ខ្មែរក៏អាចធ្វើបាន!!! រូបមន្ត ៣+១ ធ្វើឱ្យកូនខ្មែរម្នាក់អាចលក់ (Franchise) អាជីវកម្មគ្រឿងតុបតែងរថយន្តទំនើបដល់វៀតណាម!
ជារឿងដែលគួរឱ្យមានមោទនភាពចំពោះលោក សួរ ឌែនី ស្ថាបនិក Car Lovers ដែលជាហាងតុបតែងរថយន្តទំនើប និងល្បីឈ្មោះមួយនៅកម្ពុជា បានធ្វើឱ្យអាជីវកម្មរបស់លោកមិនត្រឹមតែទទួលបានការចាប់អារម្មណ៍នៅរាជធានីភ្នំពេញនោះទេ ប៉ុន្តែថែមទាំងអាចលក់សិទ្ធិចែកចាយបន្ត (Franchise) ទៅឱ្យដៃគូអាជីវកម្មនៅប្រទេសវៀតណាមថែមទៀតផង។ សូមបញ្ជាក់ថា ហាង Car Lovers ជាហាងលក់គ្រឿងតុបតែងរថយន្ត និងគ្រឿងបន្លាស់ដ៏ទំនើប មានឈ្មោះល្បីនៅលើទីផ្សារកម្ពុជាអស់រយៈពេលជិតបួនឆ្នាំមកហើយ។
លោក សួរ ឌែនី បានផ្ដល់បទសម្ភាសន៍ដល់ BizKhmer អំពីចំណុចពិសេសនៃអាជីវកម្មរបស់លោក គឺលោកបានប្រើរូបមន្ត ៣ បូក ១ ដែលធ្វើឱ្យហាងរបស់លោកអាចលក់ Franchise ដល់ដៃគូនៅប្រទេសវៀតណាម។ លក្ខណៈពិសេសមានដូចខាងក្រោម៖
១) គុណភាពផលិតផល៖ លោកជឿជាក់ថា ចំណុចនេះគួរតែមានគ្រប់ប្រភេទអាជីវកម្មព្រោះថា គុណភាពផលិតផលគឺពិតជាធាតុសំខាន់មែនទែន ដើម្បីធានាបាននូវភាពជោគជ័យរបស់អាជីវកម្មនីមួយៗ។ លោកបានថ្លែងដូច្នេះ៖ «គ្រប់ផលិតផលដែល Car Lover នាំចូលមកលក់ គឺសុទ្ធតែឆ្លងកាត់ការធ្វើតេស្ដ យកមកប្រើសាកល្បងដោយផ្ទាល់ ហើយការ សាកល្បងមិនមែននាំចូលមួយ ពីរឬបីរោងចក្រនោះទេ ប៉ុន្តែនាំចូលពីច្រើនរោងចក្រតែម្ដង។ យើងក៏មិនចាំបាច់នាំចូលរបស់ដែលល្អណាស់ណាដែរ ប៉ុន្តែគុណភាពអាចទទួលយកបាន ព្រោះថា បើល្អពេកតម្លៃថ្លៃ នាំឱ្យពិបាកលក់ចេញ ធ្វើឱ្យយើងបរាជ័យដែរ»។
២) ថ្លៃដើមទាប៖ លោក សួរ ឌែនី បានលើកឡើងថា ថ្លៃដើមទាបគឺមិនមែនលក់ក្នុងតម្លៃថោកនោះទេ ប៉ុន្តែវាគឺជាប្រសិទ្ធភាពនៃការគ្រប់គ្រងរាប់ចាប់តាំងពីការផលិតរហូតដល់ការចែកចាយដល់ដៃអតិថិជនដើម្បីធានាបានថា អតិថិជនទទួលបានតម្លៃធូរថ្លៃជាងគូប្រកួតប្រជែង ប៉ុន្តែមិនមានការទម្លាក់ប្រាក់ចំណេញ ឬលក់ខាតនោះទេ។ សម្រាប់អាជីវកម្មរបស់លោកផ្ទាល់ លោកចង់សំដៅទៅលើការកាត់បន្ថយទៅលើថ្លៃមួយចំនួនដូចជា ថ្លៃទៅលើឈ្មួញកណ្ដាល ទិញក្នុងបរិមាណច្រើនដើម្បីទទួលបានការបញ្ចុះថ្លៃ ឬទទួលបានប្រូម៉ូសិនពីរោងចក្រ។ ទោះជាយ៉ាងណា លោកលើកឡើងថា មិនមែនគ្រប់ក្រុមហ៊ុនអាចធ្វើបាននោះទេ ពាក់ព័ន្ធនឹងចំណុចទីពីរនេះ ពោលគឺវាមានផលលំបាកច្រើនសម្រាប់អាជីវកម្មមួយចំនួន។ ចំពោះលោក គិតថា វាមានតិចនិកច្រើនដើម្បីអនុវត្តន៍ទៅតាមប្រភេទអាជីវកម្មនីមួយៗ ហើយសម្រាប់អាជីវកម្មមួយចំនួន បើអាចគួរតែធ្វើការកុម្ម៉ង់ទិញពីរោងចក្រធំៗ និងបរិមាណច្រើនដោយផ្ទាល់។
៣) សេវាកម្មអតិថិជន៖ សម្រាប់ហាងលក់គ្រឿងតុបតែងលម្អរថយន្តដូចរបស់លោក គឺកម្រនឹងមានការផ្ដល់នូវបទដ្ឋានមួយច្បាស់លាស់ដល់អតិថិជន។ លោកបានប្រសាសន៍ដូច្នេះថា ៖«យើងមើលឃើញពី ចំណុចស្លាប់រស់នេះហើយទើបលោក អាចផ្ដោត បង្កើត Platform និងគោលការណ៍របស់យើងដើម្បីធានាបាននូវការទាក់ទាញអតិថិជន។ យើងក៏មានការបញ្ជួនបុគ្គលិកឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗដើម្បីយល់ដឹងពីការផ្ដល់សេវាកម្មជូនអតិថិជនផងដែរ។ ការបម្រើសេវាកម្មអតិថិជន គឺជាចំណុចពិសេសបំផុតក្នុងចំណោមចំណុចទាំងបីខាងលើ»។
ទោះជាយ៉ាងណា លោក សួរ ឌែនី បានបង្ហាញកត្តាបន្ទាប់បន្សំមួយទៀត ដែលធ្វើឱ្យលោកជោគជ័យបែបនេះ នោះគឺការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដែលផ្សារភ្ជាប់នឹងបច្ចេកវិទ្យា។ ការផ្សព្វផ្សាយគឺពិតជាបានជួយជំរុញការលក់ ដូច្នេះ លោកត្រូវដើរឱ្យទាន់តាមការវិវត្តនៃបច្ចេកវិទ្យា។ លោក សួរ ឌែនី បានមានប្រសាសន៍ថា នៅពេលដែលលោកបានប្រើពេលមួយឆ្នាំកន្លះក្នុងការផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook ទៅហើយ ទើបមានដៃគូធ្វើតាមលោកដែរ ដូច្នេះលោកបានបង្កើតអតិថិជនក្នុងដៃច្រើនរួចទៅហើយ ពោលគឺលោកបានដើរមុនដៃគូជាស្រេច ហើយស្របពេលដែលដៃគូរបស់លោកដើរដល់ចំណុចនេះ លោកឈានដល់ការបង្កើតបណ្ដាញផ្សេងៗជាច្រើនទៀតតែម្ដង។
[caption id="attachment_45166" align="aligncenter" width="670"] ហាងនៅប្រទេសវៀតណាម[/caption]
ទោះជាយ៉ាងនេះក្ដី លោកក៏មានការព្រួយបារម្ភផងដែរចំពោះទីផ្សារក្រៅប្រទេស ប៉ុន្តែលោកបានត្រៀមខ្លួន និងត្រៀមផែនការណ៍ច្បាស់លាស់ដើម្បីទទួលបានជោគជ័យចំពោះការបោះជំហានទៅកាន់ទីផ្សារនៅប្រទេសវៀតណាម។ លោកមានគោលការណ៍មួយ គឺ បង្កើតផលិតផលដែលផ្ដល់នូវគុណភាព មិនមែនសម្រាប់តែទីផ្សារកម្ពុជា តែសម្រាប់ទីផ្សារក្នុងតំបន់ និងទីផ្សារកម្រិតពិភពលោកតែម្ដង (world class product)។ លោកបានសម្លឹងឃើញប្រទេសវៀតណាម មានទីផ្សារធំ ហើយផលិតផលគុជ និងគ្រឿងតុបតែងលម្អរថយន្ត មិនទាន់បានផ្ទុះនៅទីផ្សារប្រទេសនេះនៅឡើយទេ អីចឹងហើយទើបលោកមើលឃើញថា នេះជាហានិភ័យក៏ប៉ុន្តែក៏ជាឱកាសល្អសម្រាប់លោកផងដែរ។ យ៉ាងណាម៉ិញ លោកបានត្រៀមខាត ៦ខែដំបូងនៃការប្រតិបត្តិការនៅប្រទេសវៀតណាម៕
ដោយ៖ ខេម៊ី