ស្គាល់ថាអ្វីដែលសំខាន់សម្រាប់ខ្លួនឯងពិតប្រាកដ អ្នកនឹងអាចដោះស្រាយបញ្ហាបានដោយឈ្លាសវៃ​



នៅ​ក្នុង​ជីវិត​យើង​ម្នាក់ៗ មាន​បញ្ហា​កង្វល់​ចិត្ត​ជាច្រើន ដែល​មាន​ពេល​ខ្លះ​ហាក់​ដូចជា​មាន​ព្រួញ​ជាច្រើន​បាញ់​តម្រង់​មក​រក​អ្នក​តែ​ម្នាក់​ក្នុង​ពេល​តែ​មួយ។ នៅ​ពេល​មនុស្ស​ផ្ដោត​ទៅលើ​បញ្ហា​ជាជាង​ដំណោះស្រាយ ពួកគេ​នឹង​មិន​អាច​រត់​គេច​ចេញ​ពី​រង្វង់​នៃ​បញ្ហា​ដែល​មក​រឹត​ក​ពួកគេ​ជាប់​មិន​លែង​នោះ​ឡើយ។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា អ្នក​មិន​អាច​គ្រប់គ្រង​ទៅលើ​រឿងរ៉ាវ​គ្រប់​បែប​យ៉ាង ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ជីវិត​អ្នក​នោះ​ឡើយ។

ត្រង់​ចំណុច​នេះ អ្នក​ត្រូវ​ចេះ​ថ្លឹងថ្លែង​ដោយ​ភាព​ឈ្លាសវៃ​ថា​តើ​រឿង​ឈឺក្បាល​ណា​ដែល​អ្នក​គួរ​ប្រលែង​ចោល និង​រឿង​ណា​ដែល​អ្នក​គួរ​សន្សំ​កម្លាំង​ដើម្បី​ផ្ដោត​រក​ដំណោះស្រាយ​បញ្ហា​សម្រាប់​វា​វិញ។

អ្នក​អាច​ដោះស្រាយ​បញ្ហា​ទាំងនោះ​បាន ទាល់តែ​អ្នក​អាច​ឆ្លើយ​ជា​មុន​សិន​ថា តើ​អ្វី​ទៅ​ដែល​សំខាន់​សម្រាប់​អ្នក​ពិត​ប្រាកដ ? នៅ​ពេល​អ្នក​មិន​ដឹង​ថា​អ្វី​ដែល​សំខាន់​សម្រាប់​ខ្លួនឯង​នោះ​ទេ វា​ក៏​មិន​ខុស​គ្នា​ពី​ការណ៍​ដែល​អ្នក​មិន​ស្គាល់​ថា​ខ្លួនឯង​ជា​នរណា​ដូច្នោះ។

ការណ៍​ដែល​ដឹង​ថា​អ្វី​សំខាន់​សម្រាប់​ខ្លួនឯង អ្វី​ដែល​សំខាន់​នេះ​នឹង​ផ្ដល់​នូវ​គោលជំហរ​ដ៏​រឹងមាំ​ជាក់លាក់​មួយ ដែល​ប្រៀប​ដូចជា​ត្រីវិស័យ​សម្រាប់​នាំ​អ្នក​ទៅ​កាន់​គោលដៅ​ដែល​អ្នក​ចង់​ទៅ​ឲ្យ​ដល់​ក្នុង​ជីវិត​ដូច្នោះ​ដែរ។ យ៉ាងណាមិញ នៅ​ពេល​អ្នក​មិន​ដឹង​ថា​អ្វី​សំខាន់​សម្រាប់​ជីវិត​របស់​អ្នក មិន​ស្គាល់​ថា​ខ្លួនឯង​ជា​នរណា មិន​មាន​អត្តសញ្ញាណ​របស់​ខ្លួន​ច្បាស់លាស់ គោលជំហរ​របស់​អ្នក​គឺ​គ្មាន​ឡើយ។

គោលជំហរ​របស់​អ្នក​ស្ថិត​នៅ​លើ​ការ​បោកបក់​ពី​ឥទ្ធិពល​ខាងក្រៅ ដែល​ប្រាប់​អ្នក​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ ឬ​ជា​ភាព​មិន​នឹងន​នៃ​អារម្មណ៍​របស់​ខ្លួនឯង ដែល​អាច​នាំ​អ្នក​ទៅ​រក​ផ្លូវ​ខុស​បាន​យ៉ាង​ងាយ​បំផុត។ នៅ​ពេល​អ្នក​មាន​គោលជំហរ​ជាក់លាក់​ជា​របស់​ខ្លួន​ហើយ ភ្នែក​របស់​អ្នក ចក្ខុវិស័យ​របស់​អ្នក គឺ​ដឹង​តែ​បាញ់​ឆ្ពោះ​តម្រង់​ទៅ​រក​រឿង​តែ​ម្យ៉ាង​គត់ ដែល​ជា​គោលដៅ​ដែល​អ្នក​បាន​កំណត់​ឲ្យ​ខ្លួនឯង​ដើរ​ទៅ​រក​នេះ​ឯង។

ដូច្នេះ អ្នក​នឹង​ដឹង​ថា​តើ​រឿង​អ្វី​ដែល​អ្នក​គួរ​បោះ​ចោល និង​រឿង​អ្វី​ដែល​អ្នក​គួរ​គិតគូរ​ទៅលើ​ដើម្បី​រក​ដំណោះស្រាយ។ ព្រោះ​គ្មាន​នរណា​ម្នាក់​នៅ​លើ​លោក​នេះ​អាច​គ្រប់គ្រង​រឿង​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ជីវិត​នោះ​ឡើយ។ បុគ្គល​ជោគជ័យ​គ្រប់គ្រង​តែ​រឿង​ណា​ដែល​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​របស់​ខ្លួន​ប៉ុណ្ណោះ។ អ្វី​ដែល​នៅ​ក្នុង​ដែន​កំណត់​របស់​ខ្លួនឯង គឺជា​ការ​ផ្លាស់ប្ដូរ​ខ្លួនឯង នោះ​ស្ថានការណ៍​ខាងក្រៅ​ផ្លាស់ប្ដូរ​មក​តាម​ការ​ចង់​បាន​របស់​អ្នក​តាម​ក្រោយ​នោះ​ទេ។

នេះ​មានន័យ​ថា​អ្នក​បាន​ផ្ដោត​ទៅលើ​ដំណោះស្រាយ​ជាជាង​បញ្ហា ដែល​ចង់​ឲ្យ​ស្ថានការណ៍​ខាងក្រៅ​ផ្លាស់ប្ដូរ​មក​តាម​ការ​ចង់​បាន​របស់​ខ្លួន ដោយ​មិន​ផ្លាស់ប្ដូរ​ខ្លួនឯង​ជា​មុន។ នៅ​ពេល​អ្នក​ដឹង​ថា​អ្វី​សំខាន់​សម្រាប់​អ្នក​ពិត​ប្រាកដ គោលជំហរ​របស់​អ្នក​នឹង​អាច​ឲ្យ​អ្នក​ដោះស្រាយ​បញ្ហា​បាន​ដោយ​ភាព​ឈ្លាសវៃ​និង​មាន​ប្រសិទ្ធភាព៕

ដោយ៖ ស្រីពៅ

X
5s