អ្នក​ជំនាញ​ខាង​គណនេយ្យ​ សាន ឬទ្ធី៖ «ថៅកែ​លាក់​ព័ត៌មាន​គណនេយ្យករ​​ គឺ​ជា​ទាសករ​អាជីវកម្ម»​​​



​​​​​តាម​ធម្មតា​ការ​រកស៊ី​នៅ​ស្រុក​យើង​តាំង​ពីដើម​​រៀង​មក ​ការ​បិទ​បាំង​ មិន​ឱ្យ​បុគ្គលិក (​ជាពិសេស​បុគ្គលិក​​ផ្នែក​ គណនេយ្យ​​) ដឹង​ព័ត៌មាន​ផ្សេងៗ​ជាពិសេស ថ្លៃដើម ជា​រឿង​ទូទៅ ហើយ​។ ការ​ធ្វើ​បែបនេះ ក៏​ធ្វើ​ឱ្យ​​អាជីវកម្ម​​មួយ​ចំនួន​ធំ​ជោគជ័យ​មកដល់​សព្វថ្ងៃ​ដែរ គ្រាន់តែ​ថា​ពួកគាត់​ពិបាក​ដក​ខ្លួន​ពី​អាជីវកម្ម​របស់​ពួកគាត់ ហើយ​​អ្នក​ជំនាញ​​​ផ្នែក​គណនេយ្យ និង​ជា​​ប្រធាន​ក្រុមហ៊ុន​ BSE Accounting​ លោក សាន ឬទ្ធិ  ដាក់​ឈ្មោះ​ម្ចាស់​អាជីវកម្ម​បែប​នេះ​ថា​ជា​ អ្នកទោស​អាជីវកម្ម ព្រោះ​ថា​ ពួក​គាត់​ត្រូវ​នៅ​ប្រចាំការ​ស្ទើរ​រាល់ថ្ងៃ​រក​ទៅ​ណា​មិន​រួច សូម្បី​​តេ​ថ្ងៃ​សម្រាក​ក៏​ដោយ​ ក៏​ព្រោះ​តែ​​ពួក​គាត់​​រវល់​​ឱប​ក្រសោប​លុយ​។ ​

​បើ​តាម​ការ​​សង្កេត​​​មើល​​របស់​លោក​ សាន ឬទ្ធី ​​លោក​យល់​ឃើញ​ថា​ ​​ប្រសិន​បើ​ម្ចាស់​អាជីវកម្ម​ដែល​​រកស៊ី​ខ្នាតតូច​ និង​មធ្យម ​ឫ​ហៅថា SME បច្ចុប្បន្ន​ ​ចង់​គេច​ឱ្យ​ផុត​ឬ​​​ មិន​ចង់បាន​ងារ​ ជា អ្នកទោស​អាជីវកម្ម ​គួរ​ងាក​មក​​ផ្តោតលើ​ការគ្រប់គ្រង​ ​​លក្ខ​ណះ​ស្តង់ដារ​ ជាពិសេស​គឺ​ បញ្ជី​គណនេយ្យ​​តែ​ម្ដង។ បើ​តាម​​លោក​ សាន ឬទ្ធី​ ​​បើ​និយាយ​ពី​បញ្ជី​គណនេយ្យ ​គណនេយ្យករ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទាញ​អ្នករកស៊ី​ទាំងអស់​ឱ្យ​​ចាក​ឆ្ងាយ​ពី អ្នកទោស​អាជីវកម្ម​។

ក្រៅពី​បិទ​បញ្ជី​គណនេយ្យ​​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា ​គណនេយ្យករ​មាន​តួនាទី​សំខាន់​មួយទៀត​ដែល​យើង​តែង​មើលរំលង នោះ​គឺជា​ដៃគូ​​ប្រឹក្សា​ផ្ទាល់​របស់​ម្ចាស់​អាជីវកម្ម​។

ខាងក្រោម​​នេះ​ ជា​តួរ​នាទី​សំខាន់ៗ​ក្នុងការ​ប្រឹក្សា​របស់​គ​ណ​នេ​យ្យករ៖

1.​ ​ជា​អ្នករៀបចំ​ឯកសារ​ចំណាយ​ផ្សេងៗ ថៅកែ​ចាំតែ​ចុះ​ហត្ថលេខា​​

2.​ ​បង់ពន្ធ​តិច​និង​ត្រឹមត្រូវ​

3.​ ​របាយ​ការ​ណ៏​គណនេយ្យ​ស្តង់ដារ​ដែល​អាច​យកប្រាក់​កម្ចី​ពី​ធនាគារ​បាន​

4.​ ​ការ​សន្សំសំចៃ​ពី​ចំណាយ​​ខ្ជះខ្ជាយ​​

5.​ ​ដឹង​ពី​ការកំណត់ថ្លៃ​លក់​យ៉ាងណា ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​

6.​ ​ជា​អ្នកត្រួតពិនិត្យ​ការ​កេង​ប្រវា​ញ់​ពី​បុគ្គលិក​ផ្សេងៗ

7.​ ​ជា​អ្នករៀបចំ​ឯកសារ​ចំណាយ​ផ្សេងៗ

ថៅកែ​ចាំតែ​​​ពិនិត្យ​ និង​ចុះ​ហត្ថលេខា​ជា​ការ​ស្រេច​ អ្នក​ជំនាញ​រូប​នេះ​ បាន​លើក​ឡើង​បន្ថែម​ទៀ​តថា​ ​ដើម្បី​​សម្រេច​បាន​តួរ​នាទី​សំខាន់​ទាំងអស់នេះ​បាន​ ពិតណាស់​ត្រូវការ ការសហការ​ពី​ម្ចាស់​អាជីវកម្ម​ក្នុងការ​ផ្តល់​ឯកសារ​គណនេយ្យ និង​ព័ត៌មាន​ផ្សេងៗ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដល់​គណនេយ្យករ​របស់​ពួកគាត់​។

ការ​លាក់បាំង​ឯកសារ និង​ព័ត​មាន​សំខាន់ៗ​ដល់​គណនេយ្យករ​រប​ស់​ខ្លួន ជា​ឧបសគ្គ​​ក្នុងការ រៀបចំ​ជំនួញ​​ឱ្យ​មាន​បទដ្ឋាន​ឬ​​ស្តង់ដារ​ច្បាស់​លាស់​ ក៏ដូចជា​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​​ពិបាក​​​ដកខ្លួន​ចេញពី​អ្នកទោស​អាជីវកម្ម​។ អ្វី​ដែល​សំខាន់​មួយ​ចំណុច​ទៀត​នោះ​ គឺ​ព័ត៌មាន​ដែល​ម្ចាស់​អាជីវកម្ម​ព្យាយាម​លាក់បាំង​នោះ​ គឺ​សុទ្ធ​​អាច​ស្វែង​រក​ពី​ប្រភព​ខាង​ក្រៅ​បាន​ទាំង​អស់។

លោក​បញ្ជាក់​ដូច្នេះ​ ៖ «​នៅ​សម័យ​នេះ​ទៅ​ហើយ​​ ​ ​គ្មាន​អ្វី​ដែលជា​​អាថ៌កំបាំង​ទៀត​ទេ។ ​ព័ត៌មាន​ថ្លៃដើម​ និង​ព័ត៌មាន​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​ គឺ​គេ​អាច​រក​បាន​តាម​ប្រភព​ជា​ច្រើន​ទៀត​ មិន​មែន​ចាំ​បាច់​តែ​ម្ចាស់​ក្រុមហ៊ុន​ប្រាប់​នោះ​ទេ»៕ ​

X
5s