សញ្ញាទាំងនេះ បង្ហាញថាអ្នកកំពុងធ្វើឲ្យខ្លួនឯងឈឺចាប់ !
ជីវិតលើលោកនេះ គឺមិនសក្ដិសមនឹងទទួលយកការឈឺចាប់ដាក់ខ្លួននោះទេ។ អ្នកគួរទទួលបានការរស់នៅពោរពេញដោយសុភមង្គល និងភាពរីករាយគ្រប់ពេលវេលា។ ប៉ុន្តែដោយសារកត្តាជុំវិញខ្លួន អ្នកបានធ្វើឲ្យខ្លួនឯងនេះទទួលរងការឈឺចាប់ដោយមិនដឹងខ្លួន។ តើសញ្ញាដូចម្ដេចខ្លះ បង្ហាញថា អ្នកកំពុងធ្វើឲ្យខ្លួនឯងឈឺចាប់?
១) តែងធ្វើឲ្យខ្លួនឯងឃ្លាតឆ្ងាយពីអ្នកដទៃ៖ មនុស្សជាច្រើនតែងបង្វែរខ្លួនឯង ឲ្យឃ្លាតឆ្ងាយពីអ្នកដទៃ ដោយលើកហេតុផលថា ពួកគេ មិនចូលចិត្តរញ៉េរញ៉ៃ ឬក៏រវល់ មិនសូវមានពេល។ តែវាគ្រាន់តែជា ការដោះសាដែលមិនសមហេតុផលប៉ុណ្ណោះ។ មនុស្សជុំវិញខ្លួនអ្នកក៏អាចរួមចំណែកធ្វើឲ្យជីវិតអ្នក សប្បាយបានដែរ ក្នុងនោះមានគ្រួសារ និងមិត្តភ័ក្ដិជាដើម។ បើអ្នក កំពុងតែឃ្លាតឆ្ងាយពីពួកគេហើយ អ្នកគឺចាប់ផ្ដើមធ្វើឲ្យខ្លួនឯងឈឺចាប់បណ្ដើរៗហើយ។
២) រស់នៅដោយមិនចេះថែរក្សាខ្លួនឯង៖ តាមពិតទៅ ពេលអ្នករស់នៅដោយមិនចេះថែរក្សាខ្លួនឯង អ្នកប្រឈមមុខនឹងរឿងពិបាកខ្លាំងមែនទែន ជាពិសេសពេលអ្នកកំពុងជួបរឿងក្រៀមក្រំ។ រស់នៅដោយមិនថែរក្សាខ្លួនឯង មានរូបភាពដូចជា ការសម្រាកមិនគ្រប់គ្រាន់ ការមិនហាត់ប្រាណ ការមិនពិសាអាហារឲ្យគ្រប់គ្រាន់ជាដើម។ ដែលទង្វើទាំងនេះគឺសុទ្ធជាទង្វើមិនស្រឡាញ់ខ្លួនឯង ហើយធ្វើឲ្យខ្លួនឯងឈឺចាប់ជាបណ្ដើរៗ។។
៣) ប្រើប្រាស់គ្រឿងញៀន៖ ពេលខ្លះអ្នកគិតថាការប្រើប្រាស់វា គឺសប្បាយ។ ប៉ុន្តែ វាផ្ដល់រឿងផ្ទុយមកវិញច្រើនណាស់ ដែលអ្នកនឹកស្មានមិនដល់។ ការងារអាចនឹងបាត់បង់ដោយសារការសេពគ្រឿងញៀន អាចបាត់បង់ស្មារតីធ្វើរឿង ដែលមិនគួរធ្វើ ហើយពេលនោះហើយដែលជីវិតអ្នកនឹងធ្លាក់ក្នុងអន្លូងឈឺចាប់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity