ជីវិតដែលមមាញឹក មិនមែនសុទ្ធតែមានន័យថាជាជីវិតដែលមានតម្លៃនោះទេ​



ពំនោល​របស់​ទស្សនវិទូ សូក្រាត មួយ​បាន​ពោល​ថា៖ "ចូរ​ប្រុង​ប្រយ័ត្ន​ភាព​ឥត​ខ្លឹមសារ​ពី​ជីវិត​ដែល​មមាញឹក"។ នៅ​ពេល​ដែល​ពិភពលោក​កាន់តែ​ជឿនលឿន​ទៅ​មុខ មនុស្ស​ជាច្រើន​កាន់តែ​ផ្ដោត​ទៅលើ​រឿង​ខាងក្រៅ​ច្រើន​ហួស​រហូត​លែង​ផ្ដោត​ទៅលើ​រឿង​ខាងក្នុង។

ពួកគេ​ឃើញ​គេ​ដើរ​ទៅ​មុខ​ក៏​ដើរ​ទៅ​តាម​គេ ដោយ​មិន​បាន​ឈប់​បន្តិច​មក​គិត​ថា​តើ​គោលដៅ​របស់​ខ្លួន​គឺជា​អ្វី តើ​ខ្លួនឯង​ចង់​ទៅ​ណា​នោះ​ឡើយ។ ម្នាក់ៗ​រវល់​នេះ​រវល់​នោះ រហូត​គ្មាន​ពេល​សម្រាក​បន្តិច​ដើម្បី​មក​អង្គុយ​ឆ្លុះ​កញ្ចក់​ត្រួតពិនិត្យ​អំពី​ខ្លួនឯង​ឡើង​វិញ ដើម្បី​ឲ្យ​ដឹង​ថា​តើ​ខ្លួនឯង​គឺជា​នរណា។ សកម្មភាព​របស់​ពួកគេ​ច្រើនតែ​ជា​ឥទ្ធិពល​ខាងក្រៅ​មក​អូសទាញ ជាជាង​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​និង​ការ​ស្គាល់​ច្បាស់​ថា​ខ្លួនឯង​ជា​នរណា ឬ​ជា​គោលជំហរ​ច្បាស់លាស់​ដែល​តំណាង​ឲ្យ​ទស្សនវិជ្ជា​ឬ​ជា​អត្តសញ្ញាណ​របស់​ខ្លួនឯង​មក​តម្រង់​ទិស​ផ្លូវ​ដើរ​របស់​ខ្លួនឯង។

ពួកគេ​រវល់​មមាញឹក​ខ្លាំង​ពេក​រហូត​ភ្លេច​ស្គាល់​ថា​ខ្លួនឯង​ជា​នរណា​ឲ្យ​ពិត​ប្រាកដ ហើយ​ថា​តើ​អ្វី​ទៅ​ដែល​ខ្លួនឯង​ចង់​បាន​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត។ ទម្រាំ​តែ​ពួកគេ​ភ្ញាក់​ដឹង​ខ្លួន​និង​ស្ដាយក្រោយ វា​គឺជា​ពេល​មួយ​ដែល​ពួកគេ​ទើប​នឹង​ចាប់ផ្ដើម​ស្វែងយល់​ថា​ផ្លូវ​ដើរ​ដែល​ខ្លួន​កំពុង​ជ្រើសរើស​ដើរ​តាម​អ្នកដទៃ​នេះ គឺ​តាម​ពិត​ទៅ​ពុំ​មែន​ជា​អ្វី​ដែល​ខ្លួនឯង​ចូលចិត្ត ឬ​បេះដូង​ខ្លួនឯង​ចង់​បាន​នោះ​ឡើយ។ អ្នក​ច្នៃប្រឌិត​របស់​អាមេរិក លោក ថូម៉ាស់ អេឌីសាន់ ធ្លាប់​បាន​និយាយ​ថា៖ "ការ​ដែល​អ្នក​រវល់ វា​មិនមែន​សុទ្ធតែ​មានន័យ​ថា​វា​គឺជា​ការងារ​ពិត​ប្រាកដ​នោះ​ឡើយ។ គោលបំណង​នៃ​ការងារ​ទាំងអស់​គឺជា​ផលិតផល​ដែល​ផលិត​បាន ឬ​សមិទ្ធផល​ដែល​សម្រេច​បាន ហើយ​ដើម្បី​សម្រេច​បាន​របស់​ណាមួយ​ក្នុង​ចំណោម​ទាំងពីរ​នេះ មនុស្ស​ម្នាក់​នោះ​ត្រូវ​ការ​គិត​ព្រាង​ជាមុន គិត​បែប​ប្រព័ន្ធ​មាន​ផែនការ​ច្បាស់លាស់ ភាព​ឈ្លាសវៃ និង​គោលបំណង​ដ៏​ស្មោះត្រង់ ជាពិសេស​គឺជា​ការ​ប្រឹងប្រែង​តស៊ូ​នេះ​ឯង។ គ្រាន់តែ​មើល​ទៅ​ហាក់​ដូច​ជា​ធ្វើ​ហើយ មិនមែន​ជា​ការ​ធ្វើ​វា​ពិត​ប្រាកដ​នោះ​ឡើយ"

ការ​ចេះ​អង្កេត​មើល​ខ្លួនឯង​នេះ​ហើយ គឺជា​គុណ​តម្លៃ​នៃ​អត្តចរិត​របស់​គតិបណ្ឌិត​ទាំងឡាយ។ វា​ដូចជា​ពេល​ដែល​អ្នក​ឆ្លុះ​មើល​មុខ​ខ្លួនឯង​នៅ​ក្នុង​កញ្ចក់ ហើយ​ដឹង​ថា​មុខ​ខ្លួនឯង​ប្រឡាក់​អ្វី និង​ចេះ​លាង​សម្អាត​វា​ឲ្យ​ស្អាត​នេះ​ឯង។ នៅ​ពេល​អ្នក​អង្កេត​ពី​ខាងក្នុង​របស់​ខ្លួនឯង អ្នក​នឹង​ស្គាល់​ថា​តើ​ខ្លួនឯង​ជា​នរណា អ្វី​ជា​ឧត្ដមគតិ​ដែល​អ្នក​ចង់​សម្រេច​ឲ្យ​បាន អ្វី​ជា​តម្លៃ​និង​អត្ថន័យ​នៃ​ជីវិត​របស់​អ្នក។ ដរាប​ណា​មនុស្ស​ម្នាក់​ស្គាល់​អំពី​ខ្លួនឯង​ហើយ ពួកគេ​នឹង​មិន​ក្លាយ​ជា​ទាសករ​របស់​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ពួកគេ​ឡើយ។ នេះ​ក៏​ព្រោះ​តែ​ពួកគេ​មាន​អត្តចរិត​និង​តម្លៃ​ជា​គោល​ដែល​ដឹកនាំ​ជីវិត ពុំ​មែន​ដើរ​ទៅមុខ​ទាំង​ងងឹតងងល់​ដោយ​ឥទ្ធិពល​អូសទាញ​ពី​ខាងក្រៅ​នោះ​ឡើយ៕

ដោយ៖ ស្រីពៅ  

X
5s