តើ​អ្វី​ទៅជា​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ (Green Trade Company)?​



នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច បុគ្គល​គ្រប់រូប រួមទាំង​បុគ្គល​សាធារណៈ​ផង អាចបង្កើត​សហគ្រាស​ក្នុង​គោល បំណង​ស្វែងរក​ប្រាក់ចំណេញ និង មិន​ស្វែងរក​ប្រាក់ចំណេញ​។ ពាក្យ​ថា “​បុគ្គល​” នៅទីនេះ សំដៅ​ដល់​នីតិបុគ្គល (​ក្រុមហ៊ុន ឬ ស្ថាប័ន​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ប​ញ្ញ​តិ្ត​នៃ​ច្បាប់​)​។ សហគ្រាស​សា​ធាណៈ គឺជា​សហគ្រាស ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​បុគ្គល​សាធារណៈ​ស្របតាម​ច្បាប់​ស្តីពី​សហគ្រាស​សាធារណៈ​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់​អំពី​ថា​តើ​អ្វី​ទៅជា​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​?

១. ការបង្កើត​ ​ ​យោងទៅលើ​អនុក្រឹត្យ​លេខ ៧២ អនក្រ​.​បក ចុះ​ថ្ងៃទី ២៣ ខែ វិ​ចិ្ឆ​កា ឆ្នាំ ១៩៩៨ សហគ្រាស​សាធារណៈ ដែលមាន​លក្ខណៈ​ជា​ក្រុមហ៊ុន​រដ្ឋ​ឈ្មោះថា ក្រុមហ៊ុន ហ្គ្រី​ន ត្រេ​ដ (Green Trade Company) ដែល​ក្រុមហ៊ុន​នេះ ស្ថិតក្រោម​អាណាព្យាបាល​បច្ចេកទេសរ​បស់​ក្រ​សូង​ពាណិជ្ជកម្ម និង ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ​នៃ​ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។ ត្បិត​ថា ក្រុមហ៊ុន​នេះ​ស្ថិតក្រោម​អាណាព្យាបាល​នៃ​ក្រសួង​ធំ​ទាំងពីរ​របស់​រដ្ឋ​ក៏ពិតមែន ប៉ុន្តែ ក្រុមហ៊ុន​មួយ​នេះ​ដំណើរការ​ប្រកបដោយ​ស្វ័យភាព (​ឯករាជ្យ​) ផ្នែក​រដ្ឋបាល និង ផ្នែក​ហិរញ្ញវត្ថុ​។

២. ម្ចាស់​ភាគហ៊ុន និង ការគ្រប់គ្រង​ ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ (Green Trade Company) នេះ ត្រូវបាន​រួមបញ្ចូល​ដោយ​ក្រុមហ៊ុន​របស់​រដ្ឋ​ចំនួន​៤ គឺ​៖ ក្រុមហ៊ុន​ស្បៀង​កម្ពុជា​, ក្រុមហ៊ុន​សំភារៈ​បរិក្ខារ​, ក្រុមហ៊ុន​ប្រមូល​ទិញ និង ក្រុមហ៊ុន​ដឹកជញ្ជូន​ពាណិជ្ជកម្ម "​កាំ​ត្រង់​" ដោយមាន​ការដឹកនាំ​ពី​ក្រុមប្រឹក្សាភិបាល ៧​រូប និង​មន្ត្រី​ត្រួតពិនិត្យ​រដ្ឋ ១​រូប ដែល​តំណាង​ឲ្យ​ក្រសួង ៥ គឺ តំណាង​ក្រសួងពាណិជ្ជកម្ម​១​រូប​, តំណាង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​១​រូប​, តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី​១​រូប​, តំណាង​ក្រសួងកសិកម្ម​១​រូប​, និង តំណាង​ក្រសួងផែនកា ១​រូប រួមទាំង​តំណាង​និយោជិត​របស់​ក្រុមហ៊ុន​១​រូប និង អគ្គនាយក​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​ផងដែរ​។

៣. គោលបំណង​នៃ​ការបង្កើត​ ​ ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ (Green Trade Company) ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ធ្វើ​ពាណិជ្ជកម្ម ផលិតកម្ម និង សេវាកម្ម ទៅលើ​មុខទំនិញ​ស្បៀង និង ម្ហូបអាហារ​ជា​មូលដ្ឋាន​ដោយផ្ទាល់ នៅក្នុង​ក្របខ័ណ្ឌ​ក្នុង និង ក្រៅប្រទេស​។ ក្រៅពី​មុខទំនិញ​ស្បៀង និង ម្ហូបអាហារ ក្រុមហ៊ុន​នេះ​ក៏​ប្រកប​អាជីវកម្ម ផលិតកម្ម និង សេវាកម្ម ព្រមទាំង​នាំចេញ​-​នាំចូល​លើ​មុខទំនិញ​ផ្សេងទៀត​ដូច​អាជីវករ​ឯកជន​ដទៃទៀត​ដែរ ក្នុង​គោលដៅ​ដូចខាងក្រោម​៖ •​ ​ទិញ​លក់​ផលិតផល​ស្បៀង និង ម្ហូបអាហារ ក្នុង​គោលដៅ​រក្សា​ស្ថេរភាព​ទីផ្សារ និង​ទ្រទ្រង់​ថ្លៃ​ស្បៀង​របស់ កសិករ​។​ •​ ​រួមចំណែក​ក្នុងការ​គ្រប់គ្រង​ការនាំចេញ​-​នាំចូល​ស្បៀង និង ម្ហូបអាហារ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​តុល្យភាព មុខទំនិញ​ស្បៀង និង ម្ហូបអាហារ​ទូទាំងប្រទេស​។​ •​ ​រួមចំណែក​គ្រប់គ្រង​សន្និធិ (​ស្តុក​) ត្រៀម​បំរុង​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។​ •​ ​រួមចំណែក​ផ្គត់ផ្គង់​ស្បៀង និង​ម្ហូបអាហារ​ដល់​គ្រប់​សេចក្តីត្រូវការ​របស់​រា​ជ​រដ្ឋាភិបាល​។​ •​ ​ធ្វើ​រាល់​សកម្មភាព​អាជីវកម្ម​ដូច​មានចែង​នៅក្នុង​លក្ខន្តិកៈ​។

៤. បេសកកម្ម​ •​ ​ដឹកជញ្ជូន​អង្ករ​ទាន់ពេលវេលា​តាម​គោលដៅ ដែល​រាជរដ្ឋាភិបាល​បានកំណត់​ជួយ​ដល់​ប្រជាជន​រងគ្រោះ មហន្តរាយ ។ •​ ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ដែលមាន​បំណង​បញ្ជា​ទិញ និង ជំរុញ​បើក​ទីផ្សារ •​ ​ប្រកាន់យក​គោល​ការ​ណ៌​ទីផ្សារសេរី​ដោយ​រក្សា​នូវ​ការប្រកួតប្រជែង​ក្នុង​វិស័យ​ឯកជន​ឱ្យមាន​ប្រសិទ្ធិភាព ខ្ពស់ ។

៥. យ​ទ្ធ​សាស្ត្រ​ •​ ​ជំរុញ​ទីផ្សារ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដល់​កសិករ •​ ​ជំរុញ​ទីផ្សារ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៅ​ជុំវិញ​ពិភពលោក •​ ​ជំរុញ​កសិករ​អោយ​យល់ដឹង​ពី​ការជ្រើសរើស​ពូជ •​ ​ចង​ជា​សហគម​ន៏​ដើម្បី​កំណត់​ថ្លៃ​ស្រូវ​អង្ករ •​ ​ស្វែងរក​កម្ចី​ឥណទាន​ដែលមាន​តំលៃ​អត្រា​ការប្រាក់​ទាប​ជូន​ប្រជាជន •​ ​បង្កើន​ការកែច្នៃ​អង្ករ​ស្របតាម​ស្តង់ដារ​អន្តរជាតិ •​ ​រៀបចំ​និង​បង្កើន​ឃ្លាំង​ស្តុក​និង​ទីលាន​ស្តុក​អោយ​តាម​ស្តង់ដារ •​ ​ខិតខំ​ថែរក្សា​និង​បង្កើន​ការដឹកជញ្ជូន​អោយទាន់​ពេលវេលា​ដើម្បី​ឆ្លើយតប​នូវ​តម្រូវការ​នៃ​វិស័យ​នាំចេញ •​ ​ពង្រឹងសមត្ថភាព​បុគ្គ​លិ​ក​អំពី​ស្តង់ដារ​និង​ប​ចេ្ច​ក​ទេស​នៃ​ការ​កិន​កែច្នៃ​ស្រូវ​៕

​ដោយ​៖ ប៉ុ​ម ទូច​

X
5s