តើសង្គមជាតិមួយណាដែលជានិយមន័យនៃប្រព័ន្ធអប់រំដ៏ល្អបំផុតនៅលើពិភពលោក ?​



អតីត​ប្រធានាធិបតី​ចក្រភព​អង់គ្លេស Benjamin Disareli បាន​និយាយ​ថា៖ "ប្រទេស​អស្ចារ្យ​គឺជា​ប្រទេស​ដែល​ផលិត​ពលរដ្ឋ​អស្ចារ្យ"។ ប្រទេស​ដែល​អាច​ជឿនលឿន​រុងរឿង​ទៅ​មុខ​បាន លុះត្រាណាតែ​សង្គម​នោះ​សម្បូរ​ទៅ​ដោយ​អ្នក​ចេះ​ដឹង​ធ្វើការ​ទៅ​តាម​ជំនាញ​ឯកទេស​របស់​ខ្លួន គឺ​នៅ​ពេល​ដែល​នៅ​ក្នុង​សង្គម​មួយ​មាន​អ្នក​វិទ្យាសាស្ត្រ អ្នក​ជំនួញ គ្រូបង្រៀន អ្នក​ច្នៃប្រឌិត​បច្ចេកវិទ្យា​ថ្មីៗ វេជ្ជបណ្ឌិត​ជាដើម ដែល​មាន​គោលដៅ​រួម​មួយ​ដូច​គ្នា គឺជា​ការ​រួម​សហការ​គ្នា​ជំរុញ​ប្រទេស​ជាតិ​របស់​ពួកគេ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ទៅ​មុខ​ជានិច្ច។ ប៉ុន្តែ នៅ​ក្នុង​សង្គម​មួយ​ដែល​ពលរដ្ឋ​គ្មាន​ចំណេះដឹង​ឬ​មាន​ការ​អប់រំ​ទាប ការ​ជំរុញ​សង្គម​ពួកគេ​លូតលាស់​ទៅ​មុខ​គឺជា​រឿង​លំបាក​បំផុត។

ងាក​មក​មើល​គំរូ​របស់​កូន​ប្រទេស​ដ៏​តូច​មួយ​នៅ​តំបន់​អាស៊ី ដែល​ជា​ប្រទេស​សិង្ហបុរី អាច​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ដែល​មាន​ការ​អភិវឌ្ឍ​ជឿនលឿន​និង​ភាព​ច្នៃប្រឌិត​ដូច​បច្ចុប្បន្ន​នេះ​បាន និង​គ្មាន​ពួក​មហាអំណាច​ណាមួយ​ហ៊ាន​មើល​ងាយ​បាន ក៏​ដោយសារ​តែ​ប្រព័ន្ធ​កំណែ​ទម្រង់​របស់​បិតា​ស្ថាបនិក​សិង្ហបុរី​លោក លី ក្វាន់យ៉ូ ដែល​បាន​វិនិយោគ​ច្រើន​បំផុត​ទៅលើ​ការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ក្លាយ​ជា​អ្នក​ចេះ​ដឹង រហូត​ក្លាយ​ជា​ប្រទេស​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​ដែល​មាន​ប្រព័ន្ធ​អប់រំ​ល្អ​ជាងគេ​បំផុត។ ការ​អប់រំ​គឺជា​មូលដ្ឋាន​គ្រឹះ​ដំបូង​បង្អស់​ក្នុង​ការ​ស្រោចស្រង់​សង្គម​ជាតិ​មួយ​ឲ្យ​រីកចម្រើន​បាន។ តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ប្រព័ន្ធ​អប់រំ​មួយ​ល្អ​បាន ? ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​ហ្វាំងឡង់​អាច​ជា​ចម្លើយ​សម្រាប់​សំណួរ​នេះ​បាន។

ប្រទេស​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ដោយ World's Most Literate Nation កាល​ពី​ឆ្នាំ​២០១៦ ជា​ប្រទេស​ដែល​មាន​ប្រជាជន​ជា​អ្នក​ចេះដឹង​ច្រើន​ជាងគេ​បំផុត​ក្នុង​ចំណោម​ជាង​៦០​ប្រទេស​ដទៃ​ទៀត​មួយ​នេះ តែង​យកចិត្តទុកដាក់​និង​មាន​ភាព​ម៉ត់ចត់​ជា​ខ្លាំង​ទៅលើ​ប្រព័ន្ធ​អប់រំ​របស់​សិស្ស​សាលា​ពួកគេ និង​បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​តាំង​ពី​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០​មក​ម្ល៉េះ។

 ប្រព័ន្ធ​អប់រំ​ហ្វាំងឡង់ ដើរ​បញ្ច្រាស​ពី​អ្វី​ដែល​ប្រព័ន្ធ​អប់រំ​នៅ​លើ​សកលលោក​បាន​ប្រកាន់​ខ្ជាប់​ត​រៀង​រហូត​មក​ជា​ស្តង់ដា​អប់រំ។ ប៉ុន្តែ ប្រព័ន្ធ​អប់រំ​ដ៏​ពិសេស​ប្លែក​ពី​គេ​មួយ​នេះ បាន​ផលិត​នូវ​ធនធាន​មនុស្ស​របស់​ហ្វាំងឡង់​ប្រកប​ដោយ​សមិទ្ធផល​ខ្ពស់​បំផុត និង​តែង​ត្រូវ​បាន​គេ​ស្គាល់​ជា​ប្រព័ន្ធ​អប់រំ​ដ៏​ល្អ​ដាច់​គេ​នៅ​លើ​ពិភពលោក។ ពួកគេ​មាន​វប្បធម៌​មួយ​ដែល​លើកទឹកចិត្ត​ឲ្យ​សិស្ស​ចេញ​ទៅ​លេង​នៅ​ខាងក្រៅ​ឲ្យ​បាន​ច្រើន​ជាង​ការ​រៀន​នៅ​ក្នុង​ថ្នាក់។ បើ​យោង​ទៅ​តាម​ច្បាប់ ក្រោយ​៤៥​នាទី​ម្ដង ត្រូវ​ឲ្យ​សិស្ស​សម្រាក​រយៈពេល​១៥​នាទី។ ពួកគេ​បាន​បង្កើត​សាលា​ដែល​មិន​ត្រឹមតែ​ជា​សេវាកម្ម​សម្រាប់​ការ​អប់រំ​នោះ​ទេ តែ​ថែម​ទាំង​ធ្វើឲ្យ​សិស្ស​មាន​អារម្មណ៍​ថា​ទីកន្លែង​នោះ​ក៏​ជា​សេវាកម្ម​សង្គម​មួយ​ដែរ ដែល​ការ​លេង​កីឡា​ត្រូវ​បាន​ទំនុក​បម្រុង​ដោយ​ទីក្រុង​ផង​ដែរ។ ម្យ៉ាងទៀត អាជីព​ជា​គ្រូបង្រៀន​នៅ​ប្រទេស​ហ្វាំងឡង់ គឺជា​ការងារ​ប្រកប​ដោយ​ការ​ប្រកួតប្រជែង​បំផុត​មួយ មាន​តែ​បេក្ខជន​១នាក់​ក្នុង​ចំណោម​១០​នាក់​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​អាច​ជាប់​ការ​ប្រឡង​បាន។

គ្រូបង្រៀន​ម្នាក់ៗ​ត្រូវ​បាន​ចាត់​ទុក​ដូចជា​សាស្ត្រាចារ្យ​នៅ​ក្នុង​សាកលវិទ្យាល័យ​ដូច្នោះ ហើយ​ជាមួយ​នឹង​ម៉ោង​បង្រៀន​របស់​គ្រូ​ហ្វាំងឡង់​តែ​៦០០​ម៉ោង​ក្នុង​១ឆ្នាំ ប្រាក់ខែ​របស់​គ្រូ​ក្នុង​១ឆ្នាំ​អាច​ទទួល​បាន​៤៣,០០០​ដុល្លារ បើ​ប្រៀប​នឹង​ម៉ោង​គ្រូ​បង្រៀន​អាមេរិក​មាន​រហូត​ដល់​ទៅ​១,១០០​ម៉ោង​ក្នុង​១​ឆ្នាំ តែ​ប្រាក់ខែ​ក្នុង​១ឆ្នាំ​មាន​តែ​៤១,០០០​ដុល្លារ​ប៉ុណ្ណោះ នេះ​បើ​តាម​ទិន្នន័យ​ពីOEDC។ នៅ​ពេល​គ្រូ​ចំណាយ​ពេល​តិច​ទៅលើ​ការ​បង្រៀន​ក្នុង​ថ្នាក់ ពួកគេ​នឹង​អាច​យកចិត្តទុកដាក់​ទៅលើ​គុណភាព​បង្រៀន​របស់​ខ្លួន។ គ្រូ​អាច​ចំណាយ​ពេល​ច្រើន​សម្រាប់​ស្រាវជ្រាវ​និង​ដុសខាត់​ចំណេះ​និង​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​បង្រៀន។

លោក Pasi Sahlberg ដែល​ជា​សាស្ត្រាចារ្យ​និង​ជា​អតីត​អគ្គនាយក​ក្រសួង​អប់រំ​របស់​ហ្វាំងឡង់​បាន​និយាយ​ថា៖ "សិស្ស​តែង​ត្រូវ​បាន​សួរ​ជា​ញឹកញាប់​នូវ​សំណួរ​ជាច្រើន​ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិវត្ត​របស់​មនុស្ស ការ​បាត់បង់​ការងារ របប​អាហារ បញ្ហា​នយោបាយ អំពើ​ហិង្សា សង្គ្រាម ក្រមសីលធម៌​ក្នុង​ការ​លេង​កីឡា បញ្ហា​ផ្លូវ​ភេទ ថ្នាំជក់ និង​តន្ត្រី។ បញ្ហា​អស់​ទាំងនេះ​ជា​ញឹកញាប់​តម្រូវ​ឲ្យ​មាន​ចំណេះ​ទៅលើ​មុខវិជ្ជា​ពាក់ព័ន្ធ​ផ្សេង​ទៀត"។ ចំណុច​ដ៏​ពិសេស​ប្លែក​ពី​គេ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​ហ្វាំងឡង់​ទាំងនេះ​ហើយ ទើប​បាន​ជា​ហ្វាំងឡង់​ស័ក្ដិសម​នឹង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ការ​អប់រំ​ដ៏​ល្អ​បំផុត​មួយ​នៅ​លើ​លោក៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ ideas.ted & weforum

X
5s