គោលការណ៍៦យ៉ាងរបស់ស៊ុនអ៊ូពី តម្រាពិជ័យសង្គ្រាម សម្រាប់ជាសិល្បៈក្នុងការធ្វើជំនួញរបស់សហគ្រិន
អស់រយៈកាលជាង២៥០០ឆ្នាំមកហើយ ដែលទស្សនគតិដ៏មានតម្លៃនិងប្រកបដោយប្រាជ្ញាឈ្លាសវៃរបស់កំពូលមេទ័ពចិនបុរាណស៊ុនអ៊ូ (Sun Tzu) បានបន្សល់ទុកនៅក្នុងសៀវភៅដែលត្រូវបានគេស្គាល់ថា តម្រាពិជ័យសង្គ្រាម (The Art of War)។ នៅក្នុងសៀវភៅដែលមានតម្លៃប្រៀបបាននឹងគម្ពីរសម្រាប់ត្រួសត្រាយផ្លូវទៅរកភាពជោគជ័យក្នុងការធ្វើសង្គ្រាមនេះ ស៊ុនអ៊ូត្រូវបានគេស្គាល់នូវគតិមួយឃ្លាដ៏ល្បីល្បាញបំផុតមួយ ដោយគាត់បាននិយាយថា៖ «ស្គាល់ខ្លួនឯងស្គាល់សត្រូវ ច្បាំង១០០ដងឈ្នះទាំង១០០ដង»។
គតិរបស់គាត់ប្រើប្រាស់នៅក្នុងគោលដៅសង្គ្រាម តើសហគ្រិនអាចច្នៃយកគតិទាំងនោះមកប្រើប្រាស់ដើម្បីភាពជោគជ័យក្នុងជំនួញរបស់ពួកគេវិញយ៉ាងដូចម្ដេចដែរ ? ខាងក្រោមនេះដែរគឺជាគោលការណ៍ទាំង៦របស់ស៊ុនអ៊ូ៖
១) ចាប់យកទីផ្សាររបស់អ្នក ដោយមិនចាំបាច់បំផ្លាញវា៖ តើមិនបំផ្លាញឬមិនធ្វើឲ្យទីផ្សាររបស់អ្នកខូចខាតនេះចង់មានន័យដូចម្ដេច ? លោក ចេកម៉ា ធ្លាប់បានលើកឡើងថា៖ "បំភ្លេចចោលពីគូប្រកួតប្រជែងរបស់អ្នក ហើយចូរងាកមកផ្ដោតពីសេវាកម្មអតិថិជនរបស់អ្នកវិញ"។ ជាទូទៅគោលដៅនៃការធ្វើជំនួញជោគជ័យគឺជាការចាប់យកទីផ្សារ។ ប៉ុន្តែដើម្បីសម្រេចគោលដៅមួយនេះ អ្នកជំនួញផ្ដោតទៅលើចំណុចផ្សេងៗពីគ្នាឆ្ពោះទៅរកគោលដៅតែមួយដូចគ្នានេះ។ អ្វីដែលជាកំហុស គឺនៅពេលចំណុចដែលពួកគេផ្ដោតគឺជាការប្រកួតប្រជែងតម្លៃគ្នា ដើម្បីអាចឲ្យផលិតផលរបស់ពួកគេជ្រៀតចូលទីផ្សារ និងដោយការយល់ថាការបន្ទាបតម្លៃឲ្យថោកជាងគូប្រកួតគឺជាលក្ខណៈពិសេសរបស់ផលិតផលពួកគេដែលនឹងទាក់ទាញអតិថិជនបានច្រើន។ ប៉ុន្តែនៅពេលពួកគេផ្ដោតទៅលើគូប្រកួតដោយការបន្ទាបតម្លៃផលិតផល ពួកគេនឹងចាប់ផ្ដើមបន្ថយគុណភាពទៅលើការបម្រើសេវាកម្មអតិថិជនដែលជាចំណុចសំខាន់ពិតប្រាកដជំរុញឲ្យអាជីវកម្មមួយជោគជ័យបានទៅវិញ។
២) ចូរកុំខ្វាយខ្វល់ពីចំណុចខ្លាំងរបស់គូប្រកួត តែចាំផ្ដួលពួកគេជាមួយចំណុចខ្សោយវិញ៖ ការប្រកួតប្រជែងរវាងអាជីវកម្មភាគច្រើនកើតឡើងនៅក្នុងទម្រង់ដោយផ្ទាល់និងចំៗ នេះក៏ដោយសារតែគូប្រកួតនីមួយៗយកចិត្តទុកដាក់តែទៅលើចំណុចខ្លាំងរបស់គូប្រកួត និងបន្ថែមការចំណាយធនធានរបស់ខ្លួនដើម្បីផ្ដួលគូប្រកួត។ លទ្ធផលបន្ទាប់គឺមានតែជំរុញឲ្យឆាកប្រកួតប្រជែងនេះមានលក្ខណៈកាន់តែអាក្រក់ទៅៗ ហើយអ្នកក៏កាន់តែលង់ខ្លួនខាតបង់ធនធានរបស់ខ្លួនច្រើនទៅៗ ដើម្បីអាចទ្រអាជីវកម្មរបស់ខ្លួនឲ្យជាប់។
៣) ពង្រីកសក្ដានុពលនៃប្រាជ្ញារបស់អ្នកនៅក្នុងការធ្វើជំនួញ៖ ត្រង់ចំណុចនេះហើយដែលជាគោលបំណងពិតប្រាកដនៃអត្ថន័យរបស់ឃ្លាដែលស៊ុនជឺបាននិយាយថា ស្គាល់ខ្លួនឯងស្គាល់សត្រូវ ច្បាំង១០០ដងឈ្នះទាំង១០០ដង។ ដើម្បីអាចពង្រីកដែនកំណត់នៃអំណាចនៃភាពឈ្លាសវៃរបស់អ្នកនៅក្នុងការធ្វើជំនួញបាន លុះត្រាណាតែអ្នកស្គាល់ពីយុទ្ធសាស្ត្ររបស់សត្រូវ ស្គាល់ពីអ្វីជាចំណុចខ្លាំងនិងខ្សោយរបស់ពួកគេ និងជាពិសេសគឺស្គាល់ខ្លួនឯងនេះឯង។ មិនតែប៉ុណ្ណោះ វាកាន់តែសំខាន់ទៅទៀតដែលអ្នកត្រូវយល់ជាក់ច្បាស់ពីទំនោរទីផ្សារ ក៏ព្រោះតែសម័យកាលឧស្សាហូបនីយកម្មនេះ អ្វីៗអាចនឹងផ្លាស់ប្ដូរដោយមិនបានរំពឹងទុក ដូច្នេះការមានចំណេះដឹងពីទិសដៅដែលទីផ្សារនឹងប្រែប្រួលតម្រង់ទៅរកគឺជាអាថ៌កំបាំងមួយដែលនាំអ្នកអាចផ្ដួលគូប្រកួតបាន។
៤) ប្រើប្រាស់ល្បឿននិងការរៀបចំខ្លួនជាមុនដើម្បីយកឈ្នះការប្រកួត៖ ល្បឿននៅទីនេះគឺចង់សំដៅទៅលើភាពរហ័សរហួននិងភាពឈ្លាសវៃក្នុងការបត់បែននៅពេលកាលៈទេសៈផ្លាស់ប្ដូរ ឬជាការផ្លាស់ប្ដូរនូវទំនោររបស់ទីផ្សារនេះឯង។ ដូច្នេះបើអ្នកយល់ច្បាស់ពីទំនោរដែលវាអាចនឹងតម្រង់ទៅរក និងមានភាពបត់បែនចេះបង្កើនល្បឿនរបស់អ្នកនៅក្នុងការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួន នោះអ្នកនឹងចេះឆក់ទាញយកឱកាសក្នុងអំឡុងពេលនៃការប្រែប្រួលនេះបានយ៉ាងឈ្លាសវៃបំផុត។
៥) ប្រើប្រាស់សម្ពន្ធភាពដើម្បីកំណត់រូបរាងនៃការប្រកួតប្រជែងរបស់អ្នក៖ តើអ្នកអាចកំណត់ឆាកប្រកួតប្រជែងរបស់អ្នកយ៉ាងដូចម្ដេចបាន ? ដោយការពង្រីករង្វង់នៃសម្ពន្ធភាពរបស់អ្នកឲ្យបានច្រើន នោះពួកគេនឹងអាចក្លាយជាចំណុចខ្លាំងរបស់អ្នកបាន។ នៅពេលនោះរូបរាងនៃការប្រកួតប្រជែងរបស់អ្នកជាមួយគូប្រកួត គឺស្ថិតនៅលើអ្នកជាអ្នកកំណត់ ហើយគូប្រកួតអ្នកអាចកម្រើកបាននៅក្រោមដែនកំណត់ដែលអ្នកបានកំណត់ប៉ុណ្ណោះ។
៦) អភិវឌ្ឍនូវអត្តចរិតរបស់អ្នកក្នុងនាមជាអ្នកដឹកនាំដើម្បីអាចពង្រីកសក្ដានុពលបុគ្គលិករបស់អ្នក៖ ស៊ុនជឺបានរៀបរាប់ថា៖ "នៅពេលបុគ្គលម្នាក់ប្រព្រឹត្តចំពោះអ្នកដទៃជាមួយនឹងសេចក្ដីមេត្តា ភាពយុត្តិធម៌ និងប្រកបដោយគុណធម៌ និងបង្កើនទំនុកចិត្តនៅក្នុងខ្លួនពួកគេ នោះកងទ័ពនឹងរួបរួមចិត្តគំនិតគ្នាតែមួយ ហើយពេញចិត្តនឹងបម្រើអ្នកដឹកនាំរបស់ពួកគេ"។ ដូច្នេះហើយវាមិនមែនសំខាន់នៅត្រង់ថាអ្នកឈ្លាសវៃតែម្យ៉ាងនោះទេ តែអត្តចរិតរបស់អ្នកនឹងមានឥទ្ធិពលទៅលើភាពជោគជ័យឬបរាជ័យរបស់អ្នកផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ suntzustrategies & fastcompany