ដណ្ដើមយកឈ្នះទំនុកចិត្តពីអតិថិជន និងដណ្ដើមយកឈ្នះពីគូប្រកួត
ជាទូទៅគោលដៅដ៏ចម្បងមួយក្នុងការបើកអាជីវកម្មគឺដើម្បីបង្កើតប្រាក់ចំណូល។ មនុស្សម្នាក់ៗមើលឃើញរូបភាពតែមួយមិនដូចគ្នានោះឡើយ។ រីឯការធ្វើអាជីវកម្មក៏ដូចគ្នាដែរ។ ម្ចាស់អាជីវកម្មនីមួយៗមានទស្សនវិស័យរៀងៗខ្លួន យុទ្ធសាស្ត្រពិសេសរៀងៗខ្លួនដែលកំណត់នូវអត្តសញ្ញាណពីលក្ខណៈពិសេសអំពីក្រុមហ៊ុនរបស់ពួកគេដែលមានខុសពីក្រុមហ៊ុនដទៃ ដើម្បីឆ្ពោះទៅរកគោលដៅតែមួយ ដែលជាការស្វែងរកប្រាក់ចំណេញ។
យ៉ាងណាមិញ អាជីវកម្មជាច្រើនមិនអាចទៅដល់គោលដៅមួយនេះក៏ព្រោះហេតុផលមួយ គឺនៅពេលពួកគេកាន់តែផ្ដោតទៅលើលុយខ្លាំងប៉ុណ្ណា នោះលុយនឹងកាន់តែរត់ចេញឆ្ងាយពីគេប៉ុននោះដែរ។ នៅពេលភ្នែករបស់ពួកគេបាញ់តម្រង់ឆ្ពោះតែម្យ៉ាងទៅរកលុយ នោះពួកគេនឹងចាប់ផ្ដើមសង្កត់ធ្ងន់ទៅលើការប្រកួតប្រជែងជាមួយដៃគូរបស់ខ្លួន។
ជាការពិត ការប្រកួតប្រជែងគឺជារឿងល្អ ព្រោះវានឹងជំរុញមនុស្សឲ្យចេះអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អប្រសើរពីមួយកម្រិតទៅមួយកម្រិត។ ប៉ុន្តែ នេះក៏អាស្រ័យទៅលើបុគ្គលម្នាក់ៗដែរ ថាតើពួកគេយល់ឃើញដូចម្ដេចចំពោះការប្រកួតប្រជែង ហើយតើពួកគេទាញប្រយោជន៍ដូចម្ដេចដែរពីឆាកប្រកួតប្រជែងនេះ ? នៅពេលមនុស្សផ្ដោតខ្លាំងទៅលើរឿងខាងក្រៅ នោះពួកគេនឹងចាប់ផ្ដើមលែងសូវខ្វាយខ្វល់ពីរឿងខាងក្នុងដែលជាស្នូលដ៏សំខាន់របស់ខ្លួន។
បើកាលណាគិតគូរតែរឿងធ្វើយ៉ាងណាដើម្បីដណ្ដើមយកអតិថិជនពីគូប្រកួត ដោយមិនបានគិតគូរថាតើគួរដណ្ដើមយកទំនុកចិត្តនិងរក្សាអតិថិជនចាស់របស់ខ្លួនយ៉ាងណា នោះពួកគេនឹងចាប់ផ្ដើមផ្ដោតទៅលើបរិមាណ ឬធ្វើយ៉ាងណាឲ្យតែបានអតិថិជនច្រើន ហើយទម្លាក់ដៃចោលពីគុណភាព ឬធ្វើយ៉ាងណាទើបអតិថិជនរបស់ខ្លួនប្រើប្រាស់ផលិតផលរបស់ខ្លួនយ៉ាងពេញចិត្ត និងគុណភាពនៅត្រង់ជួយដោះស្រាយបញ្ហាដែលអតិថិជនជួបប្រទះជាមួយផលិតផលខ្លួន។
បើអ្នកផ្ដោតទៅលើគុណភាព និងដាក់គោលដៅឲ្យអាជីវកម្មអ្នកដោះស្រាយបញ្ហាឲ្យអតិថិជន ជាជាងផ្ដោតទៅលើបរិមាណ និងដាក់គោលដៅដើម្បីយកឈ្នះគូប្រកួត នោះបរិមាណដែលអ្នកចង់បានទាំងជាអតិថិជនច្រើននិងប្រាក់ចំណូលច្រើន ព្រមទាំងការប្រកួតប្រជែងដែលអ្នកចង់យកឈ្នះ នឹងរត់មករកអ្នកតាមក្រោយមិនខាន។
នេះក៏ព្រោះតែនៅពេលអតិថិជនពេញចិត្តជាមួយគុណភាពដែលសេវាកម្មនិងផលិតផលអ្នកបានផ្ដល់ឲ្យពួកគេយ៉ាងអស់ពីចិត្ត នោះពួកគេនឹងជួយធ្វើទីផ្សារតាមការសរសើរនិងណែនាំតគ្នាពីមាត់មួយទៅមាត់មួយឲ្យអ្នក ដែលក្នុងពេលដំណាលគ្នាអ្នកអាចយកឈ្នះបានទំនុកចិត្តពីអតិថិជនចាស់របស់អ្នក រួមទាំងទទួលបានអតិថិជនថ្មីទៀតផង៕
ដោយ៖ ស្រីពៅ