លោក ម៉ែន សុផា អ្នកជំនាញផ្នែកគណនេយ្យ៖ «បើចាប់មូលដ្ឋានគណនេយ្យមិនបានទេ រៀនមួយជីវិតក៏មិនចេះដែរ»
លោក ម៉ែន សុផា អ្នកជំនាញផ្នែកគណនេយ្យ ដែលមានបទពិសោធន៍ធ្វើការជាមួយក្រុមហ៊ុនធំៗជាង១០ឆ្នាំ បានអះអាងថា ជំនាញគណនេយ្យមិនមែនងាយស្រួលរៀនឡើយ ហើយបើយើងមិនព្យាយាមសិក្សាឲ្យបានច្បាស់អំពីមូលដ្ឋានរបស់វា នោះរៀនមួយជីវិត ក៏មិនប្រាកដថា ចេះដែរ។ ការលើកឡើងបែបនេះគឺ ធ្វើឡើងនៅក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី «ជំនាញគណនេយ្យសាមញ្ញសម្រាប់សហគ្រិន» កាលពីល្ងាចម្សិលមិននៅផាកកាហ្វេ ដែលរៀបចំឡើងដោយក្លឹបពាណិជ្ជករកម្ពុជា (ECC)។ ជំនាញផ្នែកគណនេយ្យរូបនេះបានអះអាងថា កាលពីដំបូង រួបលោកក៏បានចំណាយពេលច្រើន ក្នុងការសិក្សាគណនេយ្យដែរ ប៉ុន្តែនៅតែរៀនមិនចេះ ព្រោះមិនបានផ្ដោតសំខាន់លើមូលដ្ឋានគ្រឹះរបស់វា អ៊ីចឹងហើយទើបចំណាយពេលយូរ ហើយនៅតែគ្មានប្រសិទ្ធភាព។ ប៉ុន្តែក្រោយមកដោយសារតែ លោកបានងាកមកសិក្សាលម្អិតអំពីមូលដ្ឋានគ្រឹះរបស់គណនេយ្យទើបធ្វើឲ្យ រូបលោកអាចយល់យ៉ាងច្បាស់អំពីវា រហូតអាចអភិវឌ្ឍខ្លួនក្លាយជាអ្នកជំនាញ។ «បើចាប់មូលដ្ឋានគណនេយ្យមិនបាន រៀនមួយជីវិតក៏មិនចេះដែរ .... ហើយដាក់អ្វីមកក៏មើលមិនយល់ដែរ»។ លោក ម៉ែន សុផា បញ្ជាក់។ លោកបន្ថែមថា មូលដ្ឋានគ្រឹះគណនេយ្យមិនពិបាកពេកនោះទេ បើយើងព្យាយាមសិក្សាពីគន្លឹះ និង ចំណុចសំខាន់របស់វា ហើយថា បើអ្នកពូកែគណិតវិទ្យាយ៉ាងយូរជាង១សប្ដាហ៍អាចចេះ ចំណែកអ្នកមិនពូកែគណិតវិទ្យាវិញ គឺអាចប្រហែល២សប្ដាហ៍ ឬ លើសពីនេះបន្តិចបន្តួច។ មានន័យថា ក្នុងរយៈពេលនេះ គឺអាចចេះ និង យល់បានពីមូលដ្ឋានរបស់វា ប្រសិនបើយើងរៀនចំចំណុចសំខាន់ ដែលធ្វើឲ្យយើងឆាប់ចេះ បើមិនដូច្នោះទេ គឺមិនងាយនោះឡើយ ហើយបើមិនយល់ពីមូលដ្ឋានរបស់វាឲ្យច្បាស់ទេ ប្រាកដជា មិនអាចយល់អំពីដំណើរការរបស់វាទាំងមូលបានឡើយ។ សូមបញ្ជាក់ថា ជារៀងរាល់ដើមខែ ក្លឹបពាណិជ្ជករកម្ពុជា តែងរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដែលជ្រើសយកប្រធានបទសំខាន់ៗ និងល្អៗ ដើម្បីចែកជូនទៅដល់សហគ្រិន និង បុគ្គលិកតាមស្ថាប័នផ្សេងៗ ក្នុងការអភិវឌ្ឍចំណេះដឹង ហើយអាចប្រើប្រាស់ចំណេះដឹងទាំងនោះ ក្នុងទិដ្ឋភាពការងារជាក់ស្តែងយ៉ាងមានប្រសិទ្ធភាព៕ ដោយ៖ រតនា វិចិត្រ