ហេតុអ្វីបានជាយុទ្ធសាស្ត្រក្នុងការលក់សំខាន់សម្រាប់អាជីវកម្មថ្មីថ្មោងរបស់អ្នក ?
សរុបមក តើគោលដៅអាជីវកម្មទាំងអស់មិនមែនជាការលក់ផលិតផលឬសេវាកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពទេឬ ? អាជីវកម្មមួយចំនួនផ្ដោតជាចម្បងទៅលើការអភិវឌ្ឍគំរូផលិតផលរបស់ខ្លួនឲ្យបានល្អប្រសើរ ប៉ុន្តែមកដល់ចំណុចមួយក៏ស្រាប់តែដំណើរផ្លូវអាជីវកម្មរបស់ពួកគេហាក់ដូចជាដើរត្រឡប់ថយក្រោយ ហើយពួកគេក៏ជាប់គាំងមួយកន្លែងនៅក្នុងទីងងឹតមួយ ដោយមិនដឹងច្រកចេញនៅទីណា។ តើនេះក៏ព្រោះតែហេតុអ្វី ? លោក Simon Sinek បាននិយាយថា៖ "មនុស្សមិនទិញនូវអ្វីដែលអ្នកលក់នោះទេ ប៉ុន្តែពួកគេទិញក៏ព្រោះតែហេតុអ្វីបានជាអ្នកលក់វា"។ មនុស្សដែលដើរដោយមានគោលដៅជាក់លាក់នៅក្នុងខ្លួន ទោះជាប់ក្នុងទីងងឹតបែបណាក៏គង់តែរកផ្លូវចេញឃើញដូច្នោះ។
មនុស្សទិញនូវផលិតផលរបស់អ្នក ឬជាវប្រើប្រាស់នូវសេវាកម្មរបស់អ្នក ក៏ព្រោះតែគេមើលឃើញពីគោលដៅជាក់លាក់របស់អ្នកថា ហេតុអ្វីបានជាអ្នកធ្វើវាឡើង ? នេះមិនមែនមានន័យថាអ្នកមិនគួរយកចិត្តទុកដាក់អភិវឌ្ឍកែប្រែផលិតផលរបស់អ្នកឲ្យកាន់តែល្អប្រសើរជាងពីមុននោះទេ។ ប៉ុន្តែមុននឹងគិតគូរពីចំណុចនេះ សម្រាប់អាជីវកម្មថ្មីថ្មោងជាពិសេស គឺការរៀបចំយុទ្ធសាស្ត្រក្នុងការលក់ត្រូវតែមកមុនអ្វីៗទាំងអស់។ ពុំនោះទេអ្នកក៏មិនខុសពីខ្លែងដែលដាច់ខ្សែ ហោះហើរដោយមិនដឹងទិសតំបន់ច្បាស់លាស់ ហើយចុងក្រោយក៏ធ្លាក់ចុះក្រោមដីយ៉ាងឥតន័យដូច្នោះ។ ខាងក្រោមនេះគឺជាហេតុផល៣យ៉ាងដែលបង្ហាញថាតើយុទ្ធសាស្ត្រក្នុងការលក់មានសារៈសំខាន់ខ្លាំងប៉ុណ្ណាសម្រាប់អាជីវកម្មថ្មីថ្មោងរបស់អ្នក ?
១) មានយុទ្ធសាស្ត្រក្នុងការលក់ហើយ អ្នកនឹងដឹងថាគួរដោះស្រាយជាមួយអតិថិជនយ៉ាងដូចម្ដេច៖ អតិថិជនចាស់ភាគច្រើនត្រូវការជំនួយពីអ្នកដើម្បីដោះស្រាយបញ្ហាដែលពួកគេមានជាមួយនឹងផលិតផលឬសេវាកម្មរបស់អ្នក។ ដោយឡែក អតិថិជនថ្មីត្រូវការការយល់ដឹងពាក់ព័ន្ធនឹងប្រវត្តិនៃផលិតផលរបស់អ្នកនិងរបៀបនៅក្នុងការប្រើប្រាស់និងអត្ថប្រយោជន៍ដែលពួកគេទទួលបាន ដែលតម្រូវឲ្យអ្នកចំណាយពេលពន្យល់ប្រាប់ពួកគេ។ យ៉ាងណាមិញ បើអ្នកមានយុទ្ធសាស្ត្រក្នុងការលក់ក្នុងដៃហើយ អ្នកក៏មានដំណោះស្រាយទុកជាមុនថាតើគួរដោះស្រាយជាមួយអតិថិជននីមួយៗដោយរបៀបណា ដើម្បីទទួលបានទំនុកចិត្តក៏ដូចជាការពេញចិត្តពីអតិថិជនផងដែរ។
២) សមាជិកក្រុមដែលមានចក្ខុវិស័យច្បាស់លាស់នឹងជួយឲ្យការសហការតម្រង់ទៅរកផ្លែផ្កា៖ លោក Simon Sinek ក៏ធ្លាប់លើកឡើងដែរថា៖ "បើអ្នកជួលមនុស្សមកធ្វើការឲ្យអ្នកក៏ព្រោះតែយល់ថាមកពីពួកគេអាចធ្វើការនោះបាន នោះពួកគេនឹងធ្វើការឲ្យអ្នកក៏ព្រោះតែដើម្បីលុយដែរ។ យ៉ាងណាមិញ បើអ្នកជួលមនុស្សមកធ្វើការឲ្យអ្នកក៏ព្រោះតែពួកគេជឿជាក់នូវអ្វីដែលអ្នកកំពុងជឿជាក់ នោះពួកគេនឹងធ្វើការឲ្យអ្នកទាំងញើសទាំងឈាមនិងដំណក់ទឹកភ្នែករបស់ពួកគេ"។ នៅពេលមានគោលដៅច្បាស់លាស់ សមាជិកម្នាក់ៗនឹងប្រឹងប្រែងផ្លាស់ប្ដូរផ្លូវដើរផ្សេងៗដើម្បីបុកទម្លុះរនាំងឧបសគ្គទាំងឡាយដែលមករារាំងពួកគេពីការសម្រេចគោលដៅ។
៣) មានយុទ្ធសាស្ត្រក្នុងការលក់នឹងជួយអ្នកឲ្យប្រមូលបានមនុស្សត្រឹមត្រូវមកធ្វើការឲ្យអ្នក៖ នៅពេលអ្នកដឹងថាអ្វីខ្លះត្រូវសម្រេចឲ្យបាន នោះអ្នកនឹងដឹងថាតើមនុស្សដែលមានជំនាញនិងបទពិសោធន៍បែបណាដែលស័ក្ដិសមក្នុងការបំពេញកិច្ចការទៅតាមផ្នែកនីមួយៗ។ ម្យ៉ាងទៀត គោលដៅច្បាស់លាស់ក៏ជួយអ្នកក្នុងការគ្រប់គ្រងការចំណាយឲ្យនៅក្រោមកម្រិតកញ្ចប់ថវិកាដែលអ្នកមានសម្រាប់ប្រើប្រាស់ក្នុងដំណើរការណ៍អាជីវកម្មមួយនេះដែរ ហើយអ្នកវិនិយោគខាងក្រៅក៏អាចជឿទុកចិត្តរួមសហការជាមួយអ្នក ដោយឃើញពីគោលដៅច្បាស់លាស់របស់អ្នកដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ leveleleven