ហេតុផល ៤យ៉ាងដែលអ្នកគួរតែសិក្សាមុខវិជ្ជាឬធ្វើការងារដែលខ្លួនឯងស្រឡាញ់
មនុស្សមួយចំនួនយល់ថាយើងគួរតែសិក្សាមុខជំនាញណាដែលមានទីផ្សារការងារខ្ពស់និងប្រាក់ខែល្អ។ ជាការពិតណាស់ ទីផ្សារការងារនិងប្រាក់ខែគឺជារឿងសំខាន់ដែលយើងត្រូវគិតគូរ។ ប៉ុន្តែ មិនថាប្រាក់ខែខ្ពស់ប៉ុន្មាននោះទេ លុយមិនអាចទិញភាពរីករាយដែលទទួលបានពីការងារឡើយ។ សុភាសិតមួយក៏បានពោល៖«ធ្វើការងារដែលយើងស្រឡាញ់ លុយនឹងរត់រកដោយឯកឯង។» ពោលគឺនៅពេលដែលយើងធ្វើអ្វីដែលខ្លួនឯងស្រឡាញ់យូរទៅ យើងនឹងពូកែលើជំនាញមួយនេះ ហើយលុយនឹងរត់មករកដោយឯកឯង។ ដូច្នេះហើយ ខាងក្រោមនេះជាហេតុផលទាំង៤ដែលអ្នកគួរសិក្សាមុខវិជ្ជាឬធ្វើការងារដែលខ្លួនឯងស្រលាញ់៖
១) លុយមិនអាចទិញភាពរីករាយ៖ តាមការសិក្សាបានរកឃើញថាបើទោះជាប្រាក់ខែនិងភាពរីករាយចំពោះការងារសុទ្ធតែសំខាន់ដូចគ្នា តែប្រាក់ខែមិនអាចធ្វើការអ្នកសប្បាយចិត្តចំពោះការងារនោះទេ។ ផ្ទុយទៅវិញ ភាពពេញចិត្តចំពោះការងារនឹងជួយឲ្យអ្នកធ្វើការបានល្អនិងបានយូរអង្វែង។
២) ចំណាប់អារម្មណ៍៖ ភាពសកម្មចំពោះការងារគឺជារឿងសំខាន់។ តាមការស្រាវជ្រាវក៏បានរកឃើញថាមនុស្សម្នាក់ដែលមានកម្លាំងចិត្តក្នុងការធ្វើការបានលុះត្រាតែគាត់មានការតាំងចិត្តខ្ពស់ មានគោលបំណងច្បាស់លាស់និងភាពពេញចិត្តទើបអាចជំរុញគាត់ឲ្យបំពេញកិច្ចការបានល្អបាន។ វិធីតែម៉្យាងគត់គឺមនុស្សត្រូវធ្វើនូវអ្វីដែលខ្លួនឯងចូលចិត្ត។
៣) សុខភាពនិងភាពពេញចិត្ត៖ ការសិក្សាជាច្រើនបានបង្ហាញថាភាពមិនពេញចិត្តចំពោះការងារធ្វើឲ្យអ្នកស្រ្តេស មិនសប្បាយចិត្ត ដែលចុងក្រោយវាអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ អ៊ីចឹងហើយបានជាការធ្វើនូវអ្វីដែលយើងពេញចិត្តគឺជាកត្តាចម្បងមួយដែលនាំយើងទៅរកភាពពេញចិត្តនិងភាពរីករាយ។
៤) ប្រាក់ខែខ្ពស់៖ ជាការពិតមិនអាចប្រកែកបាននោះទេ ប្រសិនជាអ្នករៀនមុខជំនាញដែលខ្លួនឯងស្រឡាញ់ នោះពិន្ទុរបស់អ្នកក៏អាចខ្ពស់ទៅតាមនឹងដែរព្រោះថាមិនថាអ្នកជួបឧបសគ្គយ៉ាងណានោះទេ អ្នកនឹងព្យាយាមជម្នះវា។ ហើយកាលដែលអ្នកទទួលបានពិន្ទុខ្ពស់ចំណាត់ថ្នាក់ល្អ អ្នកក៏ងាយស្រួលក្នុងការរកការងារដែលខ្លួនឯងស្រឡាញ់ហើយទាមទារប្រាក់ខែខ្ពស់ផងដែរ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ thoughtcatalog.com