុងការធ្វើការនិងបញ្ចប់កិច្ចការមុនពេលកំណត់ដើម្បីរីករាយនឹងដំណើរកម្សាន្តរបស់អ្នក។ នេះហើយជាឥទ្ធិពលនៃដំណើរកម្សាន្ត៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ addicted2success.com