ចំណុច៤យ៉ាងដែលអ្នកគួរធ្វើពេលប្រឈមមុខនឹងបញ្ហាដែលអ្នកគិតថាពុំអាចឆ្លងផុត
ពិតប្រាកដណាស់ ជីវិតគឺមិនទៀងទាត់នោះទេ ពោលគឺមានឡើងមានចុះ។ ថ្ងៃនេះអ្នកសប្បាយចិត្ត ថ្ងៃស្អែកអ្នកអាចនឹងពិបាកចិត្ត។ ថ្ងៃនេះអ្នកបរាជ័យក៏មិនប្រាកដថាអ្នកបរាជ័យរហូតដែរ។ ប៉ុន្តែ អាក្រក់ជាងនេះគឺជីវិតយើងម្នាក់ៗតែងមានពេលវេលាមួយដែលអ្នកប្រឈមនឹងបញ្ហាហើយអស់សង្ឃឹមខ្លាំង នេះជាពេលវេលាដែលអ្នកត្រូវតែរឹងមាំនិងជំរុញខ្លួនឯងខ្លាំងជាងមុន។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវធ្វើពេលដែលអ្នកប្រឈមមុខនឹងបញ្ហា៖
១)ត្រូវជឿជាក់ថាអ្វីៗគឺអាចទៅរួច៖ ជាដំបូង អ្នកត្រូវផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកជាមុនសិន។ អ្នកត្រូវជឿជាក់ថាអ្វីៗគឺអាចទៅរួច គ្មានអ្វីដែលទៅមិនអាចរួចនោះទេឲ្យតែអ្នកដាក់ចិត្តដាក់កាយធ្វើវា។ ម៉្យាងវិញទៀត អ្នកត្រូវរំលឹកខ្លួនឯងនូវអ្វីដែលខ្លួនឯងធ្លាប់សម្រេចពីមុនមក តាមពិតទៅអ្នកពិតជាអស្ចារ្យ។ កុំដោយសារតែបញ្ហាដែលអ្នកប្រឈមនាពេលបច្ចុប្បន្នហើយបាក់ទឹកចិត្តនិងបោះបង់ឲ្យសោះ។
២) ត្រូវគិតវិជ្ជមាន៖ ជីវិតពិតមិនងាយស្រួលនោះទេ ជីវិតពិតតែងពោរពេញទៅដោយបញ្ហាជាច្រើនរាប់មិនអស់។ ពេលខ្លះ ជីវិតគឺឃោរឃៅខ្លាំងណាស់ទម្លាក់នូវបញ្ហាពិបាកៗឲ្យអ្នកដោះស្រាយ។ យ៉ាងណាក៏ដោយ អ្នកត្រូវរក្សាជំហរវិជ្ជមានជានិច្ចទើបអ្នកមានកម្លាំងចិត្តក្នុងការជម្នះបញ្ហាជីវិតតទៅទៀត។ ចូរចងចាំថារាល់ពេលដែលអ្នកយកឈ្នះបញ្ហាបាន អ្នកនឹងជោគជ័យជាងមុននិងខ្លាំងជាងមុន។ អ៊ីចឹងហើយ ដួលងើបៗ រក្សានូវភាពវិជ្ជមាន កុំចុះចាញ់នឹងជីវិតឲ្យសោះ។
៣) ផ្ដោតទៅលើអ្វីដែលអ្នកអាចធ្វើបាន៖ កុំអង្គុយកើតទុក្ខនឹងបញ្ហាហើយខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។ មនុស្សជោគជ័យមិនផ្ដោតទៅលើបញ្ហានោះទេពួកគេផ្ដោតទៅលើអ្វីដែលពួកគេអាចធ្វើបានឬគ្រប់គ្រងបាន។ ឧទាហរណ៍ថាអ្នកជាម្ចាស់អាជីវកម្ម ពេលខ្លះអ្នកពុំអាចឃាត់នូវការធ្លាក់ចំណូលនោះទេ តែអ្វីដែលអ្នកអាចផ្ដោតបានគឺរៀបចំយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីកុំឲ្យធ្លាក់ចំណូល។
៤) មើលថែខ្លួនឯង៖ នៅពេលដែលប្រឈមមុខនឹងបញ្ហា ការមានអារម្មណ៍តានតឹងឬស្រ្តេសគឺអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ ក្នុងកាលៈទេសៈនេះ អ្នកត្រូវមើលថែខ្លួនឯងមែនទែនទាំងផ្លូវកាយនិងផ្លូវចិត្តព្រោះនេះជាពេលវេលាដែលអ្នកត្រូវជួយខ្លួនឯង។ ប្រសិនជាអ្នកបាក់កម្លាំងឬឈឺ អ្នកធ្វើយ៉ាងណាទៅដោះស្រាយនិងប្រឈមមុខនឹងបញ្ហាបាន? ដូច្នេះហើយ ត្រូវចេះស្រឡាញ់ខ្លួនឯងនិងមើលថែខ្លួនឯងឲ្យបានច្រើន៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ bornrealist.com