ជាសេចក្ដីស្លាប់ឬជាភាពអវិជ្ជា ដែលអ្នកខ្លាចជាងគេបំផុត ?
តើអ្នកគិតថាការស្លាប់ឬដែលជារឿងគួរឲ្យខ្លាចជាងគេបំផុត ? ឬជាភាពក្រីក្រ ? ឬនៅទីងងឹតតែម្នាក់ឯង ? ចុះបើសិនជាអ្នកឥតមានចំណេះដឹងវិញ តើអ្នកយល់ថាពិភពលោករបស់អ្នកគួរឲ្យខ្លាចដែរទេ ? ការស្លាប់ជារឿងធម្មជាតិ ពុំមាននរណាម្នាក់អាចគេចផុតពីច្បាប់ធម្មជាតិមួយនេះបានឡើយ។ ហេតុអ្វី អ្នកខ្លាចអ្វីដែលខ្លួនឯងនិងអ្នកដទៃទៀតចៀសមិនផុតនោះ ? សូម្បីតែភាពក្រីក្រ ក៏មិនគួរឲ្យខ្លាចដូចយប់ដ៏ងងឹតដែលគ្មានពន្លឺបំភ្លឺរបស់ចំណេះដឹងនោះដែរ។
មានមនុស្សជាច្រើនមិនសូវខ្វាយខ្វល់លាងសម្អាតចិត្តកខ្វក់ខាងក្នុងដែលបណ្ដាលមកពីភាពអវិជ្ជា ហើយងាកមកមើលឃើញពីតម្លៃនៃការដុសខាត់វិជ្ជារបស់ខ្លួនឲ្យបានខ្ពង់ខ្ពស់ លុះពួកគេនឹងអាចសម្លឹងមើលពីទីខ្ពស់មក ដើម្បីពិចារណារឿងរ៉ាវក្នុងជីវិតប្រកបដោយការវិនិច្ឆ័យត្រឹមត្រូវនោះឡើយ។ ផ្ទុយទៅវិញពួកគេច្រើនតែងាកទៅរកផ្លូវកាត់ដែលងាយស្រួលជាង សម្បូរមនុស្សដើរច្រើន និងឆាប់ដល់គោលដៅដោយមិនសូវចំណាយធនធានតស៊ូដើម្បីសម្រេចគោលដៅនោះឡើយ។ ពួកគេខំស្រវារត់ដេញតាមរបស់ខាងក្រៅ ឬសេចក្ដីសុខខាងក្រៅ ដើម្បីមកផ្គាប់សេចក្ដីសុខផ្លូវចិត្តខាងក្នុងរបស់ពួកគេ។ ពុំមានឡើយនូវរបស់ខាងក្រៅណាមួយដែលមិនចេះផ្លាស់ប្ដូរ មិនថាជាទូរស័ព្ទដៃដែលត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីដើរទាន់សម័យកាលឬដើរឲ្យទាន់ចំណង់មិនចេះស្កប់ស្កល់របស់មនុស្ស។ អ្នកទាំងនេះយល់ថា ការខំបំពើងខ្លួនឲ្យមានមុខមានមាត់នៅក្នុងសង្គម មានការគោរពអោនលំទោនពីមនុស្សជុំវិញខ្លួនដោយអំណាចបុណ្យស័ក្ដិនិងទ្រព្យសម្បត្តិរបស់ខ្លួន ឬការអែបអបអ្នកខ្ពស់ៗទាំងឡាយ គឺជាគោលដៅនៃជីវិតដ៏មានសេចក្ដីសុខរបស់ពួកគេហើយ។
នៅពេលមនុស្សមានចំណេះដឹងប្រកបដោយគតិបណ្ឌិត ពួកគេនឹងមិនជាប់ជំពាក់ជាមួយរបស់ខាងក្រៅដែលចុងក្រោយបំផុតនៃដំណើរជីវិតរបស់ពួកគេមិនអាចស្ពាយយកតាមខ្លួនបាននោះ។ យ៉ាងណាមិញ ពួកគេនឹងដោះលែងខ្លួនឯងឲ្យមានសេរីភាពជាមួយចំណេះដឹងជាទ្រព្យជាប់ខ្លួននេះ និងស្វែងរកសេចក្ដីសុខពីខាងក្នុងមកវិញ។ នៅពេលចិត្តខាងក្នុងពួកគេស្រស់ស្អាតនិងពោរពេញដោយសេចក្ដីសុខហើយ ពួកគេនឹងអាចចែករំលែកសេចក្ដីសុខទាំងនេះទៅកាន់មនុស្សនៅក្នុងសង្គមរបស់ពួកគេបានផងដែរ។ នៅពេលមនុស្សអាចដោះខ្លួនឯងចេញពីភាពអវិជ្ជាហើយ ពួកគេនឹងចាប់ផ្ដើមស្វែងរកថាតើអ្វីជាគោលដៅក្នុងជីវិតរបស់ខ្លួន ហើយការគិតនេះក៏នាំពួកគេឲ្យព្យាយាមស្វែងរកទេពកោសល្យឬអ្វីដែលជាចំណុចខ្លាំង ដែលអាចប្រើប្រាស់ជាធនធានមិនចេះរីងស្ងួតបានតរៀងរហូតនៅក្នុងជីវិតបាន។ ចេះដប់មិនស្មើប្រសព្វមួយ ជាសុភាសិតខ្មែរបុរាណដែលនៅតែមានតម្លៃទោះបីនៅក្នុងរាប់សតវត្សបានកន្លងផុតទៅហើយក៏ដោយ។ មនុស្សបែបនេះនឹងមិនចាំបាច់ដេញតាមរបស់ខាងក្រៅ ដែលជាទ្រព្យសម្បត្តិឬមាសប្រាក់ឬកេរ្តិ៍ឈ្មោះនៅក្នុងសង្គមដូចបណ្ដាមនុស្សភាគច្រើនដទៃទៀតនោះឡើយ។ ទោះបីផ្លូវដែលអ្នកទាំងនេះដើរត្រូវការពេលវេលាច្រើន និងទាមទារការខិតខំតស៊ូមោះមុតលំបាកជាងគេបន្តិចមែន ប៉ុន្តែរបស់ដែលមនុស្សភាគច្រើនប្រាថ្នាចង់បានទាំងនោះនឹងរត់ដេញតាមអ្នកទាំងនេះវិញនាពេលខាងមុខជាក់ជាពុំខាន៕
ដោយ៖ ស្រីពៅ