បើចង់បើករកស៊ីបែបលក់សេវាកម្ម ទាំងនេះជាគុណសម្បត្តិ និង គុណវិបត្តិដែលអ្នកគួរដឹង
អាជីវកម្មលក់សេវាកម្ម គឺផ្ដោតសំខាន់ទៅលើ ការជួយដោះស្រាយបញ្ហា ឬ ជួយសម្រួលទៅដល់ដំណើរការរស់នៅរបស់មនុស្ស ឬ ក្រុមហ៊ុនផ្សេងៗ ដូចជា ក្រុមហ៊ុនអ៊ីនធឺណិត ក្រុមហ៊ុនប្រឹក្សាយោបល់ ក្រុមហ៊ុនឌីហ្សាញ់ ជាដើម។ ប៉ុន្តែយ៉ាងណាក៏ដោយ មុនពេលសម្រេចចិត្តបើកអាជីវកម្មណាមួយក្នុងចំណោមនេះ អ្នកត្រូវយល់ឲ្យច្បាស់អំពីគុណសម្បត្តិ និង គុណវិបត្តិរបស់ក្រុមហ៊ុនលក្ខណៈផ្ដល់សេវាកម្មជាមុនសិន៖
១) គុណសម្បត្តិ
ក) មិនត្រូវការដើមទុនច្រើនពេក៖ អាជីវកម្មបែបសេវាកម្ម មិនទាមទារឲ្យអ្នកមានដើមទុនច្រើននោះទេ ព្រោះអ្វីដែលអ្នកត្រូវមាននោះ គឺជំនាញច្បាស់លាស់មួយក្នុងការដោះស្រាយបញ្ហាដល់អតិថិជន។ មានន័យថា អ្នកមិនចាំបាច់មានបុគ្គលច្រើន មិនចាំបាច់ត្រូវចំណាយលើថ្លៃការិយាល័យធំៗ ឬ ឃ្លាំងសម្រាប់ស្តុកទំនិញច្រើននោះទេ។
ខ) មិនពិបាកគ្រប់គ្រង និង ថែទាំ៖ បើបើកក្រុមហ៊ុនបែបទំនិញ អ្នកត្រូវតែមានឃ្លាំង ឬ កន្លែងទុកដាក់ទំនិញយ៉ាងត្រឹមត្រូវ ហើយត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះផលិតផលទាំងនោះ។ ប៉ុន្តែសម្រាប់អាជីវកម្មបែបសេវាកម្មវិញ អ្នកមិនត្រូវការការចំណាយ ឬ ពិបាកថែទាំ និង គ្រប់គ្រងនោះឡើយ ព្រោះអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់នោះ គឺ ព្យាយាមពង្រឹងគុណភាពក្នុងការផ្ដល់ដំណោះស្រាយដល់អតិថិជនប៉ុណ្ណោះ។
គ) ឆាប់ចំណេញច្រើន៖ ជាធម្មតាអ្នកគ្រាន់តែចំណាយលើបុគ្គលិកប៉ុណ្ណោះ និង សម្ភារៈខ្លះៗដែលចាំបាច់មួយចំនួនទៀតប៉ុណ្ណោះ ហើយទូទៅសេវាកម្មដែលអ្នកផ្ដល់ឲ្យអតិថិជននោះ គឺមិនត្រូវចំណាយលើថ្លៃដើមច្រើននោះទេ (មានករណីខ្លះក៏ត្រូវចំណាយ ប៉ុន្តែក៏មិនច្រើនពេកដែរ)។ ដូច្នេះហើយ រាល់សេវាកម្មដែលអ្នកផ្ដល់ឲ្យអតិជនគឺ ទទួលបានប្រាក់ចំណេញច្រើន។
ឃ) បើបរាជ័យក៏មិនត្រូវខាតបង់ច្រើន៖ ក្នុងករណីដែលអ្នកបរាជ័យក៏មិនត្រូវខាត់បង់ច្រើននោះដែរ ព្រោះអ្វីដែលអ្នកលក់ឲ្យអតិថិជននោះ គឺជាជំនាញរបស់អ្នកប៉ុណ្ណោះ ដូច្នេះហើយបើទោះបីជាបរាជ័យក៏អ្នកនៅតែមិនសូវជាមានបញ្ហាធ្ងន់ធ្ងរ ដូចការបើកអាជីវកម្មលក់ផលិតផលដែរ។
២) គុណវិបត្តិ
ក) ពិបាកស្វែងរកការជឿជាក់ពីអតិថិជន៖ ជាធម្មតាទេ ការលក់សេវាកម្ម គឺទាមទារឲ្យអ្នកផ្ដល់នោះ មានជំនាញ និង កេរ្តិ៍ឈ្មោះគួរសម ដើម្បីឲ្យគេឆាប់ជឿជាក់។ ទម្រាំលក់ដាច់មួយគម្រោងៗ គឺ ត្រូវប្រើរយៈពេលយូរ ហើយពេលដំណើរការដំបូងៗ គឺមិនងាយនឹងទទួលបានការយល់ព្រមពីអតិថិជននោះឡើយ ព្រោះ អ្នកទាំងនោះត្រូវការសិក្សាពីសេវាកម្មរបស់អ្នក និង ស្នាដៃរបស់អ្នកយ៉ាងយូរ។
ខ) លំហូរសាច់ប្រាក់យឺតយ៉ាវ៖ បើទោះបីជាអ្នកជោគជ័យក្នុងការដេញយកគម្រោងផ្សេងៗក៏ដោយ ប៉ុន្តែ ជាធម្មតាការលក់សេវាកម្ម គឺ មិនងាយនឹងទទួលបានការទូទាត់ទៀងពេល ឬ មុនពេលបញ្ចប់គម្រោងនោះទេ ជាពិសេសប្រសិនបើអាជីវកម្មរបស់អ្នកទើបតែដំណើរការនោះ ដែលផ្ទុយពីផលិតផលដែលនៅពេលទំនិញដល់ដៃ ហើយលុយក៏ត្រូវដល់ដៃដែរ។ ក្នុងករណី លំហូរសាច់ប្រាក់យឺតយ៉ាវនេះ នឹងអាចធ្វើឲ្យអ្នកងាយនឹងបាក់ទឹកចិត្ត៕
ដោយ៖ រតនា វិចិត្រ