​ការ​ធ្វើ​​ដំណើរ​កម្សាន្ត​ ​នឹង​ផ្តល់​អត្ថប្រយោជន៍​សំខាន់ៗ​​​៤​​យ៉ាង​នេះ​ដល់​អ្នក​!​



ក្នុង​សង្គម​បច្ចុប្បន្ន​ ​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួតប្រជែង​ខ្លាំង​​ ​ធ្វើ​ឲ្យ​​មនុស្ស​គ្រប់គ្នា​​​ខិតខំ​ច្រើន​​ទាំង​ការ​សិក្សា ធ្វើការ​ និង ធ្វើជំនួញ​​ក្នុង​គោលបំណង​ឲ្យ​ជីវភាព​របស់​ខ្លួន និង គ្រួសារ​មាន​លក្ខណៈ​ល្អ​ប្រសើរ​។ ​ការ​ខិតខំ​ខ្លាំង​បែបនេះ​ហើយ​ ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​តែង​មាន​អារម្មណ៍​តានតឹង​ក្នុង​ចិត្ត​ ហើយ​ពេលខ្លះ​ក៏​ទាល់​គំនិត​ក្នុង​ការ​រក​​អ្វី​ដែល​ល្អៗ​សម្រាប់​ការ​រីក​ចម្រើន​។ ប្រសិនបើ​អ្នក​ជួប​បញ្ហា​តានតឹង​ និង ​ស្មុគស្មាញ​បែបនេះ​ អ្នក​ត្រូវ​តែ​​រៀបចំ​ដំណើរ​កម្សាន្ត​មួយ​ទៅតាម​លទ្ធភាព​ ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ឡើង​វិញ​។​​

ខាង​ក្រោម​នេះ​ គឺ​​ជា​ប្រយោជន៍​សំខាន់ៗ​មួយចំនួន​ដែល​អ្នក​គួរ​លៃលក​ពេល​ដើម្បី​ដើរកម្សាន្ត៖

  1. ​ជួយ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត៖ ​ដូចដែល​បាន​ដឹង​ហើយ​ថា ការ​ធ្វើ​ការងារ​ ឬ សិក្សា​ច្រើន​ខ្លាំងពេក​ ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​មាន​ភាព​តានតឹង​ ហើយ​កាលណា​ស្ថានភាព​បែបនេះ​បន្ត​ទៅ​យូរ​ពេក​ វា​បង្ក​បញ្ហា​ដល់​អ្នក​មិនខាន​ ព្រោះ​បើ​កាល​ណា​អារម្មណ៍​មិន​សូវ​ល្អ​ហើយ​ ទោះ​ធ្វើ​អ្វី​ក៏​មិន​សូវ​ល្អ​ដែរ​។ ​ដូច្នេះ​ ជម្រើស​ដ៏​ល្អ​បំផុត​អ្នក​គួរតែ​រើស​ពេលវេលា​ណាមួយ​ធ្វើ​ដំណើរ​កម្សាន្ត​ ដើម្បី​​ទទួល​បាន​ភាព​រីករាយ​ និង ស្រស់ស្រាយ​ឡើងវិញ​។
  2. មានគំនិត​ច្នៃប្រឌិត​ជាង​មុន៖ ការ​ដើរកម្សាន្ត​ទៅ​កន្លែង​ផ្សេងៗ​ ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ជួយ​អ្នក​មាន​អារម្មណ៍​សប្បាយរីករាយ​នោះ​ទេ តែ​វា​ក៏​ជួយ​ឲ្យ​អ្នក មាន​គំនិត​ថ្មី និង មានគំនិត​ច្នៃប្រឌិត​ជាង​មុន​ផង​ដែរ​។ នៅពេល​ដើរកម្សាន្ត​នោះ អ្នក​ប្រាកដ​ជា​ ឃើញ​ទិដ្ឋភាព​ប្លែកៗ ហើយ​នឹង​យល់​ដឹង​អំពី​របៀប​រស់​នៅ​ ​ និង ការ​ធ្វើ​ជំនួញ​ផ្សេងៗ​របស់​អ្នក​នៅ​តំបន់​ទេសចរណ៍​ទាំងនោះ ដែល​ចំណុច​ទាំងនេះ​ពិតជា​មាន​សារសំខាន់​សម្រាប់​ ការអភិវឌ្ឍន៍​គំនិត។
  3. បង្កើត​​ភាព​រីករាយ​ដល់​គ្រួសារ៖ នៅ​ពេល​បច្ចុប្បន្ន​ដោយសារតែ រវល់​ខ្លាំង​ពេក​ មនុស្ស​ភាគច្រើន​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​បង្កើត​ភាព​រីករាយ​ក្នុង​គ្រួសារ​នោះ​ទេ សូម្បីតែ​បរិភោគ​អាហារ​រួម​គ្នា​ក៏​ពិបាក​ដែរ​។ ដូច្នេះ​ហើយ​ ​អ្នក​គួរ​យក​ពេល​ណា​មួយ​​ដើរកម្សាន្ត​រួម​គ្នា​ជាមួយ​នឹង​គ្រួសារ​ ដើម្បី​សាង​ភាព​ស្និទ្ធស្នាល និង ផ្អែមល្ហែម​រួម​គ្នា​។​ វា​ជា​ចំណុច​សំខាន់​មួយ​ដែល​ ជួយ​ឲ្យ​គ្រួសារ​មាន​សុភមង្គល​ផង​ដែរ​។​
  4. ជួយ​ឲ្យ​សុខភាព​ប្រសើរ៖ ​កាល​ណា​មនុស្ស​ធ្វើការ​ច្រើន​ពេក នោះ​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​កើត​ឡើង។ ការ​ឈប់​សម្រាក ដើម្បី​ដើរ​លំហែកាយ​គឺជា​ ប្រការ​ដ៏​ចាំ​បាច់​បំផុត​សម្រាប់​អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​នេះ​។ កាលណា​ អ្នកមាន​អារម្មណ៍​ស្មុគស្មាញ បូករួម​នឹង​ការ​ចុះ​ខ្សោយ​នៃ​កម្លាំងកាយ​ផង​ វា​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នៅ​ពេល​ណាមួយ​មិនខាន ដូច្នេះ​ ការ​ដើរ​លំហែកាយ​ នឹង​ក្លាយ​ជា​ពេល​វេលា​មួយ​ដ៏​ល្អ​បំផុត​ សម្រាប់​ពង្រឹង​រាងកាយ និង អារម្មណ៍​ ហើយ​វា​នឹង​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​មិន​ខាន៕

    ដោយ៖​ អ៊ុន ភក្តី
X
5s