អត្ថប្រយោជន៍ជាច្រើនរបស់ចម្រៀង ដែលមានលើសពីកំដរអារម្មណ៍អ្នកស្ដាប់
មនុស្សម្នាក់ៗមិនថាចាស់ឬក្មេងនោះទេសុទ្ធតែចូលចិត្តស្តាប់ចម្រៀង ព្រោះមនុស្សជាច្រើនយល់ឃើញថាចម្រៀងអាចកាត់បន្ថយស្ត្រេសឬអត្ថន័យនៃបទចម្រៀងត្រូវនឹងសាច់រឿងដែលពួកគេកំពុងជួបប្រទះ ហើយវាជួយឲ្យពួកគេមិនមានអារម្មណ៍ឯកា។ ប៉ុន្តែ ចម្រៀងមិនមែនត្រឹមតែកំដរអ្នកស្តាប់នោះទេ ចម្រៀងផ្តល់អត្ថប្រយោជន៍ច្រើនជាងនេះទៅទៀតដល់អ្នកស្តាប់៖
១) ធ្វើឲ្យអ្នកសប្បាយចិត្តជាងមុន៖ តាមការសិក្សាបានរកឃើញថានៅពេលដែលមនុស្សស្តាប់ចម្រៀង ពួកគាត់សប្បាយចិត្តជាងមុនដូចជាអារម្មណ៍រីករាយ អារម្មណ៍ត្រេកអរ អារម្មណ៍រំភើបជាដើម។ ដូច្នេះហើយ លើកក្រោយប្រសិនជាអ្នកពិបាកចិត្តហើយចង់សប្បាយចិត្ត កុំភ្លេចស្តាប់ចម្រៀង។
២) បង្កើនថាមពល៖ តាមការសិក្សាបានរកឃើញថាចម្រៀងពិតជាជួយជំរុញមនុស្សឲ្យបន្តធ្វើអ្វីមួយ។ ឧទាហរណ៍ជាក់ស្ដែងបង្ហាញឲ្យដឹងថាមនុស្សដែលរត់ដោយគ្មានស្តាប់ចម្រៀងរត់មិនបានឆ្ងាយជាងអ្នកស្តាប់ចម្រៀងនោះទេ។ ម៉្យាងវិញទៀត អ្នកដែលស្តាប់ចម្រៀងមិនត្រឹមតែរត់លឿនជាងនោះទេថែមទាំងរត់បានឆ្ងាយទៅទៀត។
៣) ជួយឲ្យអ្នកគេងលក់ស្រួលជាងមុន៖ តាមការស្រាវជ្រាវរកឃើញថាមនុស្សជាង៣០%មានជំងឺគេងមិនលក់នៅពេលយប់។ តាមការសិក្សាក៏រកឃើញបន្ថែមទៀតថាមនុស្សដែលស្តាប់ចម្រៀងបែបបន្ធូរអារម្មណ៍(relaxing music) ៤៥នាទីមុនពេលចូលគេងដេកលក់ស្រួលជាងមនុស្សមិនបានស្តាប់ចម្រៀងអ្វីទាំងអស់។ អ៊ីចឹងហើយ ប្រសិនជាអ្នកមានជំងឺគេងមិនលក់ឬចង់គេងលក់ស្រួល ចូរសាកល្បងស្តាប់ចម្រៀងបែបបន្ធូរអារម្មណ៍ទៅមើល៍៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ lifehack.org