រឿង​រ៉ាវ​​ទាំង​នេះ​​ហើយ​​ ដែល​នាំ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ​នឹង​ខ្លួន​ឯង​ពេល​ធ្វើ​វា​ហើយ​



មាន​រឿង​ខ្លះ​ដែល​អ្នក​ធ្វើ​ហើយ​ វា​នាំ​ផល​ល្អ​​ដល់​អ្នក ។ តែ​បើ​រឿង​មួយ​ចំនួន​​វិញ បើ​អ្នកធ្វើ​​ដោយ​មិន​បាន​គិត​ អ្នក​នឹង​នាំ​ឲ្យ​ខ្លួន​ឯង​ស្ដាយ​ក្រោយ​ទៅ​ថ្ងៃ​មុខ​ជាក់​ជា​មិនខាន​។ ហើយ​បើ​សិន​ជា​អាច​ត្រលប់​ក្រោយ​វិញ​បាន​ អ្នក​នឹង​មិន​ធ្វើ​រឿង​អស់​ទាំង​នេះ​ទេ​។​ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១) ខំ​ធ្វើការ​ខ្លាំង​ដើម្បី​គេចចេញ​ពី​បញ្ហា​៖ តើ​អ្នក​អាច​គេចវេះ​ពី​បញ្ហា​បាន​ទេ​? តើ​អ្នក គិត​ថា​បញ្ហា​គឺ​សុទ្ធ​តែ​នាំ​ផល​ល្អ​ដល់​អ្នក​មែន​​ទេ​? តើ​អ្នក​ដឹង​ទេ ថា​បុគ្គល​ជោគជ័យ​ជា​ច្រើន​ តែង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ តែ​ហេតុអ្វី​ពួក​គេ​នៅ​តែ​ជោគជ័យ​មក​ដល់​សព្វ​ថ្ងៃ​? តាម​ពិត​ទៅ​បញ្ហា​គឺ​មិន​អាច​​មក​​សម្លាប់​អ្នក​ឲ្យ​ស្លាប់​បាន​ទេ​ តែ​អ្វី​ដែល​អ្នក​ត្រូវ​​ធ្វើ គឺ​ត្រូវ​ប្រឈម​មុខ​នឹង​វា​។ បើ​គេចវេះ​ពី​វា វា​ក៏​មិនបាត់​ទៅ​ណា​ដែរ។ ដូចនេះ​ត្រូវ​ប្រឈម​មុខ​នឹង​វា​ដោយ​ជឿជាក់​ទៅ។​

២) តែង​បង្ហាញ​ពី​អារម្មណ៍​ជាង​រក​​ដំណោះស្រាយ៖ តាម​ពិត​ទៅ​បើ​ អ្នកជា​មនុស្ស​ប្រើ​អារម្មណ៍​ពេក​ វា​ក៏​មិន​សូវ​នាំ​ប្រយោជន៍​មក​អ្នក​​ដែរ។ ភាគ​ច្រើន​អ្នក​ដែល​ពូកែ​ប្រើ​អារម្មណ៍​នោះ​គឺ​ស្រ្ដី​ភេទ។ ឧទាហរណ៍​ពេល​អ្នក​ជួប​បញ្ហា​ អ្នក​តែងតែ​បង្ហាញ​ពី​អារម្មណ៍​​របស់​ខ្លួន ថា​ខ្លាច​បែប​នេះ​ឬ​ខ្លាច​បែប​នោះ តែ​ហេតុអ្វី​មិន​ចំណាយ​ពេល​រក​ដំណោះស្រាយ​ទៅ​វិញ​ទៅ​។ បើ​អ្នក​​រវល់​តែ​បង្ហាញ​ពី​អារម្មណ៍​​របស់​ខ្លួន តើ​អ្នក​មាន​ពេល​ស្វែងរក​ដំណោះស្រាយ​បាន​ដែរ​ទេ​?

៣) ឈ្លោះ​គ្នា​ជាមួយ​គេ​ឯង​ដោយ​សារ​ចង់ឈ្នះ​៖ តាម​ពិត​ទៅ​ទស្សនៈ​នេះ​ក៏​ត្រឹមត្រូវ​ដែរ​«​ចាញ់​ជា​ព្រះ​ ឈ្នះ​ជា​មារ»។​ វា​មាន​ន័យ​ថា​ បើ​សិន​ជា​អ្នក​​ធ្វើ​ចាញ់ អ្នក​អាច​ក្លាយ​ជា​​ព្រះ​ដែល​គេ​គោរព តែ​បើ​អ្នក​ចង់​ឈ្នះ​គេ​ ​អ្នក​បាន​ត្រឹម​តែ​គេ​ស្គាល់​ថា​ជា​មនុស្ស​អាក្រក់​ប៉ុណ្ណោះ​។ ប្រាកដ​ណាស់ គ្មាន​អ្នក​ណា​គេ​ចង់​ចាញ់​នោះ​ទេ​ តែ​បើ​ការ​ឈ្នះ​នោះ​វា​នាំ​ឲ្យ​អ្នកដទៃ​ឈឺចាប់​ឬ​ក៏​វា​អយុត្តិធម៌​សម្រាប់​គេ​ឯង អ្នក​គួរ​ចុះចាញ់​ដើម្បី​ទទួល​បាន​ភាព​សុខសាន្ត​រៀង​ៗ​ខ្លួន​ទើប​ល្អ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s