អ្នកប្រាជ្ញរបស់ក្រិក ប្លាតូ៖ «អ្នកប្រាជ្ញនិយាយអ្វីមួយ ព្រោះមានរឿងត្រូវនិយាយ ឯមនុស្សល្ងង់វិញ និយាយអ្វីមួយព្រោះខ្លួនត្រូវតែនិយាយវាតែម្ដង»
«អ្នកប្រាជ្ញនិយាយអ្វីមួយ ព្រោះមានរឿងត្រូវនិយាយ ឯមនុស្សល្ងង់វិញ និយាយអ្វីមួយព្រោះខ្លួនត្រូវតែនិយាយវាតែម្ដង»។ នេះជាគតិរបស់លោក ប្លាតូ (Plato) អ្នកប្រាជ្ញរបស់ក្រិកដែលក្នុងឃ្លានេះចង់បញ្ជាក់ពី ភាពខុសគ្នារវាងអ្នកប្រាជ្ញ និង មនុស្សល្ងង់ក្នុងការនិយាយអ្វីមួយ ដែលអ្នកប្រាជ្ញមិនដែលនិយាយអ្វីដែលអត់ប្រយោជន៍នោះទេ ចំណែកមនុស្សល្ងង់វិញ គឺច្រើននិយាយរឿងអត់ប្រយោជន៍។
មនុស្សមានចំណេះដឹងខ្ពស់ តែងតែមានការគិតយ៉ាងល្អិតល្អន់ មុនពេលហាមាត់និយាយស្ដីពីមួយ ព្រោះថា ពាក្យសម្ដីមួយឃ្លាដែលខ្លួនបាននិយាយចេញមក អាចនឹងបង្កជាបញ្ហា និង ទុក្ខទោសជាច្រើន ប្រសិនបើ ខ្វះការគិតពិចារណា។ អ៊ីចឹងហើយ បានជា នៅពេលនិយាយស្ដីម្តងៗ ឃ្លានីមួយៗសុទ្ធតែមានខ្លឹមសារ និង ការបកស្រាយច្បាស់លាស់ ហើយបើមិនមានការចាំបាច់អ្វីទេ ពួកគេក៏មិនចង់និយាយអ្វីច្រើនដែរ។ ដោយឡែកមនុស្សល្ងង់វិញ ប្រឹងនិយាយខ្លាំងណាស់ ដោយភ្លេចគិតអំពីខ្លឹមនៃពាក្យសម្ដីដែលបានលើកឡើង នាំឲ្យអ្វីដែលបាននិយាយចេញទៅ
បើទោះបីជាច្រើន តែរកតែខ្លឹមសារ និង ប្រយោជន៍គ្មាន ហើយលើសពីនេះទៀត វាក៏នាំបញ្ហាមកដាក់ខ្លួនវិញយ៉ាងច្រើនដែរ។ មនុស្សដែលមិនមានចំណេះដឹងច្រើន និយាយបានច្រើន គឺល្អដើម្បីបញ្ជាក់ថា ខ្លួនមានគំនិតច្រើន និង ពូកែវោហារសាស្ត្រ។ ដូច្នេះហើយបើទោះបីជាពេលខ្លះ គ្មានរឿងអ្វីចាំបាច់ត្រូវនិយាយផង ក៏ចេះតែនិយាយ ពោលគឺនិយាយមិនដឹងក្បាលដឹងកន្ទុយ និង រកចុងរកដើមមិនឃើញ។
ដូច្នេះហើយ បើចង់ក្លាយជាមនុស្សពូកែនិយាយ ត្រូវគិតលើខ្លឹមសារនៃពាក្យសម្ដី ជាជាងចំនួនពាក្យ ឬ ឃ្លាដែលបាននិយាយចេញទៅ ព្រោះអ្វីថា ពាក្យសម្ដីរបស់អ្នក នឹងត្រូវបានគេវាយតម្លៃអំពីកម្រិតចំណេះដឹង និង អត្តចរិតរបស់អ្នកតែម្ដង៕















