​អ្នក​ជំនាញ​ពីរ​រូប​របស់​កម្ពុជា ​យល់​​ស្រប​គ្នា​​ថា ​សុំ​​ឡើង​តំណែង​ជោគជ័យ​ ឬ អត់​អាស្រ័យ​លើ«​ចំណុច​សំខាន់​មួយ»​



កាល​ពី​ចុង​សប្ដាហ៍ ម្សិលមិញ​នេះ សំណួរ​ដែល​តែងតែ​ដក់​ជាប់​នៅ​ក្នុង​ខួរក្បាល​របស់​មនុស្ស​ជាច្រើន ត្រូវ​បាន​យក​មក​ជជែក​ពិភាក្សា​គ្នា​នៅ​ក្នុង​សិក្ខាសាលា​មួយ នៅ​ក្រោម​ប្រធានបទ "ជំនាញ​នៃ​ការ​ចរចា" ដោយ​វាគ្មិន​ប្រកប​ដោយ​បទពិសោធន៍​ជ្រៅជ្រះ​២រូប គឺ​លោក ស៊ី វណ្ណា និង​លោក សោម សម្បត្តិ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន ឬ​ហៅ​កាត់ CJCC ចាប់​ពី​ម៉ោង​៧:៣០​ព្រឹក​ដល់​១២:០០ថ្ងៃ​ត្រង់។ គោលបំណង​របស់​មនុស្ស​គ្រប់​គ្នា​គឺជា​ការ​ចរចា​ដ៏​មាន​ប្រសិទ្ធភាព​ជាមួយ​ថ្នាក់លើ​ក្នុង​ការ​សុំ​ដំឡើង​តំណែង​របស់​ខ្លួន។ ដូច្នេះ ក្នុង​នាម​អ្នក​ជា​បុគ្គលិក មុន​នឹង​សម្រេច​ចិត្ត​ចង់​ចរចា​ជាមួយ​ថ្នាក់លើ អ្នក​គួរ​គិត​ជាមុន​សិន​ថា តើ​អ្នក​មាន​គុណសម្បត្តិ​អ្វី ដែល​ស័ក្ដិសម​សម្រាប់​ឲ្យ​ថ្នាក់លើ​របស់​អ្នក សម្រេច​ចិត្ត​ប្រគល់​តំណែង​ខ្ពស់​ជាង​មុន​ឲ្យ​អ្នក ? ហេតុអ្វី​នៅ​ពេល​និយាយ​អំពី​យីហោ​ផ្លាក​សញ្ញា​ល្បីៗ​លំដាប់​ពិភពលោក​ដូចជា StarbuckAddidasChanel ជាដើម កម្រ​មាន​អ្នក​បដិសេធ​ថា​មិន​ដែល​ស្គាល់​សោះ ? ហេតុអ្វី​ក៏​ឲ្យ​តែ​នឹក​ឃើញ​ដល់​កាហ្វេ គឺ​នឹក​ឃើញ​ដល់ Starbuck បើ​ជា​សំលៀកបំពាក់​កីឡា គឺ​នឹក​ឃើញ​ដល់ Addidas ដូច្នោះ ?

ប្រធាន​ផ្នែក​អភិវឌ្ឍ​ធនធាន​មនុស្ស​នៃCJCC លោក ស៊ី វណ្ណា បាន​និយាយ​ថា នោះ​ហើយ​គឺជា​ឥទ្ធិពល​នៃ​យីហោ​របស់​ពួកគេ គឺជា​ការ​ជឿ​ទុកចិត្ត​របស់​អតិថិជន​ចំពោះ​គុណភាព​ដែល​យីហោ​ទាំងនោះ​មាន។ ដូច​គ្នា​ដែរ មនុស្ស​យើង​ម្នាក់ៗ​សុទ្ធតែ​មាន​នូវ​យីហោ​ផ្ទាល់ខ្លួន ឬ personal branding ពោល​គឺជា​កេរ្តិ៍ឈ្មោះ​របស់​អ្នក​នេះ​ឯង។ ល្អ​ឬ​អាក្រក់​គឺ​អាស្រ័យ​ទៅលើ​ថា​អ្នក​បង្កើត​យីហោ​របស់​ខ្លួន​យ៉ាង​ដូចម្ដេច។ តើ​អ្នក​មាន​ចំណុច​ពិសេស​លេចធ្លោ​អ្វី សមត្ថភាព​ពិសេស​អ្វី​និង​អត្តចរិត​បែប​ណា ដើម្បី​ឲ្យ​ថ្នាក់លើ​ជឿ​ទុកចិត្ត​ក្នុង​ការ​ប្រគល់​តំណែង​ដែល​អ្នក​ចង់​បាន​នោះ​មក​ឲ្យ​អ្នក ? ដូច​ស្ថាបនិក​របស់​ក្រុមហ៊ុន​លំដាប់​ពិភពលោក Chanel លោកស្រី Coco Chanel បាន​និយាយ​ថា៖ "ដើម្បី​ឲ្យ​គេ​មិន​អាច​យក​នរណា​មក​ជំនួស​អ្នក​បាន​ទាល់តែ​សោះ អ្នក​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​ដែល​លេចធ្លោ​ខុស​ពី​គេ​ជានិច្ច"

ភ្ជាប់​ជាមួយ​ឥទ្ធិពល​នៃ​យីហោ​ផ្ទាល់ខ្លួន​នេះ​ដែរ ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Campaint លោក សោម សម្បត្តិ ក៏​បាន​លើកឡើង​ពី​បទពិសោធន៍​របស់​គាត់ កាល​ស្វែងរក​ដើមទុន​ដំបូង​ដើម្បី​បង្កើត​ក្រុមហ៊ុន​Campaint​ឡើង។ គាត់​ត្រូវ​បាន​គេ​ឲ្យ​ខ្ចី​ប្រាក់​ចំនួន​៣​ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​ត្រឹមតែ​១១​ថ្ងៃ​ប៉ុណ្ណោះ ដែល​គាត់​បាន​បំបែក​កំណត់ត្រា​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា។ នេះ​គឺ​មក​ពី​យីហោ​ផ្ទាល់ខ្លួន​របស់​គាត់ គឺ​មក​ពី​គេ​ជឿ​ទុកចិត្ត​លើ​អត្តចរិត​ស្មោះត្រង់​ពិត​ប្រាកដ​របស់​គាត់។ គាត់​ក៏​បាន​បញ្ចប់​ជាមួយ​នឹង​សម្ដី​មួយ​ឃ្លា​របស់ Jim Rohn ថា៖ "ចូរ​ប្រឹងប្រែង​ធ្វើការ​ទៅលើ​ខ្លួនឯង​ឲ្យ​ខ្លាំង​ជាង​ទៅលើ​ការងារ​របស់​អ្នក"។ ដូច​សុភាសិត​ខ្មែរ​បុរាណ​បាន​ពោល​ថា ចេះ​ប្រាកដ ប្រាក់​រត់​តាម​ហោប៉ៅ​ដូច្នោះ​ឯង៕

X
5s