សិល្បៈក្នុងការប្រើពាក្យពេចន៍ទៅកាន់មនុស្សបាក់ទឹកចិត្តខ្លាំង
ជំងឺបាក់ទឹកចិត្តគឺជាជំងឺកាចសាហាវនិងគួរឲ្យខ្លាចបំផុតព្រោះវាអាចសម្លាប់ជីវិតមនុស្សបាន។ អ្នកដែលមានជំងឺបាក់ទឹកចិត្តច្រើនតែពិបាកចិត្ត ចង់នៅម្នាក់ឯងនិងគិតចង់សម្លាប់ខ្លួនជាដើមព្រោះពួកគេគិតថាគ្មាននរណាម្នាក់អាចជួយពួកគេបានឡើយ។
ប៉ុន្តែ ជំងឺបាក់ទឹកចិត្តមិនមែនជាជំងឺដែលមិនអាចព្យាបាលនោះទេ។ ប្រសិនអ្នកមានមិត្តភ័ក្ដិណាដែលមិនសប្បាយចិត្ត កើតទុក្ខនិងហាក់ដូចជាកំពុងបាក់ទឹកចិត្តខ្លាំង ខាងក្រោមនេះជាអ្វីដែលអ្នកអាចនិយាយនិងលើកទឹកចិត្តពួកគេបាន៖
១) ខ្ញុំនឹងនៅជាមួយអ្នក៖ ថ្វីត្បិតតែឃ្លានេះសាមញ្ញតែវាមានន័យខ្លាំងណាស់សម្រាប់មនុស្សបាក់ទឹកចិត្តព្រោះអ្នកបានប្រាប់ពួកគេអ្នកមិនបោះបង់ពួកគេឲ្យនៅម្នាក់ឯង ហើយអ្នកទាំងពីរនឹងឆ្លងកាត់ឧបសគ្គជាមួយគ្នា។
២) មិនមែនមានតែអ្នកម្នាក់ឯងទេ៖ មនុស្សដែលមានជំងឺបាក់ទឹកចិត្តគិតថាគ្មាននរណាម្នាក់អាចយល់ពីបញ្ហាដែលពួកគេប្រឈមមុខឡើយ ម៉្យាងវិញទៀតពួកគេត្រូវឆ្លងកាត់បញ្ហាទាំងនោះដោយខ្លួនឯង។ ដូច្នេះហើយ វាមានសារៈសំខាន់ដែលអ្នកបង្ហាញថាពួកគេមិនចាំបាច់ឆ្លងកាត់តែម្នាក់ឯងនោះទេ ហើយអារម្មណ៍មិនសប្បាយចិត្តក៏មិនមែនកើតឡើងលើពួកគេនោះទេ មនុស្សគ្រប់គ្នាសុទ្ធតែមានអារម្មណ៍បែបនេះម្ដងម្កាល។
៣) វាមិនមែនជាកំហុសរបស់អ្នកនោះទេ៖ មនុស្សបាក់ទឹកចិត្តច្រើនតែគិតថាអ្វីៗសុទ្ធតែកំហុសរបស់ពួកគេ។ ឧទាហរណ៍មនុស្សដែលស្រឡាញ់ភេទដូចគ្នាដែលភាគច្រើនត្រូវបានគេរើសអើងនិងស្អប់ខ្ពើមផងនោះ ពួកគេអាចមានអារម្មណ៍ឯកានិងកើតទុក្ខ ដែលនាំឲ្យពួកគេបាក់ទឹកចិត្ត។ អ៊ីចឹងហើយ អ្នកគួរតែពន្យល់ថាវាមិនមែនជាកំហុសរបស់ពួកគេព្រោះពួកគេពុំមានជម្រើសព្រោះពួកគេកើតមកបែបនេះ។
៤) សាកសួរពីអារម្មណ៍របស់ពួកគេ៖ មនុស្សបាក់ទឹកចិត្តមិនចូលចិត្តចែករំលែកបញ្ហារបស់ពួកគេទៅកាន់អ្នកដទៃនោះទេព្រោះពួកគេយល់ថាគ្មាននរណាយល់។ ប្រសិនជាអ្នកមិនសាកសួរ ពួកគេកាន់តែមិនប្រាប់។ ដូច្នេះហើយ អ្នកគួរសួរពួកគេហើយស្វែងយល់ពីបញ្ហានិងជួយរកដំណោះស្រាយឲ្យពួកគេ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ huffpost.com