គន្លឹះ​ងាយ​ៗ​​តែ​ជួយ​ឲ្យ​ដំណើរ​កម្សាន្ត​របស់​អ្នក​កាន់​តែ​​មាន​ន័យ​ជាង​មុន​



​​​យើង​ម្នាក់​ៗ​អាច​នឹង​មមាញឹក​នឹង​ការ​សិក្សា​ ជំនួញ​ឬ​ការងារ​ជា​ដើម​ហើយ​ពុំ​សូវ​មាន​ពេល​វេលា​ទៅ​ដើរ​លេង​ប៉ុន្មាន​ទេ។ ដូច្នេះ​ហើយ ​ប្រសិន​ជា​​អ្នក​មាន​ពេល​ទៅ​ដើរ​លេង​ហើយ អ្នក​គួរ​តែ​រៀប​ចំ​​ដំណើរ​កម្សាន្ត​ឲ្យ​បាន​ល្អ​ព្រោះ​បើ​មិន​អ៊ីចឹង​ទេ ដំណើរ​កម្សាន្ត​របស់​អ្នក​មិន​ត្រឹម​តែ​អត់​សប្បាយ​ថែម​ទាំង​គួរ​ឲ្យ​ធុញ​ទៀត​ផង។ ដូច្នេះ​ អត្ថបទ​ថ្ងៃ​នេះ​នឹង​បង្ហាញ​ពី​គន្លឹះ​ងាយ​ៗ​ដែល​ជួយ​ឲ្យ​ដំណើរ​កម្សាន្ត​របស់​អ្នក​ប្រកប​ដោយ​ភាព​រីករាយ​និង​គួរ​ឲ្យ​ចង​ចាំ៖

១) ​រៀប​ចំ​​គម្រោង​ជា​មុន៖ ដំណើរ​កម្សាន្ត​​ល្អ​គឺ​ត្រូវ​មាន​ការ​​រៀប​ចំ​ឲ្យ​បាន​​ដិតដល់​ផង​ដែរ។ ​​ដូច្នេះ​ហើយ អ្នក​គួរ​តែ​ចំណាយ​ពេល​វេលា​ខ្លះ​ៗ​​គិត​ពី​ទី​តាំង​ដែល​អ្នក​ចង់​ទៅ រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​ដែល​អ្នក​ចង់​​ទៅ​​ឬ​សម្ភារៈ​ដែល​អ្នក​ត្រូវ​ការ។ល។ ការ​​​មាន​គម្រោង​ត្រឹមត្រូវ​​នឹង​ជួយ​​ឲ្យ​ដំណើរ​កម្សាន្ត​របស់​អ្នក​ទៅ​​បាន​រលូន​ដោយ​មិន​ខ្វះ​មុខ​ឬ​ខ្វះ​ក្រោយ។

២) ​យក​តែ​របស់​ដែល​ត្រូវ​ការ៖ ជា​ទូ​ទៅ ដំណើរ​កម្សាន្ត​គឺ​មាន​រយៈ​ពេល​ខ្លី​​អាច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​អាទិត្យ​ជា​ដើម។ ​ដើម្បី​ភាព​ងាយ​ស្រួល​ក្នុង​​ដំណើរ​កម្សាន្ត អ្នក​គួរ​តែ​យក​របស់​​ដែល​អ្នក​ចាំ​បាច់​និង​ត្រូវ​ការ​ប្រើ​ប្រាស់​បាន​​ហើយ។ កុំ​យក​របស់​ច្រើន​ពេក​​ព្រោះ​​​ប្រសិន​ជា​កាតាប​​ឬ​វ៉ា​លី​របស់​អ្នក​ធ្ងន់​ពេក អ្នក​ងាយ​នឹង​​ឆាប់​ហត់​និង​មិន​អាច​រីករាយ​​នឹង​​​​ដំណើរ​កម្សាន្ត​​បាន​អស់​ដៃ​នោះ​ទេ។

៣) ​ហៅ​មិត្តភ័ក្ដិ​​ទៅ​ជា​មួយ៖ ​ប្រសិន​ជា​អាច​ អ្នក​គួរ​​តែ​​ហៅ​មិត្តភ័ក្ដិ​​ទៅ​ជា​មួយ​ព្រោះ​ដំណើរ​កម្សាន្ត​​​​អាច​នឹង​សប្បាយ​ជាង​មុន​និង​កាន់​តែ​មាន​ការ​ចង​ចាំ​​ឬ​អនុស្សាវរីយ​ល្អ​ៗ​ជា​ជាង​ទៅ​ដើរលេង​តែ​​ម្នាក់​ឯង។ ម៉្យាង​វិញ​ទៀត ​​អ្នក​មិន​ត្រឹម​បង្កើត​អនុស្សាវរីយ​ល្អ​ៗ​​​និង​សើច​សប្បាយ​ជា​មួយ​មិត្ត​របស់​អ្នក​នោះ​ទេ អ្នក​ក៏​អាច​កាត់​បន្ថយ​ការ​ចំណាយ​ផង​ដែរ​។​

៤) ពិភាក្សា​គម្រោង​​ជា​មួយ​មិត្ត៖ ក្រោយ​មាន​គ្នា​ហើយ អ្នក​ក៏​មិន​គួរ​​រៀប​ចំ​កាល​វិភាគ​​​​ម្នាក់​ឯង​​​ដែរ។ អ្នក​ត្រូវ​ពិភាក្សា​ជា​មួយ​មិត្ត​ដើម្បី​ទទួល​បាន​គំនិត​កាន់​តែ​ច្រើន​​​និង​​ត្រូវ​​​យល់​ស្រប​​ពី​គម្រោង​ដំណើរ​កម្សាន្ត​នេះ​ជា​មួយ​គ្នា។ ហើយ​ប្រសិន​​ជា​​ដល់​ថ្ងៃ​​ដើរ​លេង​​ហើយ​មាន​​បញ្ហា​ឬ​មិន​​ដូច​​​អ្វី​ដែល​បាន​​គ្រោង​ទុក ​ចូរ​កុំ​បន្ទោស​គ្នា​​​ឬ​ឈ្លោះ​គ្នា​អី។ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ជួយ​គ្នា​គិត​ពី​ជំហាន​បន្ទាប់​ទៀត នេះ​ទើប​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​ប្រកប​ដោយ​ភាព​រីករាយ​បាន។

៥) ​ថត​រូប៖ ​​បើ​ទោះ​បី​ជា​អនុស្សាវរីយ​អាច​ចង​ចាំ​ក្នុង​ចិត្ត​បាន ​តែ​ប្រសិន​ជា​អាច​​ថតរូប​ទុក​ជា​អនុស្សាវរីយ​ទៀត​ នោះ​កាន់​តែ​អស្ចារ្យ។ ​​បន្ថែម​ពី​លើ​នេះ​​ទៅ​ទៀត ដំណើរ​កម្សាន្ត​កាន់​តែ​មាន​ន័យ​ប្រសិន​ជា​អ្នក​បាន​ថតរូប​នូវ​សកម្មភាព​សប្បាយ​ឬ​ឆ្កួត​ៗ​ជា​មួយ​មិត្ត​របស់​អ្នក។ ​ថ្ងៃ​ក្រោយ អ្នក​អាច​ត្រឡប់​មើល​រូប​ថត​ទាំង​នេះ​ហើយ​សើច​សប្បាយ​ទៀតផង​៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ wikihow.com

X
5s