ភាពជោគជ័យរបស់ក្រុមហ៊ុន Zappos ដែលមានCEOលោក Tony Hsieh ឆ្លុះបញ្ចាំងឲ្យឃើញថាតើអត្តសញ្ញាណរបស់ក្រុមហ៊ុនសំខាន់ខ្លាំងប៉ុណ្ណា​



វប្បធម៌​របស់​សង្គមជាតិ​មួយ គឺជា​អ្វីៗ​ទាំងឡាយ​ដែល​ប្រៀប​បាន​ទៅ​នឹង​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​ពិសេស​ជាក់លាក់​របស់​សង្គមជាតិ​មួយ​នោះ។ រីឯ​វប្បធម៌​របស់​ក្រុមហ៊ុន​មួយ​វិញ ក៏​មិន​ខុស​គ្នា​អ្វី​ដែរ។ វប្បធម៌​ក្រុមហ៊ុន​គឺជា​អ្វីៗ​ទាំងអស់​របស់​ក្រុមហ៊ុន​មួយ​នោះ។ វា​គឺជា​ចំណុច​ស្នូល​ខាងក្នុង ដែល​តំណាង​ឲ្យ​អត្តចរិត​របស់​ក្រុមហ៊ុន គឺជា​អ្វី​ដែល​ក្រុមហ៊ុន​មួយ​នោះ​ផ្ដោត​តម្លៃ​ទៅលើ។ ហេតុនេះ​នៅ​ពេល​ក្រុមហ៊ុន​មួយ​មិន​មាន​វប្បធម៌​របស់​ខ្លួន​ច្បាស់លាស់ នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ដែល​ឥត​មាន​ឧត្ដមគតិ​ជា​របស់​ខ្លួន​ដូច្នោះ។ បង្កើត​នូវ​ភាព​រីករាយ​និង​ភាព​ចម្លែក​បន្តិច គឺជា​វប្បធម៌​មួយ​របស់​CEO លោក Tony Hsieh ដែល​បាន​សាង​ភាព​ជោគជ័យ​ឲ្យ​ក្រុមហ៊ុន Zappos ជាមួយ​ប្រាក់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។

បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០០ ក្រុមហ៊ុន Zappos ដែល​មាន​សហគ្រិន​ជនជាតិ​អាមេរិក លោក Tony Hsieh ជា​CEO​របស់​ក្រុមហ៊ុន គឺជា​ក្រុមហ៊ុន​លក់​ស្បែកជើង​តាម​អនឡាញ ហើយ​ត្រឹមតែ​៩​ឆ្នាំ​ក្រោយ​ប៉ុណ្ណោះ Zappos ត្រូវ​បាន Amazon.com ប្រកាស​ប្រាក់​ចំណូល​របស់​ពួកគេ​ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​១.២​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ។ ឥឡូវ​នេះ លោក Tony Hsieh បាន​គ្រប់គ្រង​ទៅលើ​ទ្រព្យសម្បត្តិ​ប្រមាណ​៧៨០​លាន​ដុល្លារ​ក្នុង​វ័យ​៤៤​ឆ្នាំ​របស់​ខ្លួន។ blogs.ubc.ca[/caption] លោក​គឺជា​អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​ហាវើដ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ក្នុង​ឆ្នាំ​១៩៩៥។ នៅ​ឆ្នាំ​បន្ទាប់ គាត់​មាន​គំនិត​បង្កើត​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​ដ៏​ល្បី​ឈ្មោះ​មួយ​ដែល​មាន​ឈ្មោះ​ថា LinkExchange ប៉ុន្តែ​ក្រោយ​មក​ក៏​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន Microsoft ក្នុង​ឆ្នាំ​១៩៩៩ ក្នុង​តម្លៃ​២៦៥​លាន​ដុល្លារ។ ក្នុង​ឆ្នាំ​២០១០ គាត់​ក៏​ជា​អ្នក​និពន្ធ​សៀវភៅ Delivering Happiness ជា​សៀវភៅ​មួយ​ក្បាល​ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​គេ​ក្នុង​តារាង​របស់ The New York Time Best Sellers និង​រក្សា​ក្នុង​តំណែង​នេះ​បន្ត​ជាប់ៗ​គ្នា​រហូត​ដល់​ទៅ​២៧​សប្ដាហ៍​ទៀត។  ឈប់​រត់​ដេញ​តាម​លុយ ហើយ​រត់​ដេញ​តាម​ជំនក់​ចិត្ត​របស់​អ្នក​វិញ ស្វែងរក​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​អ្នក​ជក់ចិត្ត ជា​អ្វី​ដែល​អ្នក​តែង​មាន​ថាមពល​ពុះ​កញ្ជ្រោល​នឹង​ធ្វើ។ នៅ​ពេល​អ្នក​ចាប់ផ្ដើម​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ នោះ​វា​នឹង​នាំ​ភាព​ជោគជ័យ​មក​ឲ្យ​អ្នក មានន័យ​ថា​នៅ​ពេល​អ្នក​រត់​ដេញ​តាម​ជំនក់​ចិត្ត​ខ្លួនឯង នោះ​លុយ​នឹង​រត់​មក​តាម​ក្រោយ​អ្នក​នោះ​ទេ ហើយ​សេចក្ដី​សុខ​របស់​ខ្លួនឯង​និង​សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន​អ្នក ដូចជា​បុគ្គលិក​និង​អតិថិជន​ក៏​មក​ព្រមៗ​គ្នា​ជាមួយ​គ្នា​ដែរ។ លះបង់​ប្រយោជន៍​រយៈពេល​ខ្លី ដើម្បី​ទទួល​ប្រយោជន៍​ធំធេង​ក្នុង​រយៈពេល​វែង សំណួរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដែល​CEO​របស់​ក្រុមហ៊ុន Zappos តែងតែ​សួរ​ទៅ​កាន់​បុគ្គលិក​ក្នុង​ដំណាក់កាល​សម្ភាស​សុំ​ការងារ​នោះ​គឺ ចាប់ពី​កម្រិត​១​ដល់​១០ តើ​អ្នក​គិត​ថា​ភាព​ចម្លែក​របស់​អ្នក​ស្ថិត​ក្នុង​កម្រិត​ណាមួយ។ បុគ្គលិក​នីមួយៗ​ត្រូវ​បាន​ស្វាគមន៍​ជា​លើក​ដំបូង​ជាមួយ​នឹង​ការ​ហ្វឹកហាត់​ណែនាំ​រយៈពេល​៤​សប្ដាហ៍​ដំបូង។ នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ទី១ គាត់​នឹង​ប្រគល់​ប្រាក់​ចំនួន​២០០០​ដុល្លារ​បើ​ពួកគេ​យល់​ព្រម​លា​ឈប់​ពី​ការងារ។ មូលហេតុ​ដែល​លោក​ធ្វើ​បែប​នេះ​ក៏​ព្រោះ​តែ វា​នឹង​ឆក់​ទាញ​យក​មនុស្ស​ដ៏​ត្រឹមត្រូវ​មក​រួម​ដំណើរ រួម​គោលដៅ​តែ​មួយ​ជាមួយ​គ្នា គឺជា​មនុស្ស​ដែល​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ពេញចិត្ត​ចំពោះ​ការងារ​របស់​ខ្លួន មិនមែន​គ្រាន់តែ​ដើម្បី​លុយ​នោះ​ឡើយ។ ការ​លះបង់​ប្រយោជន៍​ក្នុង​រយៈពេល​ខ្លី​នឹង​តបស្នង​នូវ​ប្រយោជន៍​ដ៏​ធំធេង​មក​វិញ​ក្នុង​រយៈពេល​វែង។ លោក​បាន​រៀបរាប់​ថា បើ​ទោះជា​អ្នក​ត្រូវការ​មនុស្ស​ច្រើន​ទៀត​មក​បំពេញ​តួនាទី​ដែល​នៅ​សល់​ក៏​ដោយ តែ​អ្នក​ត្រូវតែ​ធ្វើ​វា​ដោយ​សន្សឹមៗ ព្រោះ​បើ​អ្នក​បង្ខំ នោះ​អ្នក​នឹង​ជ្រើសរើស​មនុស្ស​ខុស ក្នុង​រយៈពេល​វែង​គឺ​មនុស្ស​ខុស​ទាំងនោះ​ហើយ​ដែល​ធ្វើឲ្យ​ខាតបង់​ក្រុមហ៊ុន​អ្នក ហើយ​អ្នក​ក៏​បាត់បង់​ថាមពល​ជក់ចិត្ត​ទៅលើ​ការងារ​អ្នក​ផង​ដែរ។ on] បម្រើ​អតិថិជន​ចាស់ៗ​របស់​អ្នក​ឲ្យ​ល្អ​បំផុត នោះ​ពួកគេ​នឹង​ប្រើ​មាត់​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឲ្យ​អ្នក ខុស​ពី​ក្រុមហ៊ុន​ដទៃ​ដែល​តែងតែ​ជះ​លុយ​ទៅ​លើ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​មុខ​សញ្ញា​អាជីវកម្ម​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ឲ្យ​គេ​ស្គាល់​ច្រើន។ ដោយឡែក​ក្រុមហ៊ុន Zappos ផ្ដោត​ទៅលើ​ការ​មើល​ថែទាំ​បម្រើ​អតិថិជន​របស់​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត ដោយ​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ការ​កុម្ម៉ង់ គោលការណ៍​ដូរ​យក​លុយ​វិញ​ក្នុង​រយៈពេល​៣៦៥​ថ្ងៃ និង​ទំនាក់ទំនង​ជាមួយ​អតិថិជន​នៅ​រាល់​ពេល​ពួកគេ​ត្រូវការ​ជំនួយ។ ជាជាង​ជំរុញ​ឲ្យ​បុគ្គលិក​ទាក់ទង​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​អតិថិជន​ឲ្យ​បាន​ច្រើន​នាក់ ពួកគេ​ផ្ដោត​ទៅលើ​រយៈពេល​និយាយ​ជាមួយ​អតិថិជន​ទៅវិញ កាន់តែ​យូរ​ប៉ុណ្ណា​កាន់តែ​ល្អ​ប៉ុន​នោះ​ដែរ។ នៅ​ពេល​អតិថិជន​ពេញចិត្ត​ជាមួយ​សេវាកម្ម​ពួកគេ​ហើយ បន្ទាប់មក​ទុក​ឲ្យ​អតិថិជន​ស្មោះត្រង់​ជា​អ្នក​ធ្វើ​ទីផ្សារ​ឲ្យ​ផលិតផល​អ្នក​ចុះ៕

ដោយ៖ ស្រីពៅ

X
5s