ពីក្រោយផ្ទាំងគំនូរតម្លៃរាប់លានដុល្លាររបស់ Vincent Van Gogh គឺជាឆាក​ជីវិតនៃជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរ​



មាន​រឿងរ៉ាវ​ជីវិត​ជាក់ស្ដែង​ជាច្រើន​ដែល​កើតឡើង​ហួស​ពី​អ្វី​ដែល​ការ​ស្រមើស្រមៃ​របស់​មនុស្ស​ទូទៅ​ធ្លាប់​គិត​ដល់។ ក្នុង​សតវត្ស​ទី​១៩ ក្នុង​រយៈកាល​ដ៏​ខ្លី​នៃ​ឆាក​ជីវិត​៣៧​ឆ្នាំ លក្ខណៈ​លេចធ្លោ​បង្កប់​នូវ​ពី​ក្រោយ​វិធីសាស្ត្រ​ក្នុង​ការ​គូរ​គំនូរ​របស់​វិចិត្រករ​ដ៏​ចំណាន​របស់​ហុល្លង់​មួយ​រូប គឺ Vincent Van Gogh មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​សិល្បៈ​គំនូរ​សម័យ​ទំនើប​នា​សតវត្ស​ទី​២១​នេះ បើ​ទោះជា​រយៈកាល​២សតវត្ស​បាន​កន្លង​យូរ​មក​ហើយ​ក៏​ដោយ។ ប៉ុន្តែ​ទាំង​រឿងរ៉ាវ​ជីវិត​ការងារ​និង​ជីវិត​ផ្ទាល់​ខ្លួន​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​របស់​គាត់ បាន​ជំរុញ​អ្នក​សិក្សា​ឲ្យ​បន្ត​ជជែក​ដេញដោល​គ្នា​ឥត​ឈប់ឈរ​មក​ទល់​ពេល​បច្ចុប្បន្ន។ ក្នុង​ឆាក​ជីវិត​៣៧​ឆ្នាំ​របស់ Van Gogh ស្នាដៃ​គំនូរ​របស់​គាត់​សរុប​ទាំងអស់​មាន​ចំនួន​៩០០​ដែល​ជា​ផ្ទាំង​គំនូរ និង​ចំនួន​១,១០០​ទៀត​គឺជា​គំនូរ​ព្រាង ដែល​មាន​តែ​១ផ្ទាំង​ប៉ុណ្ណោះ​ដែល​គាត់​បាន​លក់​ពេញ​មួយ​ឆាក​ជីវិត​របស់​គាត់។ បើ​គាត់​អាច​មាន​ជីវិត​រស់នៅ​មក​ទល់​ពេល​នេះ គាត់​ប្រហែល​ជា​មិន​អាច​នឹក​ស្មាន​ដល់​ថា​ឈ្មោះ Vincent Van Gogh គឺ​ជា​ឈ្មោះ​តំណាង​ឲ្យ​វិចិត្រករ​ដ៏​ល្បីល្បាញ​បំផុត​មួយ​រូប​ក្នុង​ប្រវត្តិសាស្ត្រ និង​ជា​អ្នក​ប្រាជ្ញ​ដ៏​ច្នៃប្រឌិត​មួយ​រូប​នោះ​ឡើយ។ នេះ​ក៏​ព្រោះ​តែ​គាត់​មិន​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​ស្នាដៃ​គំនូរ​ដ៏​អស្ចារ្យ​របស់​គាត់ រហូត​ទាល់តែ​ក្រោយ​ពេល​នៃ​ការ​ស្លាប់​បាត់បង់​ជីវិត​ដ៏​ខ្លី​មួយ ក្នុង​វ័យ​៣៧​ឆ្នាំ ដោយ​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង​នឹង​គ្រាប់​កាំភ្លើង។ [caption id="attachment_44890" align="aligncenter" width="600"]

www.vangoghmuseum.nl[/caption] គាត់​មាន​ជំនក់​ចិត្ត​ជា​ខ្លាំង​ជាមួយ​នឹង​ការងារ​សិល្បៈ​គំនូរ​របស់​ខ្លួន ដែល​គាត់​ធ្លាប់​បាន​ពោល​ឃ្លា​មួយ​ថា៖ "ខ្ញុំ​សុខចិត្ត​ស្លាប់​នឹង​អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​ជក់ចិត្ត ជាជាង​អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​ធុញទ្រាន់"។ ចុះ​ហេតុអ្វី​ក៏​ជីវិត​ដែល​ពោរពេញ​ដោយ​ការ​ជក់ចិត្ត​ដិត​អារម្មណ៍​ខ្លាំងក្លា​នឹង​គំនូរ​នេះ បែរ​ជា​នាំឲ្យ​គាត់​ធ្វើ​អត្តឃាត​ខ្លួនឯង​ទៅវិញ ? ត្រង់​ចំណុច​នេះ​ហើយ​ដែល​បាន​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​សិក្សា​ពី​ផ្នែក​ផ្សេងៗ​គ្នា​ជាច្រើន​ព្យាយាម​ស្វែងរក​ភស្តុតាង​ដើម្បី​ឆ្លើយ​នឹង​សំណួរ​ដ៏​អាថ៌កំបាំង​មួយ​នេះ។ Van Gogh មាន​បញ្ហា​ខួរក្បាល​ពី​កំណើត ដែល​ធ្វើឲ្យ​មាន​ភាព​មិន​ប្រក្រតី​នៅ​ត្រង់​តំបន់​ណាមួយ​នៃ​ខួរក្បាល ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រោគ​ប្រកាច់​និង​ជំងឺ​ធ្លាក់​ទឹកចិត្ត។ ប៉ុន្តែ គាត់​មាន​ទម្លាប់​ប្រើប្រាស់​ថ្នាំ​មួយ​ប្រភេទ ដើម្បី​ឲ្យ​ការ​មើល​ឃើញ​ទៅលើ​ពណ៌​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ដែល​ទម្លាប់​ប្រើប្រាស់​ថ្នាំ​នេះ​កាន់តែ​ធ្វើឲ្យ​អ្វី​ដែល​អាក្រក់​ស្រាប់​ហើយ​កាន់តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត។ [caption id="attachment_44891" align="aligncenter" width="600"]

www.vangoghmuseum.nl[/caption] ពេញ​មួយ​ឆាក​ជីវិត​របស់​គាត់​គឺជា​ការ​រងគ្រោះ​ពី​ជំងឺ​ផ្លូវចិត្ត ដែល​ទន្ទ្រាន​អារម្មណ៍​និង​ការ​គិត​របស់​គាត់ ម្ដង​ឡើង​ម្ដង​ចុះ​ជា​ប្រចាំ។ គាត់​មាន​ជំងឺ​ផ្លូវចិត្ត​ម្យ៉ាង ដែល​ធ្វើឲ្យ​អ្នក​ជំងឺ​នេះ​មាន​អារម្មណ៍​ថា​ខ្លួនឯង​រស់នៅ​ជាមួយ​ការ​ពិត​២​ផ្សេង​គ្នា ដែល​គេ​ហៅថា Bipolar Disorder។ នៅ​ពេល​ខ្លះ​អារម្មណ៍​ពួកគេ​ក៏​ឡើង​ខ្ពស់ ពោរពេញ​ដោយ​ការ​ឲ្យ​តម្លៃ​លើ​ខ្លួនឯង​ខ្លាំង ពោរពេញ​ដោយ​ជំនក់​ចិត្ត​យ៉ាង​ខ្លាំងក្លា​លើ​ការងារ​អ្វីមួយ តែ​ក៏​មាន​ពេល​ខ្លះ​អារម្មណ៍​ពួកគេ​ក៏​ធ្លាក់​ចុះ​ខ្លាំង ដែល​បង្ក​ជា​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ។ Van Gogh អាច​សរសេរ​សំបុត្រ​ដែល​មាន​ជាង​៨០០​តួ​អក្សរ និង​ជក់ចិត្ត​ងប់ងុល​នឹង​ការ​គូរ​គំនូរ តែ​ពេល​ខ្លះ​គាត់​ក៏​អស់​កម្លាំង​ជា​ខ្លាំង រហូត​មិន​អាច​ឲ្យ​គាត់​ធ្វើ​ការងារ​អ្វី​បាន។ ប៉ុន្តែ​បញ្ហា​ផ្លូវចិត្ត​ដ៏​ធ្ងន់ធ្ងរ​របស់​គាត់ ថែមទាំង​បាន​ជំរុញ​គាត់​ឲ្យ​កាត់​ស្លឹក​ត្រចៀក​ម្ខាង​របស់​ខ្លួន​ជាមួយ​នឹង​ឡាម​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ​១៨៩០ គាត់​ក៏​បាន​បាញ់​សម្លាប់​ខ្លួនឯង​ជាមួយ​នឹង​កាំភ្លើង ហើយ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​២ថ្ងៃ​ក្រោយ។ ពិភពលោក​បាន​ទទួលស្គាល់​នូវ Vincent Van Gogh ជាមួយ​នឹង​កេរ្តិ៍​ដំណែល​ដែល​មាន​តម្លៃ​ជាច្រើន​សម្រាប់​ជំនាន់​ក្រោយ។ ឥឡូវ​នេះ ផ្ទាំង​គំនូរ​១ផ្ទាំងៗ​របស់​គាត់​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ​ឯណោះ។ វិធីសាស្ត្រ​គូរ​គំនូរ​ដ៏​លេចធ្លោ​ពី​គេ​របស់​គាត់ ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​ការ​ប្រើប្រាស់​ជក់​ដ៏​ប្លែក​ពី​គេ ជាមួយ​នឹង​ពណ៌​គំនូរ​ដែល​ដិត​ភ្លឺច្បាស់ ដែល​គាត់​ចូលចិត្ត​ប្រើ​ពណ៌​លឿង​របស់​ពណ៌​ក្រូចឆ្មារ និង​ពណ៌​ខៀវ​ដិត និង​ទេពកោសល្យ​ដ៏​ច្នៃប្រឌិត​ដែល​គាត់​មាន​ក្នុង​ប្រើប្រាស់​ពណ៌​លាយ​បញ្ចូល​គ្នា​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ដែល​បាន​បង្កប់​នៅ​ក្នុង​អត្ថន័យ​នៃ​ផ្ទាំង​គំនូរ​របស់​គាត់។ [caption

id="attachment_44892" align="aligncenter" width="466"]

www.vangoghmuseum.nl[/caption] នៅ​ក្នុង​ឃ្លា​មួយ​របស់ Van Gogh បាន​ពោល​ថា៖ "បេះដូង​របស់​មនុស្ស​ក៏​មិន​ខុស​ពី​សមុទ្រ​ដែរ វា​មាន​ព្យុះ​របស់​វា ជំនោរ​របស់​វា ជម្រៅ​របស់​វា ហើយ​ក៏​មាន​ខ្យងគជ់​របស់​វា​ដែរ"

ដោយ៖ ស្រីពៅ

X
5s