​ឈប់​ប្រកួត​គ្នា​ ​តែ​មក​បង្កើត​ សហ​ម៉ាក​សញ្ញា ​ដើម្បី​​ទទួល​បាន​ ១​ បូក​ ១​ ស្មើ​ ៣​ តើអ្វីទៅជា (១+១=៣)?​



​នេះ​ជា​ប្រធាន​បទ​នៃ​សិក្ខាសាលា​មួយ​​ដោយ​មាន​ការ​ធ្វើ​បទ​បង្ហាញ​​ពី​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ Putra Malaysia ​គឺ​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenny Teoh Guan Cheng ​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​ម៉ាឡេស៊ី។ លោក​បាន​​បង្ហាញ​ពី​ខ្លឹមសារ​សំខាន់​បំផុត​មួយ​​ គឺ​ចង់​​ឱ្យ​អាជីវកម្ម​ឈប់​ប្រកួត​គ្នា​តែ​នាំ​គ្នា​មក​បង្កើត​សហ​ម៉ាក​សញ្ញា​ ដើម្បី​ទទួល​បាន​លទ្ធផល​ច្រើន​ជាង​មុន (១​ បូក​ ១​ ស្មើ​ ៣​)។

ការ​ថ្លែង​បែប​នេះ​ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​​សិក្ខា​សាលា​លំដាប់​អន្តរជាតិ​មួយ​​​ ដែល​រៀប​ចំ​ឡើង​ដោយ​សមាគម​អ្នក​ទីផ្សារ​កម្ពុជា (Marketing Association of Cambodia) ​នៅ​អគារ​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ​កាល​ពី​ថ្ងៃ​សៅរ៍​ សប្ដាហ៍​មុន។

លោក បណ្ឌិត​ Kenny ​បាន​មាន​ប្រសាសន៍​ថា​ ជា​ការ​ពិត​​អាជីវកម្ម​ជា​ច្រើន​កំពុង​ប្រជែង​គ្នា​ ដោយ​គិត​រក​គ្រប់​វិធី​ដើម្បី​យក​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ប៉ុន្តែ​​​ប្រសិន​បើ​អ្នក​ទាំង​នោះ​ងាក​ទៅ​គិត​អំពី​ការ​ធ្វើ​សហ​​ម៉ាក​សញ្ញា​ជា​មួយ​គ្នា​ ​​នោះ​ពួ​កគេ​​នឹង​កាន់​តែ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​មុន​ទាំង​សង​ខាង​តែ​ម្ដង​ ពោល​គឺ​គ្មាន​ខាង​ណា​​ខាត​នោះ​ទេ​ គឺ​ចំណេញ​ទាំង​អស់​គ្នា​តែ​ម្ដង។

​ចំណេញ​ត្រង់​នេះ​គឺ​ចំណេញ​ទាំង​ការ​ទទួល​បាន​អតិថិជន​ច្រើន​ជា​មុន​ ចំណេញ​ទាំង​ទទួល​បាន​ម៉ាក​យីហោ​ល្បី​ល្បាញ​ជាង​មុន។ ​លោក​បណ្ឌិត​​​រូប​នេះ​ បាន​ថ្លែង​បន្ត​ថា​ ការ​ធ្វើ​សហ​ម៉ាក​សញ្ញា​រួម​គ្នា​នេះ​ទៅ​បាន​ គឺ​អាស្រ័យ​លើ​​ចរិត​លក្ខណៈ​របស់​មនុស្ស (attitude) ថា​ចង់​​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ដែរ​ឬ​អត់។ ​លោក​បាន​លើក​ឧទាហរណ៍​មួយ​ចំនួន​នៃ​គម្រោង​ដែល​គេ​ធ្វើ​សហ​ម៉ាក​សញ្ញា​​បាន​ជោគជ័យ​ថ្នាក់​ពិភពលោក​នា​ពេល​កន្លង​មក​មាន​ដូច​ជា​​ក្រុមហ៊ុន​ភេសជ្ជៈ​គោលជល់​ Red Bull ជា​មួយ​នឹង​​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​ GoPro បង្កើត​កិច្ច​សហការ​មួយ​​ជា​លក្ខណៈ​សកល​​កាល​ពី​ឆ្នាំ​២០១៦។

លោក​បណ្ឌិត​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ទាំង​ពីរ​សុទ្ធ​តែ​ទទួល​បាន​ផល​ចំណេញ​ទាំង​លក់​កាមេរ៉ា​ ​និង​ភេសជ្ជៈ ហើយ​អ្វី​ដែល​ពិសេស​គឺ​ម៉ា​ក​យីហោ​ (brand image) ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​កាន់​តែ​ល្បី។​

លោក​បណ្ឌិត​ ក៏​បាន​លើក​ឧទាហរណ៍​​មួយ​ទៀត​ថា​ ក្រុម​ហ៊ុន​រថយន្ត និង​ក្រុមហ៊ុន​​​ជា​ច្រើន​ទៀត​ ​បាន​ចូល​រួម​គ្នា​បង្កើត​​កម្មវិធី​ប្រណាំង​រថយន្ត​ល្បី​ទូទាំង​ពិភពលោក​ គឺ​ Formula One ដែល​កម្មវិធី​មាន​ការ​ចូល​រួម​​ពី​ក្រុមហ៊ុន​ Mercedes-Bez, Toyota, Rolex, Benelton, Durex, Shell, Ferrari, Marlboro, Honda, Tax និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត។

ដោយ​សារ​តែ​ Formula One ធ្វើ​ឱ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​គេ​សូ​វ​ស្គាល់​ពី​មុន​ បច្ចុប្បន្ន​​មាន​គេ​ស្គាល់​ច្រើន។​ លោក​បណ្ឌិត​ Kenny បាន​ផ្ដល់​អនុសាសន៍​ថា​ ក្រុមហ៊ុន​នៅ​កម្ពុជា​​បើ​អាច​ធ្វើ​បាន គួរ​ធ្វើ​សហ​ម៉ាក​សញ្ញា​​​ដើម្បី​បំពេញ​បេសកកម្ម​រួម​គ្នា​ ​ធ្វើ​ឱ្យ​ម៉ាក​យីហោ​របស់​កម្ពុជា​​ (branding Cambodia) ​បាន​ល្បី​​សុះ​សាយ​នៅ​ទូទាំង​សកលលោក​ជា​ជាង​ការ​ប្រកួត​ប្រជែង​គ្នា។ អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​ត្រូវ​ពង្រឹង​គុណភាព​ជា​លក្ខណៈ​ស្ដង់ដារ ​ហើយ​រួម​គ្នា​ធ្វើ​ម៉ាក​យីហោ​កម្ពុជា​៕

X
5s