​តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​​​ ​​មរកត​ថេកណូឡូជី​ ឈ្នះ​ពាន​បាន​ទាំង​ក្នុង​​ស្រុក​ និង​ពាន​លំដាប់​ពិភពលោក?​​​



លោក​ ឃួន​ សុភ័ទ្ធ ​​​សហ​ស្ថាបនិក​ និង​​អគ្គនាយក​ក្រុមហ៊ុន​ផលិត​​កម្មវិធី​កុំព្យូទ័រ​ (software)​ សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​មរកត​ថេកណូឡូជី (Morakot Technology) ​បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​សហគ្រិន​វ័យ​ឆ្លាត​ខាង​បច្ចេកវិទ្យា ​ឆ្នាំ​២០១៧​ ខណៈ​កាល​ពី​ខែ​មីនា​ ដើម​ឆ្នាំ​កន្លង​ទៅ​ មរកត​ថេកណូឡូជី​ របស់​លោក​ ថែម​ទាំង​ឈ្នះ​ពាន​លំដាប់​ពិភពលោក​មួយ​ទៀត​​ពី​កម្មវិធី FinTech StartUp BootCamp Accelerator Program នៅ​សិង្ហ​បុរី។

តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​ ក្រុមហ៊ុន​​​ ​​មរកត​ថេកណូឡូជី​ ​ទទួល​បាន​ពាន​រង្វាន់​ឆ្នើម​ទាំង​ក្នុង​ស្រុក​​ និង​​លំដាប់​ពិភពលោក?​ ខាង​​ក្រោម​នេះ​ ជា​​បទ​សម្ភាសន៍​ពិសេស​ជា​មួយ​ ​លោក​​​ ឃួន​ សុភ័ទ្ធ ​​​សហ​ស្ថាបនិក​ និង​​អគ្គនាយក​ក្រុមហ៊ុន​ផលិត​​កម្មវិធី​កុំព្យូទ័រ​ (software)​ សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​មរកត​ថេកណូឡូជី (Morakot Technology)៖​ ​ ​​លក្ខណៈ​ពិសេស​ដែល​ជា​ឧត្ដមភាព​ប្រកួត​ប្រជែង​របស់​​មរកត​ថេកណូឡូជី (Morakot Technology)

១) ​​បង្កើត​កម្មវិធី​ត្រូវ​តាម​តម្រូវ​ការ​ MFI៖ លោក​ ឃួន​ សុភ័ទ្ធ​ ​និង​ដៃ​គូ​បាន​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​ក្នុង​គោលដៅ​​​បង្កើត​កម្មវិធី​កុំព្យូទ័រ (software) ​ដើម្បី​ដោះស្រាយ​បញ្ហា​​​ផ្ដោត​សំខាន់​​ទៅ​លើ​​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ឬ​ប្រតិបត្តិករ​ហិរញ្ញវត្ថុ​​​​តែ​ម្ដង។ ​លោក​ពន្យល់​ថា​ ​គូ​ប្រកួត​របស់​លោក​ក៏​​នាំ​ចូល​កម្មវិធី​ពី​ស្រុក​ក្រៅ​មក​ដែរ​ ប៉ុន្តែ​អ្វី​ដែល​ពិបាក​នោះ​គឺ​ថា​ កម្មវិធី​​ដែល​ក្រុមហ៊ុន​​ប្រកួត​ប្រជែង​របស់​លោក​បង្កើត​ឡើង​​ ​​សម្រាប់​ធនាគារ​ធំ​ៗ​ដូច​ជា ​ធនាគារ​ពាណិជ្ជ​ ដែល​​​ software និង​ system ​ទាំង​​អស់​នោះ​ ​​អត់​​​ត្រូវ​ជា​មួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ពោល​គឺ​ត្រូវ​ការ​កែកុន​ច្រើន​ ​មាន​លក្ខណៈ​សាំញ៉ាំ​ ​និង​​​មាន​តម្លៃ​ថ្លៃ​ថែម​ទៀត​ផង។

២) ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ៖ ​សហ​ស្ថាបនិក​ មរកត​ថេកណូឡូជី​ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា​ ​បច្ចេកវិទ្យា​ដែល​លោក​យក​មក​ប្រើ​គឺ​​សុទ្ធ​តែ​​ថ្មី​ ពោល​គឺ​​សុទ្ធ​តែ​​ជា​​បច្ចេកវិទ្យា​ដែល​​ក្រុមហ៊ុន​ធំ​ៗ​ក្នុង​លោក​មាន​ Google និង​ Facebook បាន​និង​កំពុង​ប្រើ​ប្រាស់​វា​ អីចឹង​ហើយ​ទើប​ផលិតផល​ដែល​លោក​បង្កើត​ឡើង​មក​​ ​មាន​លក្ខណៈ​ទំនើប​ និង​អាច​ប្រកួត​ប្រជែង​បាន​ជា​មួយ​នឹង​កម្មវិធី​នាំ​ចូល​មក​ពី​​ក្រៅ​ប្រទេស។​​​​​​​​ ​​​​​

៣) ​ផ្ដល់​នូវ​របៀប​ប្រើ​ប្រាស់​​ដ៏​ងាយ​ស្រួល៖ ​លោក​ ឃួន​ សុភ័ទ្ធ​ ​​បាន​​លើក​ឡើង​ថា​ លក្ខណៈ​ពិសេស​​មួយ​ទៀត​នោះ​​ គឺ​ខាង​លោក​ប្រកួត​ប្រជែង​​​​តាម​រយៈ​ការ​ផ្ដល់​នូវ​​របៀប​​ការ​ប្រើ​ប្រាស់​ដ៏​សម្បូរ​បែប​និង​ សន្សំសំចៃ​ថវិកា​។ មាន​ន័យ​ថា​ ​លោក​ផ្ដល់​នូវ​ការ​​ប្រើ​ប្រាស់​ងាយ​ស្រួល​ ហើយ​អតិថិជន​មិន​ចាំ​បាច់​មាន​ server ​​ដោយ​ខ្លួន​ឯង​នោះ​ទេ​ ដូច្នេះ​​អតិថិជន​គ្រាន់​តែ​មាន​អ៊ិនធឺណិត​ និង​​កុំព្យូទ័រ​​​ប្រើ​ប្រាស់​បាន​​ហើយ​ ​ចំណែក​ទិន្នន័យ​​​របស់​អតិថិជន​គឺ​អាច​​​ដាក់​ store នៅ​ក្នុង​​ cloud របស់​លោក​ទាំង​អស់​បាន។

៤) បន្ថែម​លក្ខណៈ​ពិសេស​ស្រប​តាម​ការ​ចង់​បាន​របស់​អតិថិជន៖ ​បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​​ Software ​និង​ System របស់​លោក​បាន​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្ដែង​តែ​ម្ដង​ព្រោះ​ថា​​ វា​បាន​​ផ្សារភ្ជាប់​រួច​ជា​ស្រេច​ទៅ​នឹង​ ប្រព័ន្ធ​ការិយាល័យ​ឥណទាន​​ CBC (Credit Bureau Cambodia) និង​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​​ System គូ​ប្រកួត​របស់​លោក​អត់​មាន​ផ្ដល់​ជូន​អតិថិជន​របស់​គេ​នោះ​ទេ។

៥) ​ការ​ដំឡើង​​ចំណាយ​ពេល​ខ្លី៖ software ​និង​ system ​​ដែល​​ផលិត​ និង​បង្កើត​ដោយ​​​ក្រុមហ៊ុន​របស់​លោក​ គឺ​ចំណាយ​ពេល​ខ្លី​ ពោល​គឺ​ ​ចំណាយ​ពេល​ត្រឹម​តែ​ ៣​សប្ដាហ៍​ប៉ុណ្ណោះ​ ​ ​អាច​ដំឡើង​រួច​រាល់​ និង​​អាច​ឱ្យ​អតិថិជន​​ប្រើ​ប្រាស់​បាន​​ ​​ខណៈ​ដែល​ដៃគូ​ប្រកួត​របស់​លោក​​អាច​ចំណាយ​ពេល​ពី​​​​បី​​ទៅ​បួន​ខែ​ឬ​រហូត​ដល់​មួយ​ឆ្នាំ​ក៏​មាន។

៦) ​​តម្លៃ​មាន​លក្ខណៈ​បត់​បែន​ទៅ​តាម​ប្រភេទ​អតិថិជន៖ ដោយ​ឡែក​​ បើ​និយាយ​តម្លៃ​វិញ​គឺ​មាន​មាន​​លក្ខណៈ​ប្រកួត​ប្រជែង​ និង​អំណោយ​ផល​ច្រើន​មែន​ទែន​សម្រាប់​អតិថិជន​​ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​ទទួល​យក​បាន​ ពោល​គឺ​អាច​​ទទួល​យក​បាន​ទាំង​តូច​ និង​ធំ។ ​​គ្រឹះស្ថាន​ MFI ​ដែល​មាន​អតិថិជន​ច្រើន​គាត់​អាច​បង់​ច្រើន​ ហើយ​អ្នក​ដែល​មាន​អតិថិជន​តិច​គាត់​មិន​អាច​ទិញ​ license ជា​កញ្ចប់​ គឺ​អាច​បង់​ជា​ខែ​បាន។ ​ សូម​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​ ​​ ​មរកត​ថេកណូឡូជី (Morakot Technology)​ ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ​នៅ​​ខែ​មករា​ ឆ្នាំ​២០១៥ ​ហើយ​ចាប់​ផ្ដើម​ដំណើរការ​លក់​នៅ​ខែ​សីហា ឆ្នាំ​២០១៥។ ​មក​ដល់​ពេល​នេះ​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​មរកត​ថេកណូឡូជី (Morakot Technology)​ មាន​អតិថិជន​​ជាង​​ ២៥​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ ​ លោក​បាន​លើក​ឡើង​ថា​ ​ឱកាស​ទីផ្សារ​មាន​ទំ​ហំ​ធំ​ សម្រាប់​វិស័យ​នេះ​នៅ​​ប្រទេស​កម្ពុជា។ ​​​​​​​លោក​ ឃួន​ សុភ័ទ្ធ ​បាន​ថ្លែង​ប្រាប់​ BizKhmer ​ថា​ ​សព្វ​ថ្ងៃ​ប្រទេស​កម្ពុជា​មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជាង​ ៧០​ស្ថាប័ន​ ​និង​ប្រតិបត្តិករ​​ឥណទាន​ជាង​ ៣០០​ ហើយ​ភាគ​ច្រើន​គ្រឹះស្ថាន​ទាំង​អស់​​នេះ​គ្មាន​លទ្ធភាព​​ទិញ​​កម្មវិធី​ Software ពី​ខាង​ក្រៅ​​ប្រទេស​មក​ទេ​​ព្រោះ​ថា​ វា​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ណាស់។ ​ហេតុផល​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មួយ​ចំនួន​មិន​ជ្រើស​រើស​យក​វិធី​គ្រប់គ្រង​គ្មាន​បទដ្ឋាន​ត្រឹម​ត្រូវ​​ដែល​ធ្វើ​ឱ្យ​ខាត​ពេល​វេលា​ និង​​ថវិកា​ និង​មិន​អាច​ធានា​បាន​នូវ​ប្រសិទ្ធភាព​សម្រាប់​ការ​គ្រប់គ្រង​នៅ​ក្នុង​គ្រឹះស្ថាន​នីមួយៗ។ ​ លោក​ ឃួន​ សុភ័ទ្ធ ​ បាន​ថ្លែង​ដូច្នេះ​ថា​ ៖«​យើង​​បាន​ព្យាយាម​បង្កើត​ Software ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​អស់​ហ្នឹង​ ​ដែល​អាច​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ប្រតិបត្តិករ​ហិរញ្ញវត្ថុ​​ទាំង​អស់​ ​ទទួល​យក​បាន​ព្រោះ​ថា​​វា​មាន​តម្លៃ​សមរម្យ​ ​ហើយ​មាន​គុណភាព​គឺ​មាន​ស្ដង់ដារ​​ប្រកួត​ប្រជែង​​ជា​មួយ​​ក្រុមហ៊ុន​មក​ពី​ខាង​ក្រៅ​ស្រុក​ផង​ដែរ»។ ​ថ្មី​ត្បិត​តែ​ជា​ផលិតផល​​ ​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​ក៏​ពិត​​មែន ​ប៉ុន្តែ​​លោក​បាន​ពង្រីក​ទីផ្សារ​រហូត​ដល់​ទៅ​បណ្ដា​​ប្រទេស​ក្រៅ​មាន​ដូច​ជា​នៅ​មីយ៉ាន់ម៉ា​ជា​ដើម។​ ​នៅ​ពេល​នេះ​ លោក​ក៏​កំពុង​​សំឡឹង​​​​មើល​នៅ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ថែម​ទៀត​​ទាំង​នៅ​ក្នុង​តំបន់​អាស៊ី​ និង​ទ្វីប​អាហ្វ្រិក​ផង៕​

ដោយ៖ ខេម៊ី​

X
5s