តើចំណុចណាខ្លះ ដើម្បីសម្គាល់ថា ខ្លួនឯងជាមនុស្សក្បាលរឹង និង ចចេសដូចកង្កែបក្នុងអណ្ដូង?
ភាពចចេសរឹងរូសនិងភាពជឿទុកចិត្តលើខ្លួនឯង មានរូបភាពដូចគ្នា ប៉ុន្តែអត្ថន័យដែលបង្កប់នូវក្នុងរូបភាពនីមួយៗគឺមិនដូចគ្នានោះឡើយ។ រូបភាពដូចគ្នានោះគឺនៅត្រង់ចំណុចដែលមនុស្សទាំងពីរនេះមានភាពប្រាកដប្រជាជាក់លាក់ចំពោះគំនិតដែលខ្លួនឯងកំពុងតែជឿជាក់។ ដោយឡែក អ្វីដែលសម្គាល់នូវអត្តសញ្ញាណថាមនុស្សម្នាក់នេះគឺជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង គឺនៅត្រង់ថាពួកគេបានបើកទ្វារឲ្យខ្លួនឯងចេញពីបន្ទប់ងងឹត និងសម្លឹងមើលពិភពលោកនៅក្នុងរូបភាពដ៏ធំទូលាយមួយ។ ត្រង់ចំណុចនេះហើយដែលជាអត្ថន័យខុសគ្នារវាងភាពចចេសរឹងរូសនិងជំនឿទុកចិត្តលើខ្លួនឯងដែលមាននៅលើរូបភាពដូចគ្នា។
អ្នកអាចស្រមៃបន្តិចអំពីអត្ថប្បដិរូបរបស់ប្លាតុង ដែលមានដំណើរបែបនេះថា មានបុរស៣នាក់បានជាប់ឃុំឃាំងនៅក្នុងបន្ទប់ងងឹតមួយតាំងតែពីថ្ងៃចាប់កំណើតមកម្ល៉េះ ហើយក៏មិនដែលមានឱកាសបានចាកចេញទៅខាងក្រៅសូម្បីតែម្ដង ដើម្បីបានដឹងថាតើនៅខាងក្រៅបន្ទប់ដ៏ងងឹតនេះមានអ្វីខ្លះនោះដែរ។ ដូច្នេះ អ្វីដែលបុរសទាំង៣នាក់នេះជឿជាក់ចំពោះការពិតនៃពិភពលោកដ៏ធំធេងឥតមានដែនកំណត់នេះ គឺជាពិភពងងឹតទទេស្អាតមួយ ដែលពុំមានអ្វីប្លែកអស្ចារ្យដែលខ្លួនមិនធ្លាប់គិតដល់នោះឡើយ។
លុះមានថ្ងៃមួយ ក្នុងចំណោមបុរស៣នាក់នេះ មានបុរសម្នាក់មានឱកាសបានចាកចេញពីទីងងឹតនេះ។ នៅពេលនោះ បុរសម្នាក់នេះក៏ទទួលបានរូបភាពដ៏ថ្មីមួយពីពិភពលោកនេះ ដែលពុំមែនមានត្រឹមតែជាភាពងងឹតដូចនឹងអ្វីដែលខ្លួនធ្លាប់មើលឃើញនៅក្នុងបន្ទប់ឃុំឃាំងនោះឡើយ។ បុរសនេះក៏ចាប់ផ្ដើមស្វែងរកការពិត ហើយក្រោយមកក៏យកអ្វីដែលខ្លួនទទួលបានពីពិភពខាងក្រៅមកប្រាប់បុរស២នាក់ទៀតដែលនៅជាប់ឃុំឃាំងមិនធ្លាប់បានចេញពីទីនោះសោះ។ ក្រោយពីប្រាប់ថានៅខាងក្រៅមានអ្វីខ្លះ ហើយការពិតជាអ្វី ដែលមិនដូចនឹងអ្វីដែលពួកគេធ្លាប់តែមើលឃើញនៅក្នុងបន្ទប់ងងឹត បុរស២នាក់នោះក៏បានស្ដីបន្ទោស ដោយចោទបុរសម្នាក់ទៀតនោះថាជាមនុស្សឆ្កួត ហើយនៅពេលប្រាប់ឲ្យចាកចេញពីទីងងឹតនេះ ពួកគេក៏ចោទថាបុរសម្នាក់នោះមានបំណងមិនល្អមកលើខ្លួន។
តើនរណាជាមនុស្សឆ្កួតពិតប្រាកដ ? តើនរណាគឺជាកង្កែបក្នុងអណ្ដូងពិតប្រាកដ ? មនុស្សយើងគ្រប់គ្នានៅលើលោកនេះក៏មិនខុសគ្នាពីបុរស២នាក់ដែលជាប់ឃុំឃាំងនៅក្នុងបន្ទប់ងងឹត មិនព្រមស្វែងរកការពិតជាអ្វីនោះដែរ។ មនុស្សចចេសរឹងរូសគឺជាមនុស្សដែលពិបាកនឹងផ្លាស់ប្ដូរបំផុត ព្រោះពួកគេតែងតែជឿជាក់ថាអ្វីៗនឹងមិនប្រែប្រួលនោះឡើយ ហើយគ្រប់យ៉ាងនឹងប្រព្រឹត្តទៅតាមការរំពឹងទុករបស់ខ្លួនជានិច្ច។ វាប្រៀបដូចជាមនុស្សមួយចំនួនដែលនៅតែជឿថាភពផែនដីជាផ្ទៃរាបស្មើនិងស្ថិតនៅចំកណ្ដាលប្រព័ន្ធព្រះអាទិត្យដូច្នោះ បើទោះជាមានការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្ររាប់មិនអស់មានភស្តុតាងបកស្រាយបញ្ជាក់ផ្ទុយពីជំនឿខុសឆ្គងនេះក៏ដោយ។
បើអ្នកដឹងកាន់តែច្រើនប៉ុណ្ណា នោះអ្នកនឹងដឹងថាមានរឿងកាន់តែច្រើនទៅទៀតដែលអ្នកមិនដឹង។ អ្នកត្រូវចាំថា ពិភពលោកដែលអ្នកមើលឃើញគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ បើធៀបទៅនឹងចក្រវាលដ៏ធំធេងនេះ។ គ្មាននរណាម្នាក់ចេះដឹងសព្វគ្រប់អស់ពីការពិតនៅក្នុងចក្រវាលនេះឡើយ។ ពួកយើងរាល់គ្នាគ្រាន់តែជាកង្កែបក្នុងអណ្ដូងប៉ុណ្ណោះ។
ប៉ុន្តែបើយើងទម្លាក់ចោលនូវភាពចចេសរឹងរូសនេះ ហើយបើកគម្របឲ្យខ្លួនឯងចាកចេញពីអណ្ដូងងងឹតនេះ ដើម្បីស្វែងរកសច្ចភាពពិត ទទួលស្ដាប់គំនិតអ្នកដទៃឲ្យបានច្រើន ប៉ុន្តែមិនមែនឲ្យអ្នកចេះតែព្រមជឿតាមគេនោះឡើយ ប៉ុន្តែត្រូវយកមកគិតវិភាគខ្លួនឯងបន្ថែមទៀតថាតើវាសមហេតុផលឬអត់ ភាពចចេសរឹងរូសប្រៀបបាននឹងមនុស្សដែលរស់នៅយ៉ាងចាស់កម្រិលដោយមិនទទួលស្គាល់ថាតើបច្ចេកវិទ្យាបច្ចុប្បន្នជឿនលឿនកម្រិតណា និងបានផ្លាស់ប្ដូរជីវិតមនុស្សយ៉ាងដូចម្ដេចខ្លះនេះឯង។
មានតែការសម្អាតចិត្តអ្នកឲ្យបរិសុទ្ធសហ្មត់ហ្មងប៉ុណ្ណោះ បើចិត្តអ្នកនៅតែប្រឡាក់ប្រឡូកជាមួយនឹងជំនឿរបស់ខ្លួនដោយមិនអាចលែងបាន នោះអ្នកគ្មានថ្ងៃមើលឃើញពន្លឺពិតនៅក្នុងពិភពលោកនេះបានឡើយ៕
ដោយ៖ ស្រីពៅ