អាហារបំប៉នចំនួន៥ ដែលអាចជំនួសមុខងារកាហ្វេក្នុងការផ្ចង់អារម្មណ៍អ្នកឲ្យមូលបាន​



ដើម្បី​បំពេញ​កិច្ច​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព ការ​ផ្ចង់​អារម្មណ៍​ឲ្យ​មូល​យកចិត្តទុកដាក់​ទៅលើ​ការងារ​ចំពោះ​មុខ​គឺជា​រឿង​សំខាន់​បំផុត។ ប៉ុន្តែ​មាន​កត្តា​ជា​ច្រើន​ដែល​ផ្ដល់​ការ​លំបាក​ដល់​អ្នក​ក្នុង​ការ​ប្រមូល​អារម្មណ៍​មក​ផ្ដោត​លើ​ការងារ ដែល​អាច​បណ្ដាល​មក​ពី​ភាព​ហត់នឿយ និង​ការ​គេង​មិន​បាន​គ្រប់គ្រាន់​ជាដើម ហើយ​អ្វី​ដែល​អ្នក​នឹក​ឃើញ​មុន​គេ​ដើម្បី​ជួយ​អ្នក​ឲ្យ​ផ្ចង់​អារម្មណ៍​បាន​មូល​ល្អ សម្រាប់​មនុស្ស​ភាគច្រើន​តែងតែ​ជា​កាហ្វេ​ពិត​មែន​ទេ ? ថ្វីត្បិតតែ​កាហ្វេ​ជួយ​អ្នក​ឲ្យ​ផ្ចង់​អារម្មណ៍ តែ​ផ្ទុយទៅវិញ​វា​នឹង​ទាញ​យក​ថាមពល​ចេញ​ពី​ក្នុង​ខ្លួន​អ្នក។ ដូច្នេះ​តើ​អាហារ​ប្រភេទ​ណា​វិញ ដែល​អាច​ជំនួស​កាហ្វេ​បាន ហើយ​ថែម​ទាំង​អាច​បង្កើន​ថាមពល​ដល់​អ្នក​វិញ​ផង​នោះ ?

១) ទឹក៖ ភេសជ្ជៈ​ដ៏​សាមញ្ញ​បំផុត ក្បែរ​អ្នក​បំផុត និង​មិន​អស់​ថ្លៃ​ចំណាយ​ទៅ​ទៀត​នោះ​គឺជា​ទឹក​នេះ​ឯង។ ការ​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ក៏​ជា​មូលហេតុ​ចម្បង​មួយ ដែល​នាំ​អ្នក​ឲ្យ​បាត់បង់​ស្មារតី​ផ្ចង់​អារម្មណ៍​ដែរ។ បរិមាណ​ទឹក​ដែល​អ្នក​ត្រូវ​ទទួលទាន​ជា​ប្រចាំ​ថ្ងៃ គឺ​អាស្រ័យ​ទៅលើ​អាយុ​និង​ភេទ​របស់​អ្នក។ ក្មេង​ដែល​មាន​អាយុ​ចន្លោះ​ពី​៤​ដល់​៨​ឆ្នាំ ត្រូវការ​ទឹក​៥​កែវ​ក្នុង​១ថ្ងៃ។ ពី​អាយុ​៩​ដល់​១០​ឆ្នាំ ត្រូវការ​ពី​៧​ទៅ​៨​កែវ​ក្នុង​១ថ្ងៃ។ បើ​ពី​១៤​ដល់​១៨​ឆ្នាំ ត្រូវការ​ពី​៨​ដល់​១១​កែវ​ក្នុង​១ថ្ងៃ។ សម្រាប់​បុរស​ចាប់​ពី​១៩​ឆ្នាំ​ឡើង ត្រូវការ​ទឹក​ចំនួន​១៣​កែវ រីឯ​ស្ត្រី​ចាប់​ពី​១៩​ឆ្នាំ​ឡើង ត្រូវការ​ទឹក​ចំនួន​៩​កែវ។ បរិមាណ​ទឹក​១០​កែវ​ចាំបាច់​ចំពោះ​ស្ត្រី​មាន​គភ៌ និង​ទឹក​១៣​កែវ​សម្រាប់​ស្ត្រី​បំបៅ​ដោះ​កូន។

២) បន្លែ​ស្លឹក​បៃតង៖ បន្លែ​ស្លឹក​បៃតង​តែង​មាន​ផ្ទុក​នូវ​សារជាតិ​ដែល​ប្រឆាំង​នឹង​អុកស៊ីតកម្ម ហើយ​វា​មិន​ត្រឹមតែ​អាច​ជួយ​បង្កើន​ការ​ផ្ចង់​អារម្មណ៍​អ្នក​ក្នុង​ខណៈ​ពេល​បច្ចុប្បន្ន​ឥឡូវ​នេះ​ឡើយ នៅ​ពេល​អ្នក​មាន​ទម្លាប់​ទទួលទាន​បន្លែ​បៃតង​ច្រើន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ វា​នឹង​ជួយ​ឲ្យ​ការ​គិត​របស់​អ្នក​មាន​ភាព​ជាក់លាក់​នៅ​ពេល​អនាគត​ផង​ដែរ។

៣) តែ​បៃតង៖ ជា​ប្រភេទ​តែ​តែងតែ​មាន​នូវ​សារជាតិ​កាហ្វេអ៊ីន​ដូច​កាហ្វេ​ដែរ ប៉ុន្តែ​គ្រាន់តែ​បរិមាណ​របស់​វា​មាន​ទាប​ជាង ទាប​សមល្មម​ចំពោះ​សុខភាព​អ្នក។ ក្នុង​ពេល​តែ​មួយ ប្រយោជន៍​តែ​បៃតង​អាច​ជួយ​រក្សា​ទម្ងន់​របស់​អ្នក និង​ជួយ​ដាស់​ស្មារតី​អ្នក​ឲ្យ​ភ្ញាក់​និង​ផ្ចង់​អារម្មណ៍​ឲ្យ​មូល​ល្អ​ទៅលើ​ការងារ​ចំពោះ​មុខ។ មិន​គួរ​ឲ្យ​សង្ស័យ​ឡើយ​ដែល​នេះ​ជា​មូលហេតុ​មួយ​ដែល​ជនជាតិ​ជប៉ុន​តែង​មាន​ទម្លាប់​ទទួលទាន​តែ​បៃតង​ជា​ប្រចាំ​ថ្ងៃ​នោះ។

) ផ្លែ​ចេក៖ បើ​អ្នក​មាន​ការ​ប្រឡង​ឆាប់ៗ​ខាង​មុខ ហើយ​កំពុង​តែ​ត្រូវការ​អាហារ​បំប៉ន​ខួរក្បាល នោះ​ផ្លែ​ចេក​គួរតែ​ជា​អាហារ​បំប៉ន​ដែល​អ្នក​គួរ​ទទួលទាន​ហើយ។ ផ្លែ​ចេក​ជួយ​បង្កើន​ថាមពល​ដល់​អ្នក ការ​ផ្ចង់​អារម្មណ៍ និង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​ដូច​គ្នា​នឹង​ផ្លែ​ប៉ោម​ដែរ។

៥) ស៊ុត៖ អ្នក​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា ស៊ុត​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ការ​ទទួលទាន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ នេះ​ក៏​ព្រោះ​តែ​នៅ​ក្នុង​ស៊ុត​តែងតែ​មាន​នូវ​ជាតិ​អូមេហ្គា៣ ហើយ​ជាតិ​អូមេហ្គា៣​នេះ​មាន​ប្រយោជន៍​សម្រាប់​ការ​ចងចាំ​និង​អារម្មណ៍​របស់​អ្នក។ រីឯ​ជាតិ​កូលីន​ដែល​មាន​ក្នុង​ស៊ុត​ក៏​បាន​ជួយ​រក្សា​ភ្នាស​កោសិកា​ខួរក្បាល​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​ផង​ដែរ។ វា​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព បើ​អ្នក​ទទួលទាន​ទាំង​ផ្នែក​ពណ៌​ស​និង​ក្រហម​របស់​ស៊ុត​ផង​នោះ៕

ដោយ៖ ស្រីពៅ

X
5s