តើគួរចាប់ផ្ដើមពីចំណុចណា នៅពេលអ្នកមិនដឹងថាត្រូវធ្វើបែបណាជាមួយជីវិតខ្លួនឯង ?
តើអ្នករស់នៅដើម្បីអ្វី ? តើអ្វីទៅគឺជាអត្ថន័យនៃជីវិតរបស់អ្នក ? សំណួរនេះកុំចាំបាច់ទៅរកចម្លើយពីគ្រួសារ មិត្តភ័ក្ដិ ឬបងប្អូនសាច់ញាតិរបស់អ្នកអី ព្រោះគ្មាននរណាដឹងច្បាស់អំពីអ្នកជាងអ្នកខ្លួនឯងនោះទេ។ ហេតុអ្វីក៏មិនសួរបេះដូងរបស់ខ្លួនឯងថាចង់ធ្វើអ្វី តែបែរជាសួរបេះដូងខាងក្រៅខ្លួនអ្នកថាខ្លួនឯងត្រូវធ្វើអ្វីនោះ ?
ទាល់តែចេញពីអ្នកជាអ្នកចាប់ផ្ដើមស្វែងរកសិទ្ធិអំណាចរបស់ខ្លួនជាម្ចាស់កំណត់ជោគវាសនា ទើបអ្នកដទៃក្រៅពីអ្នកគេប្រគល់សិទ្ធិអំណាចនេះមកឲ្យអ្នក ពុំនោះទេអ្នកដទៃនឹងកំណត់ជួសអ្នកអស់មួយជីវិតថាតើអ្វីទៅដែលអ្នកស័ក្ដិសមត្រូវធ្វើ។ ប៉ុន្តែ មានពេលខ្លះអ្នកក៏មិនដឹងថាខ្លួនឯងត្រូវធ្វើបែបណាជាមួយជីវិតខ្លួនឯង។ តាមពិតទៅ បុគ្គលជោគជ័យមួយចំនួនក៏ធ្លាប់ឆ្លងកាត់ដល់ចំណុចនេះដែរ ត្រង់ចំណុចមួយដែលពោរពេញទៅដោយភាពច្របូកច្របល់និងស្មុគស្មាញក្នុងអារម្មណ៍ មិនជ្រះស្រឡះថាតើអនាគតខ្លួននឹងក្លាយជាបែបណា។
ប៉ុន្តែអ្វីដែលពួកគេដឹងច្បាស់នោះគឺជាជំនក់ចិត្តរបស់ពួកគេ។ តើអ្វីទៅដែលពួកគេសប្បាយរីករាយបំផុតនៅពេលបានធ្វើសកម្មភាពណាមួយ ដែលអាចធ្វើឲ្យពួកគេរសាយនិងភ្លេចបាត់ពីទុក្ខកង្វល់ដែលញាំញីក្នុងចិត្តពួកគេរហូតមក ? នេះហើយគឺជាចំណុចចាប់ផ្ដើមរបស់អ្នកទាំងនោះ។ ចាប់ផ្ដើមចេញពីអ្វីដែលខ្លួនចូលចិត្តបំផុត។ បើអ្នកចាកចេញពីភាពអ៊ូអរនិងរញ៉េរញ៉ៃពីខាងក្រៅដែលតែងប្រាប់អ្នកថាគួរធ្វើនេះធ្វើនោះ ហើយមករកភាពស្ងប់ស្ងាត់បន្តិច នោះអ្នកនឹងឮសំឡេងដែលលួចខ្សឹបប្រាប់អ្នកពីខាងក្នុងមកថាតើអ្វីទៅទើបស័ក្ដិសមនឹងអ្នក។
មនុស្សម្នាក់ៗសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន គ្រាន់តែថាពេលខ្លះបុគ្គលខ្លួនឯងមិនដឹងពីចំណុចពិសេសនេះរបស់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែឲ្យតែអ្នកទុកពេលឲ្យខ្លួនឯង ដើម្បីស្វែងយល់ថាតើខ្លួនឯងជានរណាពិតប្រាកដ នោះអ្នកនឹងរកឃើញរបស់ដ៏មានតម្លៃនោះមិនខាន។ ការជឿជាក់លើខ្លួនឯងគឺជារឿងសំខាន់បំផុត។ បើអ្នកមិនជឿជាក់ថាអ្នកនឹងទទួលបានអ្វីដែលអ្នកចង់បានទេនោះ នោះមិនសង្ស័យឡើយដែលអ្នកពិតជាមិនទទួលបានវាមែន។ ភាពជឿជាក់មកលើខ្លួនឯង អាចធ្វើឲ្យមនុស្សម្នាក់ហ៊ានរំកិលភ្នំដែលមករារាំងផ្លូវរបស់ខ្លួន ក៏ដើម្បីសម្រេចឲ្យដល់គោលដៅឲ្យទាល់តែបាន។ ម្យ៉ាងវិញទៀត វិធីដែលអ្នកសម្លឹងមើលបញ្ហាក៏មានឥទ្ធិពលកំណត់ទៅលើភាពជោគជ័យឬបរាជ័យរបស់អ្នកដែរ។
នៅពេលអ្នកជួបបញ្ហាលំបាក វាអាស្រ័យទៅលើអ្នកថាតើអ្នកចង់សម្លឹងមើលវាជារឿងចង្រៃដែលវាសនាកំណត់មកដូច្នេះ ឬជាឱកាសដែលអាចឲ្យអ្នកមើលឃើញគំនិតប្លែកថ្មីផ្សេងទៀតសម្រាប់ការសម្រេចគោលដៅរបស់ខ្លួន។ អ្នកមិនចាំបាច់សម្លឹងរកមើលឆ្ងាយពេក ខ្ពស់ពេកឬពិបាកស្មុគស្មាញពេកនោះទេ ព្រោះភាពជោគជ័យមិននៅទីណាឆ្ងាយពីអ្នកនោះទេ ដរាបណាអ្នកស្គាល់ពីខ្លួនឯងច្បាស់ហើយមិនបោះបង់ចោលនូវអ្វីដែលខ្លួនឯងចង់បាន បើទោះជាមានឧបសគ្គលំបាកក៏ដោយ៕
ដោយ៖ ស្រីពៅ