មុននឹងសម្រេចចិត្តដំឡើងតំណែងដល់បុគ្គលិក អ្នកត្រូវចាំថាពូកែក្នុងជំនាញរបស់ពួកគេមិនដូចគ្នានឹងពូកែដឹកនាំអ្នកដទៃនោះឡើយ
ក្នុងនាមជាអ្នកដឹកនាំ តើអ្នកសម្លឹងមើលចំណុចណាខ្លះរបស់បុគ្គលិកអ្នក នៅរាល់ការសម្រេចចិត្តប្រគល់តំណែងខ្ពស់ជាអ្នកគ្រប់គ្រងទៅកាន់ពួកគេ ? មិនថាចំណុចទាំងនោះគឺជាសមិទ្ធផលស្នាដៃដែលពួកគេបានសាងប្រយោជន៍មកឲ្យក្រុមហ៊ុនអ្នក ឬជាទំនួលខុសត្រូវខ្ពស់ឬភាពម៉ត់ចត់នឹងភារកិច្ចការងាររបស់ពួកគេក៏ដោយ តែមានចំណុចមួយដែលអ្នកគួរគិតពិចារណាជានិច្ចមុនពេលដំឡើងតំណែងបុគ្គលិកជាអ្នកគ្រប់គ្រងនោះគឺ ពូកែនៅក្នុងជំនាញឯកទេសរបស់ពួកគេមិនមានន័យថាពូកែនៅក្នុងការគ្រប់គ្រងអ្នកដទៃនោះឡើយ។ វាជារឿង២ដែលខុសពីគ្នាដាច់ស្រឡះ។
គឺកំហុសឆ្គងនេះឯង ដែលអ្នកដឹកនាំណាក៏ដូចអ្នកដឹកនាំណាដែរ តែងតែសម្លឹងមើលចំណុចផ្សេងថាសំខាន់ដូចជាស្នាដៃរបស់ពួកគេជាដើម និងមិនបានផ្អាកបន្តិចមកគិតពិចារណាល្អិតល្អន់ថាមនុស្សដែលពូកែនៅក្នុងជំនាញរបស់គេ មិនប្រាកដថាពួកគេនឹងពូកែនៅក្នុងការគ្រប់គ្រងអ្នកជុំវិញខ្លួន ឬគេហៅថាមនុស្សនេះមានភាពជាអ្នកដឹកនាំនោះឡើយ។ មនុស្សយើងគ្រប់គ្នាមិនថាជាក្នុងពេលបច្ចុប្បន្ននេះ ជាមនុស្សដែលមានសមត្ថភាពកម្រិតណាក៏ដោយ គ្មាននរណាមើលឃើញទេថាតើសមត្ថភាពមនុស្សនេះនឹងប្រែប្រួលយ៉ាងដូចម្ដេចខ្លះ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ នរណាក៏មានសក្ដានុពលពិសេសបង្កប់នៅក្នុងខ្លួនពួកគេដែរ។ នៅពេលធ្វើជាថ្នាក់លើគេ គ្រប់គ្រងនិងដឹកនាំពួកគេទាំងនោះ ភារកិច្ចដ៏សំខាន់របស់អ្នក មិនមែនជាការគិតថាគួរបញ្ជានិងបញ្ចេញរឹទ្ធិអំណាចជាថ្នាក់លើគេបែបណាទើបគេព្រមធ្វើតាមនោះទេ។
ប៉ុន្តែទំនួលខុសត្រូវដ៏ធ្ងន់នៅលើស្មារបស់អ្នក គឺជាការគិតពិចារណាថាតើត្រូវធ្វើបែបណាទើបអាចគាស់រំលើងយកចេញនូវកំណប់ទ្រព្យរបស់ពួកគេម្នាក់ៗ និងជួយជំរុញពួកគេឲ្យឈានទៅដល់សក្ដានុពលខ្ពស់បំផុតរបស់គេបាន ? នេះហើយជាអត្ថន័យនៃភាពជាអ្នកដឹកនាំគំរូ ដែលមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ នៅក្រោមមជ្ឈដ្ឋានត្រឹមត្រូវនិងមានអំណោយផលល្អ មនុស្សម្នាក់ៗនឹងរីកលូតលាស់ហួសពីដែនកំណត់របស់ខ្លួន។ ភាពជាអ្នកដឹកនាំដែលទៅគ្រប់គ្រងអ្នកក្រោមបង្គាប់ មានលើសពីទេពកោសល្យដែលពូកែនៅក្នុងកិច្ចការដែលជាជំនាញរបស់ខ្លួន។ ដូច្នេះហើយបុគ្គលដែលសាងស្នាដៃបានល្អនៅក្នុងក្រុមហ៊ុនមិនប្រាកដថា នៅពេលមើលការខុសត្រូវអ្នកដទៃ ពួកគេនឹងធ្វើបានល្អដូចគ្នាដែរនោះឡើយ។ នៅពេលតួនាទីជាអ្នកដឹកនាំ បានប្រគល់ឲ្យមនុស្សខុសហើយ ការគ្រប់គ្រងរបស់ពួកគេអាចក្លាយជាការគ្រប់គ្រងបែបតូចចង្អៀត ដែលនឹងបង្កជាគ្រោះថ្នាក់ក្នុងរយៈពេលវែងដល់ក្រុមហ៊ុនទាំងមូល។
ពួកគេចាប់ផ្ដើមត្រួតត្រាលើចំណុចល្អិតតូចតាចគ្រប់រឿងទាំងអស់ គ្រប់ដំណាក់កាលទាំងអស់នៅក្នុងកិច្ចការនីមួយៗរបស់បុគ្គលិកទាំងអស់។ ពួកគេបង្គាប់បញ្ជានិងដាក់កំណត់បុគ្គលិកឲ្យត្រូវតែធ្វើតាមខ្លួនដាច់ខាត ដែលជាលក្ខណៈនៃការគ្រប់គ្រងបែបតូចចង្អៀត។ លទ្ធផល ? គ្មាននរណាគេចង់ស្ដាប់នោះទេ ម្នាក់ៗនឹងចាប់ផ្ដើមធុញទ្រាន់នឹងការងាររបស់ខ្លួន ប្រសិទ្ធភាពនិងផលិតភាពការងារនឹងធ្លាក់ចុះ បរិយាកាសការងារប្រែជាអាប់អួ។ មនុស្សម្នាក់ៗនឹងប្រើប្រាស់ធនធានទាំងប៉ុន្មានឲ្យអស់ពីខ្លួនដើម្បីជួយអ្នកឲ្យសម្រេចគោលដៅ នៅពេលអ្នកប្រគល់ការទទួលខុសត្រូវជាជាងកិច្ចការឲ្យពួកគេ និងផ្ដល់ការជឿទុកចិត្តរបស់អ្នកឲ្យពួកគេ ហើយទុកចន្លោះនិងសេរីភាពសមល្មមសម្រាប់ឲ្យពួកគេគិតរកដំណោះស្រាយបញ្ហាទៅតាមវិធីសាស្ត្ររៀងខ្លួន។
នៅពេលមានការជឿទុកចិត្តនិងការលើកទឹកចិត្តពីថ្នាក់លើ ជាពិសេសសេរីភាពសមរម្យ នោះចន្លោះនេះនឹងបង្កើតជាភាពច្នៃប្រឌិតដល់ពួកគេមិនខាន។ ដូច្នេះ ភាពជាអ្នកដឹកនាំគំរូមិនមែនមានត្រឹមតែពូកែក្នុងជំនាញឯកទេសរបស់ខ្លួននិងសាងស្នាដៃល្អនោះឡើយ វាគឺជាការចេះជំរុញអ្នកដទៃឲ្យរកឃើញនូវសក្ដានុពលពិសេសរបស់ខ្លួននិងបង្កើនអានុភាពវាឲ្យកាន់តែខ្លាំងឡើងៗនេះឯង៕
ដោយ៖ ស្រីពៅ