បើមិនចង់មានវិប្បដិសារីនាថ្ងៃអនាគតទេនោះ អ្នកគួរតែរៀនមេរៀនជីវិតទាំងនេះឲ្យហើយទៅ
មនុស្សយើងម្នាក់ៗមានវិប្បដិសារីច្រើនណាស់ក្នុងជីវិត។ អ្នកខ្លះមានវិប្បដិសារីដោយសារតែការសម្រេចចិត្តខុស។ ឯអ្នកខ្លះទៀតក៏មានភាពស្ដាយក្រោយដោយសារតែពុំបានធ្វើអ្វីមួយនៅអតីតកាលនិងហេតុផលជាច្រើនទៀត។ ដូច្នេះហើយ ដើម្បីកុំឲ្យជាន់ដានកំហុសចាស់ឬមានវិប្បដិសារីតទៅទៀត ខាងក្រោមនេះសុទ្ធតែជាមេរៀនជីវិតដែលអ្នកគួររៀនសូត្រពីឥឡូវនេះព្រោះវាអាចកែប្រែនិងផ្លាស់ប្ដូរជីវិតរបស់អ្នកឲ្យល្អប្រសើរបាន៖
១) រស់នៅនាពេលបច្ចុប្បន្នភាព៖ ពេលវេលាពិតជាមានតម្លៃខ្លាំងណាស់ តែគួរឲ្យស្ដាយ មនុស្សជាច្រើនចូលចិត្តចំណាយពេលវេលាទៅស្ដាយក្រោយនិងរស់នៅក្នុងអតីតកាលឬចំណាយពេលវេលាគិតពីអនាគតកាលច្រើនពេក។ ចូរចងចាំថាអ្នកមិនអាចកែប្រែអតីតកាលបានទេ ហើយអ្វីដែលអ្នកប៉ងប្រាថ្នាចង់បាននាថ្ងៃអនាគតក៏មិនអាចកើតមានឡើងដែរប្រសិនជាគ្មានសកម្មភាពនាពេលបច្ចុប្បន្ន។ ដូច្នេះហើយ ចូរប្រើប្រាស់ពេលវេលាបច្ចុប្បន្នឲ្យបានល្អនិងមានប្រសិទ្ធភាព។
២) ត្រូវហ៊ានប្រថុយខ្លះ៖ មនុស្សមួយចំនួនមិនហ៊ានធ្វើអ្វីទាំងអស់ព្រោះខ្លាចភាពបរាជ័យខ្លាំងពេក។ ប៉ុន្តែ ភាពជោគជ័យមិនអាចកើតមានឡើងប្រសិនជាអ្នកគ្មានសកម្មភាពឬមិនហ៊ានធ្វើអ្វីសោះ។ ប្រសិនជាអ្នករវល់តែខ្លាចនេះខ្លាចនោះ អ្នកគួរតែត្រៀមសំបុត្រមួយសម្រាប់សូមទោសខ្លួនឯងឲ្យហើយទៅ។ ការហ៊ានប្រថុយក្នុងន័យនេះមានន័យថាត្រូវហ៊ានធ្វើអ្វីមួយទោះបីជាមានហានិភ័យក៏ដោយព្រោះបើអ្នកមិនសាកល្បងសោះ អ្នកនឹងគ្មានថ្ងៃជោគជ័យក្នុងមួយជីវិតនេះ។
៣) ស្ដាប់តាមបេះដូងរបស់អ្នក៖ វាជារឿងល្អហើយប្រសិនជាអ្នកចេះរកមតិយោបល់ឬដំបូន្មានពីមនុស្សជុំវិញដូចជាមិត្តភ័ក្ដិឬគ្រួសារជាដើម។ បើទោះបីជាពួកគាត់ព្យាយាមឲ្យដំបូន្មានល្អៗដល់អ្នក ប៉ុន្តែគ្មាននរណាម្នាក់ដឹងច្បាស់ពីចំណង់ចំណូលចិត្តឬសេចក្ដីត្រូវការជាជាងអ្នកខ្លួនឯងផ្ទាល់នោះទេ។ ឧទាហរណ៍ថាអ្នកសម្រេចចិត្តបោះបង់ការងារប្រាក់ខែខ្ពស់មួយព្រោះអ្នកចង់ចាប់ផ្តើមជំនួញដែលជាក្តីសុបិនរបស់អ្នក អ្នកដទៃប្រហែលជាមិនគាំទ្រនោះទេ អាក្រក់ជាងនេះទៅទៀត ពួកគាត់អាចថាអ្នកជាមនុស្សឆ្កួតទៀតផង។ ប៉ុន្តែ ដរាបណាអ្នកដឹងច្បាស់ពីអ្វីដែលអ្នកចង់បាន ចូរប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនិងទទួលវាឲ្យបាន។
៤)ឈប់រអ៊ូទៀតទៅ៖ កុំអង្គុយនៅឆ្ងៀមហើយត្អូញត្អែរអំពីជីវិតរបស់អ្នកអីព្រោះគ្មាននរណាអាចជួយអ្នកបានប្រសិនជាអ្នកមិនជួយខ្លួនឯងជាមុន។ ប្រសិនអ្នកគិតថាគ្មានលុយចាយគ្រប់គ្រាន់ ចូររកការងារធ្វើទៅ។ ប្រសិនអ្នកចង់ឡើងឋានៈ ចូរខិតខំធ្វើការទៅ។ ប្រសិនអ្នកគិតថាអ្នកល្ងង់ ចូរអានសៀវភៅឲ្យបានច្រើន។ ឈប់បន្ទោសលើព្រេងវាសនាទៀតទៅ អ្វីៗទាំងអស់គឺអាស្រ័យទៅលើអ្នកទាំងស្រុងព្រោះអ្នកជាម្ចាស់នៃជីវិតខ្លួនឯង ត្រូវរស់នៅដោយមានការទទួលខុសត្រូវ៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ bornrealist.com