ហេតុផលសំខាន់ៗ ដែលអ្នកត្រូវគិតលើសុខភាពជាចម្បង នៅពេលចាប់ផ្ដើមអាជីវកម្មដំបូងៗ
ការចាប់ផ្ដើមអាជីវកម្ម មិនមែនជារឿងងាយនោះឡើយ អ៊ីចឹងហើយបានជា មានមនុស្សជាច្រើនបរាជ័យ។ ដោយសាតែពិបាក ហើយមានឆន្ទៈមោះមុតក្នុងការធ្វើឲ្យក្តីសុបិនរបស់ខ្លួនក្លាយជាការពិតបែបនេះហើយ ទើបនាំឲ្យមនុស្សមួយចំនួនពេលចាប់ផ្ដើមបើកអាជីវកម្មនោះ ប្រឹងប្រែងយ៉ាងខ្លាំង ពោលគឺប្រឹងប្រែងរហូតលែងខ្វល់ពីសុខភាពរបស់ខ្លួនឯង ទាំងផ្លូវកាយ និង ផ្លូវចិត្ត។ ត្រង់ចំណុចនេះ មនុស្សភាគច្រើនភ្លេចគិត ព្រោះរវល់តែប្រឹងធ្វើការ ដោយខ្លាចអាជីវកម្មនោះបរាជ័យ។ ប៉ុន្តែត្រូវចាំថា អាជីវកម្មបរាជ័យ អ្នកអាចមានឱកាសដើម្បីធ្វើមួយផ្សេងទៀត តែបើអ្នកបរាជ័យក្នុងការថែរក្សាសុខភាព រហូតធ្វើឲ្យធ្លាក់ដុនដាបខ្លាំង នោះទន្សាយក៏រត់ ឯត្រីនៅមិននៅដែរ។
១) ប៉ះពាល់ដល់ផលិតភាពការងារ៖ សូមកុំចំណេញរហូតដល់ ដាច់ចំណងឲ្យសោះ ព្រោះ បើអ្នកប្រឹងធ្វើការរហូតភ្លេចបាយភ្លេចទឹក នោះសុខភាពរបស់អ្នកនឹងចុះខ្សោយ ហើយវានឹងបណ្ដាលឲ្យការងាររបស់អ្នកធ្លាក់ចុះផងដែរ។ ដូច្នេះហើយ ព្យាយាមរក្សាតុល្យភាពរវាងការងារ និង ការរស់នៅជារឿងសំខាន់ ដើម្បីប្រាកដណា អ្នកនៅតែមានថាមពលគ្រប់គ្រាន់ ដើម្បីបន្តការងារនៅថ្ងៃស្អែកទៀត។
២) ទ្រព្យសម្បត្តិដ៏សំខាន់បំផុតក្នុងជីវិត គឺសុភាពល្អ៖ សាកស្រមៃបន្តិចទៅមើលថា ថ្ងៃមួយអ្នកមានលុយយ៉ាងច្រើន សឹងចាយមិនអស់ ប៉ុន្តែអភ័ព្វត្រង់ថា សុខភាពមិនល្អ ហើយសឹងតែងើបពីលើគ្រែមិនរួចផង តើលុយទាំងនោះយកមកដើម្បីអ្វី។ លុយសំខាន់ ប៉ុន្តែសុខភាព គឺជារឿងដែលមិនអាចមើលរំលងបាននោះឡើយ ព្រោះលុយអាចរកបាន តែសុខភាព ឬ ជីវិតវិញ តែបាត់ហើយគឺមិនដឹងត្រូវរកវិញនៅកន្លែងណាឲ្យបានទេ។
៣) សុខភាពមិនល្អអាចប៉ះពាល់ទៅលើអារម្មណ៍របស់បុគ្គលិក៖ មនុស្សដែលមានសុខភាពមិនល្អ តែងមានអារម្មណ៍ថា ចាប់ហត់ ឆាប់មួម៉ៅ ហើយចំណុចទាំងនេះអាចនឹងបញ្ចេញមកខាងក្រៅ ហើយអ្នកដែលត្រូវរងឥទ្ធិពលមុនគេនោះ គឺបុគ្គលិកនៅក្រោមបង្គាប់។ កាលណាជះកំហឹងដល់ បុគ្គលិក នោះធ្វើឲ្យពួកគេក៏មានអារម្មណ៍មិនល្អ ហើយផលិតភាពរបស់ពួកគេនៅទៅតាមស្ថានភាពនោះដែរ។
៤) វាសនានៃអាជីវកម្មថ្មីថ្មោងរបស់អ្នកនឹងដួលរលំតាមសុខភាពរបស់អ្នកដែរ៖ ត្រូវចាំថា អាជីវកម្មថ្មីថ្មោង គឺ ពិតជាត្រូវការម្ចាស់ដែលរឹងមាំ និង ទស្សនវិស័យវែងឆ្ងាយដើម្បីអាចដឹកនាំនាវាមួយនេះឆ្លងទៅរកទីសុខសាន្តបាន ពោលគឺតាំងពីចំណុចចាប់ផ្ដើម រហូតដល់គោលដៅ ប៉ុន្តែបើអ្នកប្រឹងប្រែងហួសហេតុដោយមិនគិតពីសុខភាព នោះអ្នកអាចនឹងនាំនាវាថ្មីមួយនោះដល់ត្រឹមពាក់កណ្ដាលផ្លូវប៉ុណ្ណោះ ព្រោះកាលណាសុខភាពរបស់អ្នកដុនដាបខ្លាំងហើយនោះ អ្នកមិនអាចមានអារម្មណ៍គ្រប់គ្រាន់ដើម្បីគិតលើវាទៀតឡើយ ប្រៀបដូចជា ទូកមួយដែលដាច់ចង្កូតបាត់អ៊ីចឹង៕
ដោយ៖ រតនា វិចិត្រ