​៣​យ៉ាង​ដែល​អ្នកចង់បើកហាងកាហ្វេគួរស្វែងយល់ពីមូលហេតុដែលមនុស្ស​ចូល​ចិត្ត​ទៅ​ហាង​កាហ្វេ​



ដូច​ដែល​បាន​ឃើញ​ជាក់​ស្ដែង​ហើយ​ថា​ហាង​កាហ្វេ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​រីក​ដុះដាល​ដូច​ផ្សិត​អ៊ីចឹង​។ អ្នក​អាច​រក​ហាង​កាហ្វេ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង។ ហើយ​មនុស្ស​គ្រប់​វ័យ​ទាំង​ក្មេង យុវវ័យ​និង​មនុស្ស​​​វ័យ​ចំណាស់​ភាគ​ច្រើន​​ចូល​ចិត្ត​ទៅ​​ហាង​កាហ្វេ​។ ខាង​ក្រោម​នេះ​បង្ហាញ​​ពី​កត្តា​ដែល​មនុស្ស​និយម​ទៅ​ហាង​កាហ្វេ​៖

១) ទៅ​ធ្វើ​កិច្ច​ការ​សិក្សា​ឬ​រំលឹក​មេរៀន៖ នៅ​សាកលវិទ្យាល័យ ​និស្សិត​ប្រាកដ​ជា​មាន​កិច្ច​ការ​​សាលា​ដែល​ត្រូវ​បំពេញ​ជា​ក្រុម។ ​សម្រាប់​និស្សិត​មួយ​ចំនួន ពួក​គាត់​ពិបាក​ក្នុង​ការ​​រក​ទីតាំង​សម្រាប់​ជួប​ជុំ​គ្នា​ ពិភាក្សា​​កិច្ច​ការ​សាលា​ព្រោះ​ពួក​គាត់​ត្រូវ​ការ​កន្លែង​ដែល​អាច​អង្គុយ​បាន​យូរ។ ​ដោយ​សារ​តែ​ហាង​កាហ្វេ​មួយ​ចំនួន​មាន​កន្លែង​​អង្គុយ​ច្រើន​ដែល​ពួក​គាត់​​​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​​បំពេញ​កិច្ចការ​សាលា​ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត ពួក​គាត់​ក៏​អាច​ផឹក​កាហ្វេ​ ស្ដាប់​ចម្រៀង​​និង​មាន​ម៉ាស៊ីន​ត្រជាក់​ថែម​ទៀត​ផង។

២) ពិភាក្សា​រឿង​ការងារ៖ ទោះ​បី​ជា​រឿង​ការងារ​​អាច​ពិភាក្សា​នៅ​ទី​ណា​ក៏​បាន ហាង​កាហ្វេ​គឺ​ជា​ទី​តាំង​និយម​បំផុត​សម្រាប់​ពាណិជ្ជករ​ព្រោះ​ពេល​ខ្លះ ពួក​គាត់​អាច​និយាយ​រឿង​ការងារ​បែប​​ក្រៅ​ផ្លូវ​ការ ​និយាយ​គ្នា​លេង​ ម៉្យាង​វិញ​ទៀត ពួក​គាត់​អាច​ផឹក​កាហ្វេ​ផង​ លំហែ​​កាយ​​ខ្លួន​ឯង​ផង​​និង​បន្ធូរ​អារម្មណ៍​ផង ។

៣) ​ស្ទះ​ចរាចរណ៍​៖ ដោយ​សារ​តែ​ម៉ោង​ចេញ​ធ្វើ​ការ​និង​​ម៉ោង​ចេញ​ពី​​សាលា​​ភាគ​ច្រើន​គឺ​ម៉ោង​៥​ល្ងាច បន្ថែម​ពី​លើ​នេះ​ទៅទៀត​ ម៉ោង​៥​ល្ងាច​ក៏​ជា​ម៉ោង​ដែល​គូ​សង្សារ​មួយ​ចំនួន​ចេញ​ទៅ​ញាំ​អី អ្នក​រក​ស៊ី​ត្រលប់​ទៅ​ផ្ទះ​វិញ​ នេះ​មាន​ន័យ​ថា​​មនុស្ស​​ស្ទើរ​តែ​គ្រប់​តំបន់​ធ្វើ​ចរាចរណ៍​​ចំ​ពេល​​វេលា​តែ​មួយ​ ដែល​ធ្វើ​ឲ្យ​​ផ្លូវ​មួយ​ចំនួន​មាន​ការ​កក​ស្ទះ​ចរាចរណ៍។ ដោយ​សារ​តែ​មូល​ហេតុ​នេះ​ផង​ដែរ យុវជន​មួយ​ចំនួន​​ចូល​ចិត្ត​ទៅ​ហាង​កាហ្វេ​​ក្រោយ​ចេញ​ពី​ធ្វើ​ការ​ឬ​ចេញ​ពី​រៀន​ ព្រោះ​ពួក​គាត់​គិត​ថា​ទៅ​ក៏​ស្ទះ​ដដែល សម្រាក​ផឹក​កាហ្វេ​សិន​ក៏បាន​ព្រោះ​ហត់​​ដែរ៕

អត្ថបទ៖ មុយយូ

X
5s