សញ្ញា៥យ៉ាងបង្ហាញថាអ្នកកំពុងតប់ប្រមល់ក្នុងចិត្តខ្លាំងបំផុត
អារម្មណ៍តប់ប្រមល់ តែងកើតឡើងលើមនុស្សសឹងគ្រប់គ្នា នៅពេលជួបបញ្ហាជាបន្តបន្ទាប់ ដោយមិនអាចដោះស្រាយវាបាន។ ការតប់ប្រមល់នេះ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក និង ការងារប្រចាំថ្ងៃផងដែរ។ ខាងក្រោមនេះ ជាសញ្ញាមួយចំនួននៃការតប់ប្រមល់ខ្លាំងដែលអ្នកមាន៖
១) អស់កម្លាំងខ្លាំង៖ ពេលខ្លះការមានអារម្មណ៍ថា អស់កម្លាំងពីក្នុងខ្លួនខ្លាំង មិនមែនដោយសារតែអ្នកបញ្ចេញកម្លាំងពលកម្មច្រើននោះទេ ប៉ុន្តែដោយសារតែអ្នកមានអារម្មណ៍តានតឹង និង ស្មុគស្មាញខ្លាំងពេក ជាហេតុនាំឲ្យបាត់បង់កម្លាំងយ៉ាងច្រើនបែប។
២) គេងមិនលក់៖ ការគេងមិនលក់នេះ ក៏អាចបណ្តាលមក ពីអារម្មណ៍តប់ប្រមល់ខ្លាំងផងដែរ ព្រោះថាកាលណាអ្នកមានអារម្មណ៍ស្មុគស្មាញកាន់តែខ្លាំង វានាំឲ្យខួរក្បាលរបស់អ្នកចេះតែគិតនេះគិតនោះ រហូតមិនអាចសម្រាកបានដោយស្រួលឡើយ។
៣) ឆាប់ខឹង៖ មនុស្សដែលមានអារម្មណ៍តានតឹងក្នុងចិត្តខ្លាំង គឺតែងតែឆាប់ខឹងចំពោះរឿងដែលមិនទំនងត្រូវខឹងសោះ ព្រោះពួកគេមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានឡើយ ជាពិសេសមានអ្វីដែលខុសពីការចង់បាន ឬ ធ្វើឲ្យកាន់តែស្មុគស្មាញទោះតិចតួចក៏ដោយ។
៤) មិនអាចផ្ដោតអារម្មណ៍ធ្វើអ្វីមួយបាន៖ នៅពេលណាអ្នក មានអារម្មណ៍ថា ខ្លួនពិតជាពិបាកក្នុងការតាំងចិត្ត និង ផ្ដោតអារម្មណ៍ក្នុងការធ្វើអ្វីមួយនោះ វាគឺអាចបណ្តាលមកពីអ្នកកំពុងមានបញ្ហាតានតឹងខ្លាំងហើយ ដែលត្រូវដោះស្រាយជាបន្ទាន់។ ភាពតានតឹងក្នុងចិត្តនេះ ពិតជាមិនអាចធ្វើឲ្យអារម្មណ៍របស់អ្នកស្ងប់បានឡើយ ជាហេតុមិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើអ្វីមួយឲ្យសម្រេចបាន។
៥) ព្រួយបារម្ភជ្រុល៖ ការគិតភ័យនេះភ័យនោះជាប់រហូតនោះ វាជាសញ្ញាមួយដែលបញ្ជាក់ថា អ្នកកំពុងស្ថិតក្នុងស្ថានភាពតប់ប្រមល់ខ្លាំងក្នុងចិត្តរហូត សូម្បីតែមិនទាន់មានរឿងអ្វីកើតឡើងក៏ដោយ៕
ដោយ៖ អ៊ុន ភក្តី