គន្លឹះ​ងាយ​ៗ​ដែល​អ្នក​អាច​អនុវត្ត​បាន​ដើម្បី​បង្កើន​ឱកាស​កាន់​តែ​ច្រើន​សម្រាប់​ខ្លួន​ឯង​



ភាព​ជោគជ័យ​មិន​មែន​កើត​ឡើង​ដោយ​សារ​តែ​ការ​ខំ​ប្រឹង ការ​តស៊ូ​និង​ការ​អត់ធ្មត់​​តែ​ម៉្យាង​​នោះ​ទេ។ ភាព​ជោគជ័យ​កើត​មាន​ឡើយ​ដោយ​សារ​តែ​អ្នក​ចេះ​​បង្កើន​​ឱកាស​​ឲ្យ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ច្រើន​​ឡើង។ ​​តើ​អ្នក​អាច​បង្កើត​​ឱកាស​​ឲ្យ​ខ្លួន​ឯង​បាន​យ៉ាង​ដូច​ម្តេច​ទៅ? អនុវត្ត​គន្លឹះ​ខាង​ក្រោម​នេះ អ្នក​នឹង​​ភ្ញាក់ផ្អើល​នូវ​​ឱកាស​​ដែល​អ្នក​បាន​បង្កើត៖

១) បង្ហាញ​វត្តមាន​ខ្លួន​ឯង៖ អ្នក​មិន​អាច​ទាក់​ទាញ​​ឱកាស​​បាន​ទេ​ប្រសិន​ជា​អ្នក​មិន​ដែល​បង្ហាញ​​​វត្តមាន​របស់​ខ្លួន​ឯង​​អ្វី​សោះ។ ​អ្នក​ត្រូវ​បង្ហាញ​ពី​ភាព​សកម្ម​និង​បង្ហាញ​ទៅ​កាន់​អ្នក​ដទៃ​​ពី​សមត្ថភាព​ឬ​ភាព​ប៉ិនប្រសប់​របស់​ខ្លួន​ឯង។​​​ ហើយ​គន្លឹះ​ក្នុង​ការ​បង្ហាញ​វត្ត​មាន​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​គឺ​កសាង​បណ្ដាញ​ទំនាក់​ទំនង​ឲ្យ​បាន​ច្រើន។ ការដែល​អ្នក​ស្គាល់​មនុស្ស​កាន់​តែ​ច្រើន មនុស្ស​ក៏​អាច​ណែនាំ​​​ឱកាស​​ដល់​អ្នក​បាន​កាន់​តែ​ច្រើន​ផង​ដែរ។

២) កុំ​ធ្វើ​អ្វី​ងាយ​ៗ៖ ប្រសិន​​អ្នក​គិត​តែ​ចង់​ធ្វើ​អ្វី​ដែល​ងាយ​ៗ​​ មិន​ពិបាក នោះ​អ្នក​គ្មាន​​ថ្ងៃ​នឹង​រីក​ចម្រើន​ឡើយ។ ​ប្រសិន​ជា​អ្នក​ហ៊ាន​​សាកល្បង​ធ្វើ​អ្វី​ដែល​ថ្មី​ អ្នក​កំពុង​តែ​បើក​​ឱកាស​​ឲ្យ​ខ្លួន​ឯង​ក្នុង​ការ​ពង្រឹង​សមត្ថភាព​និង​រៀន​អ្វី​ដែល​ថ្មី​ផង​ដែរ។ ដូច្នេះ​ហើយ កុំ​រង់​ចាំ​​ឱកាស​​មក​ដល់​អី​ ផ្ទុយ​ទៅ​វិញ​ចូរ​សាកល្បង​អ្វី​ថ្មីៗ​និង​ហ៊ាន​ប្រឡូក​ក្នុង​សង្គម។

៣) បង្ហាញ​ស្នាដៃ៖ ប្រសិន​អ្នក​ជា​អ្នក​និពន្ធ នោះ​មាន​ន័យ​ថា​អ្នក​អាច​សរសេរ​អត្ថបទ​ល្អ​ៗ​។ តែ ប្រសិន​ជា​អ្នក​មិន​ដែល​បង្អួត​នូវ​ស្នាដៃ​របស់​អ្នក​ទេ មិន​ថា​ស្នាដៃ​របស់​អ្នក​អស្ចារ្យ​យ៉ាង​ណា​នោះ​ទេ គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ។ ដូច្នេះ​​ហើយ អ្នក​ត្រូវ​​ចេះ​ចែក​រំលែក​នូវ​ស្នាដៃ​ដែល​អ្នក​មាន។ ​មនុស្ស​មិន​ត្រឹម​តែ​ស្គាល់​នូវ​សមិទ្ធផល​របស់​អ្នក​នោះ​ទេ​ កេរ្តិ៍ឈ្មោះ​​របស់​អ្នក​ក៏​កាន់​តែ​ល្បីល្បាញ​ផង​ដែរ។

៤) ពង្រឹង​សមត្ថភាព​ខ្លួន​ឯង៖ ប្រសិន​ជា​អ្នក​ចេះ​កាន់​តែ​ច្រើន កាន់​តែ​ពូកែ ​​អ្នក​ក៏​ទាក់​ទាញ​​ឱកាស​​បាន​កាន់​តែ​ច្រើន​ផង​ដែរ។ កុំ​ឈប់​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ឲ្យ​សោះ។ ​រៀង​រាល់​ខែ អ្នក​អាច​វាយ​តម្លៃ​ខ្លួន​ឯង​និង​មើល​តើ​មាន​កន្លែង​ណា​ដែល​អ្នក​អាច​ពង្រឹង​បន្ថែម​ដែរឬ​ទេ។ ការ​ដែល​​​អ្នក​បង្កើន​​សមត្ថភាព​ខ្លួន​ឯង​ អ្នក​ក៏​បង្កើន​​ឱកាស​​ឲ្យ​ខ្លួន​ឯង​ផង​ដែរ៕

ប្រែ​សម្រួល៖អុឹង មុយយូ ប្រភព៖ bustle.com ​

X
5s