តើ​​គួរ​ធ្វើ​យ៉ាង​ណា​នៅ​ពេល​ដែល​អ្នក​​ជួប​​ឧបសគ្គ​ដែល​​គិត​ថា​មិន​អាច​ឆ្លង​ផុត? ​​



មនុស្ស​ជា​ច្រើន​រាល់​ពេល​ជួប​ឧបសគ្គ​តិច​តួច​ក៏​មាន​គំនិត​ចង់​បោះ​បង់​​​​ទៅ​​ហើយ។ ប៉ុន្តែ រាល់​ឧបសគ្គ​និង​ស្ថានភាព​លំបាក​ៗ​​ដែល​អ្នក​ជួប​មិន​មែន​មាន​ន័យ​ថា​អ្នក​ពុំ​អាច​ឆ្លង​កាត់​​នោះ​ទេ ​​គ្រាន់​តែ​​ទាម​ទារ​​​ឲ្យ​អ្នក​មាន​ការ​អត់ធ្មត់ ការ​ខិត​ខំ​ប្រឹង​ប្រែង​​និង​​មិន​បោះបង់។ ប្រសិន​អ្នក​ជួប​ឧបសគ្គ​ហើយ​គិត​ថា​ខ្លួន​ឯង​មិន​អាច​សម្រេច​បាន​ ចូរ​សាកល្បង​អនុវត្ត​គន្លឹះ​ខាង​ក្រោម​នេះ​​សិន​មុន​នឹង​អ្នក​បោះ​បង់​៖

១) ធ្វើពុត​រហូត​ដល់​អ្នក​អាច​ធ្វើ​វា​បាន

ភាព​ខ្លាំង​ពូកែ​មិន​អាច​កើត​មាន​ឡើង​ក្នុង​រយៈពេល​ខ្លី​បាន​ឡើយ។ ​ប៉ុន្តែ ​ចូរ​កុំ​បារម្ភ​អី ប្រសិន​អ្នក​មិន​ចេះ​អ្វី​មួយ អ្នក​អាច​​បន្លំ​បាន។ ឧទាហរណ៍​ថា​អ្នក​ត្រូវ​ធ្វើ​បទ​បង្ហាញ​ទៅ​កាន់​អតិថិជន​ជា​ដើម ប៉ុន្តែ​អ្នក​​មាន​ភាព​​ភ័យ​ខ្លាច​រាល់​ពេល​ដែល​អ្នក​និយាយ​។ តែ ភាព​ភ័យ​ខ្លាច​អាច​​បំបាត់​បាន​​ដោយ​អ្នក​​អនុវត្ត​ការ​និយាយ​​ឲ្យ​បាន​ច្រើន​មុន​ពេល​​ធ្វើ​បទ​បង្ហាញ​​ ​ហើយ​ការ​អនុវត្ត​នេះ​នឹង​ជួយ​​​ឲ្យ​អ្នក​និយាយ​បាន​ល្អ​​ដោយ​មាន​​​ទំនុក​ចិត្ត​ ដែល​ជួយ​ឲ្យ​អតិថិជន​​មើល​មិន​​ឃើញ​នូវ​ភាព​ភ័យ​ខ្លាច​របស់​អ្នក​។ មិន​ថា​ស្ថាន​ភាព​អ្វី​ក៏​ដោយ អ្នក​អាច​ធ្វើ​ពុត​បាន​ប្រសិន​ជា​អ្នក​មាន​ការ​អនុវត្ត​គ្រប់​គ្រាន់។

២) ភាព​អត់ធ្មត់​និង​ការ​ខំ​ប្រឹង​

មនុស្ស​ជា​ច្រើន​​បោះ​បង់​ចោល​នូវ​ក្តី​សុបិន​ដោយ​សារ​តែ​ពួក​គាត់​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ដំបូង។ ប៉ុន្តែ ​ចូរ​ចង​ចាំ​ថា​ភាព​​អស្ចារ្យ​មិន​អាច​កើត​ឡើង​ដោយ​ងាយស្រួល​នោះ​ទេ។ ដូច្នេះ​ហើយ វា​ទាមទារ​ឲ្យ​មាន​ភាព​អត់ធ្មត់​ខ្ពស់​និង​ការ​ខំ​ប្រឹង​។ ឧទាហរណ៍​អ្នក​​រាំ​របាំ​ទៅ​មើល៍​​ ពួកគាត់​ហ្វឹកហាត់​រាប់​​ខែ​រាប់​ឆ្នាំ​ទម្រាំ​តែ​អាច​​ពត់​ខ្លួន​បាន​ទន់​ល្អ​​​ ប្រសិន​ជា​ពួក​គេ​គ្មាន​ការ​អត់​ធ្មត់​និង​ការ​ខំ​ប្រឹង​​ទេ ពួក​គេ​​នឹង​មិន​ជោគជ័យ​ក្នុង​អាជីព​របស់​ពួក​គាត់​ឡើយ។​

៣) សុំ​ជំនួយ​ពី​អ្នក​ដទៃ

សុភាសិត​មួយ​បាន​ពោល​ថា៖ «​​ខួរ​ក្បាល​ពីរ​ប្រសើរ​ជាង​ខួរក្បាល​មួយ»។ ប្រសិន​ជា​អ្នក​ជួប​បញ្ហា​ដែល​អ្នក​មិន​​ដឹង​​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ដូច​ម្តេច ចូរ​រក​មិត្តភ័ក្ដិ​ឬ​មនុស្ស​ណា​ដែល​ធ្លាប់​ឆ្លង​កាត់​​​ដើម្បី​ទទួល​បាន​មតិយោបល់​ល្អ​ឬ​សុំ​ឲ្យ​ពួក​គេ​ជួយ​គិត​តើ​ត្រូវ​ដោះ​ស្រាយ​ដោយ​របៀប​ណា។ ពេល​ខ្លះ យើង​គិតមិន​​ឃើញ​មធ្យោ​បាយ​ល្អ​​​នោះ​ទេ។ ដូច្នេះ​ហើយ​ ប្រសិន​ជា​មាន​អ្នក​ផ្សេង​ជួយ​គិត បញ្ហា​អាច​នឹង​ដោះ​ស្រាយ​បាន៕​​

ប្រែ​សម្រួល៖ អុឹង មុយយូ

ប្រភព៖ success.com​

X
5s