អ្វីទៅដែលធ្វើឲ្យអ៊ីស្រាអែលអាចជាប់ចំណាត់ថ្នាក់លេខ២ ជាកន្លែងដ៏ល្អបំផុតសម្រាប់ការច្នៃប្រឌិត ?​



ទិន្នន័យ​ប្រចាំ​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៧​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ឬWEF បាន​ចង្អុល​បង្ហាញ​ថា ប្រទេស​អ៊ីស្រាអែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ២ ជា​ទី​កន្លែង​ដ៏​ល្អ​បំផុត​នៅ​លើ​ពិភពលោក​សម្រាប់​ការ​ច្នៃប្រឌិត។ ជា​ប្រទេស​នាំ​មុខ​មួយ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា នៅ​ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង​៨​លាន​នាក់ តួលេខ​ប្រមាណ​៣,០០០​គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​អ៊ីស្រាអែល ហើយ​ក៏​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​ថា ១​នៅ​ក្នុង​ចំណោម​បច្ចេកវិទ្យា​ដំណោះស្រាយ​បញ្ហា​ជីវិត​ចំនួន​៤ មិន​ថា​ជា​ការ​រក​ឃើញ​ឱសថ​ព្យាបាល​មហារីក និង​រោគ​បេះដូង​ជាដើម សុទ្ធតែ​មាន​ឫសគល់​ចេញ​មក​ពី​អ្នក​ស្រាវជ្រាវ​អ៊ីស្រាអែល។

នរណា​ក៏​ដឹង​ពី​ការ​ពិត​របស់​ប្រទេស​ក្មេង​ខ្ចី​មួយ​នេះ ដែល​ធ្លាប់​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​បាត់បង់​ទឹកដី​អស់​រយៈពេល​កន្លង​យូរ​មក​ហើយ ទើប​នឹង​មាន​មុខមាត់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​វិញ​នៅ​ក្នុង​ឆ្នាំ​១៩៤៨ បាន​ខិតខំ​កសាង​ប្រទេស​ខ្លួន​ពី​បាត​ដៃ​ទទេ​រហូត​ក្លាយ​មក​ជា​ប្រទេស​ដែល​តូច​តែ​ខ្លឹម ដែល​អាច​យក​ឈ្នះ​គេ​ស្ទើរ​តែ​គ្រប់​សសរ​គ្រឹះ​សំខាន់ៗ​ដែល​ទ្រទ្រង់​ប្រទេស​ជាតិ។ យើង​ក៏​ចង់​ដឹង​ថា តើ​អ៊ីស្រាអែល​កសាង​ធនធាន​មនុស្ស​របស់​ពួកគេ​ដោយ​របៀប​ណា ? សមិទ្ធផល​របស់​អ៊ីស្រាអែល​ជា​ប្រទេស​ដ៏​ល្អ​បំផុត​ទី២​ក្នុង​ការ​ច្នៃប្រឌិត រួម​ជាមួយ​នឹង​ស្មារតី​របស់​ពួកគេ​ជា​អ្នក​ជំនួញ អាច​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​ដ៏​ឈ្លាសវៃ​របស់​ពួកគេ​នៅ​ក្នុង​ផ្នែក​គណិតវិទ្យា និង​វិទ្យាសាស្ត្រ ដែល​ជា​ជីពចរ​ដ៏​សំខាន់​នៅ​ក្នុង​ភាព​ជឿនលឿន​នៃ​ការ​ច្នៃប្រឌិត និង​ការ​ធ្វើ​ជំនួញ។ យ៉ាងណាមិញ នៅ​ក្នុង​របាយការណ៍​ពី​កម្មវិធី​សម្រាប់​វាយតម្លៃ​សិស្ស​ជា​អន្តរជាតិ ឬ PISA សិស្ស​អ៊ីស្រាអែល​ទទួល​បាន​តែ​៤០%​ទៅលើ​មុខវិជ្ជា​ផ្នែក​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​តែ​ប៉ុណ្ណោះ។ តើ​ពួកគេ​អាច​ក្លាយ​ជា​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​ជឿនលឿន​ប្រកួត​ជាមួយ​ពួក​មហាអំណាច​ខាងលិច​ដូចម្ដេច​បាន បើ​ពួកគេ​មិន​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ចំណេះដឹង​ដែល​ជា​គ្រឹះ​មូលដ្ឋាន​ដើម្បី​ជោគជ័យ​ផ្នែក​នេះ​ផង ? ដូច្នេះ​តើ​ប្រព័ន្ធ​អប់រំ​របស់​អ៊ីស្រាអែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ដូចម្ដេច​វិញ ? ប្រព័ន្ធ​អប់រំ​ស្តង់ដារ​ដែល​គេ​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​លើ​សកលលោក បង្រៀន​សិស្ស​ពី​ផ្លូវ​ជាក់លាក់​មួយ​ដែល​ត្រូវ​ដើរ​ដើម្បី​ឆ្ពោះ​ទៅ​ដល់​ចម្លើយ​សម្រាប់​បញ្ហា​អ្វីមួយ។ គ្រប់​សិស្ស​ទាំងអស់​ត្រូវ​តែ​ចេះ​ស្ទាត់​ជំនាញ និង​ដឹង​គ្រប់​សព្វ​ទៅលើ​ចំណេះដឹង​ដែល​មាន​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ដែល​បាន​កំណត់​មក​ស្រាប់​នោះ។

ពួកគេ​ត្រូវ​តែ​ធ្វើ​តាម​បែប​នេះ​ឬ​បែប​នោះ​ដោយ​ឥត​មាន​ការ​សង្ស័យ​ឡើយ។ ដោយឡែក ការ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត​ក្រៅ​ប្រអប់​គឺជា​លក្ខណៈ​ដ៏​ពិសេស​មួយ​របស់​ប្រព័ន្ធ​អប់រំ​អ៊ីស្រាអែល។ គ្រូបង្រៀន គ្រាន់តែ​បង្រៀន​ចំណេះដឹង​មូលដ្ឋាន​ដល់​ពួកគេ​ប៉ុណ្ណោះ បន្ទាប់មក​នឹង​ឲ្យ​ពួកគេ​ចេះ​ដោះស្រាយ​បញ្ហា​លំបាកៗ រុញ​ពួកគេ​ឲ្យ​ជាប់​គាំង​នៅ​ក្នុង​បញ្ហា រួច​រៀន​រក​ដំណោះស្រាយ​ដោយ​ខ្លួនឯង។ នៅ​ពេល​ពួកគេ​ព្យាយាម​រក​ផ្លូវ​ចេញ​ពី​ចំណោទ​បញ្ហា ពួកគេ​នឹង​បាន​រៀន​អ្វី​ថ្មី​មួយ​មិនខាន។ អ្វី​ដែល​សំខាន់​គឺ​ស្ថិត​នៅ​លើ​ថា​តើ​ពួកគេ​ចេះ​អ្វីមួយ​ដោយ​របៀប​ណា ពុំ​មែន​ត្រឹមតែ​អ្វី​ដែល​ពួកគេ​ចេះ​នោះ​ទេ។ សិស្ស​អ៊ីស្រាអែល​ប្រហែល​ជា​មិន​មាន​ចំណេះដឹង​ជាក់លាក់ ដែល​មាន​លក្ខណៈ​ងាប់​ក្រឡា អាច​ដោះស្រាយ​បាន​តែ​ក្នុង​ស្ថានភាព​ជាក់លាក់​មួយ​នោះ​ទេ ដែល​ជា​មូលហេតុ​មួយ​ធ្វើឲ្យ​ពួកគេ​ធ្វើ​មិន​បាន​ល្អ​នៅ​ក្នុង​តេស្ត​របស់ PISA។ ការ​គិត​ក្រៅ​ប្រអប់​បែប​នេះ​នឹង​បង្រៀន​ពួកគេ​ឲ្យ​ចេះ​ប្រើប្រាស់​អ្វី​ដែល​ពួកគេ​ចេះ យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ស្ថានភាព​ផ្សេង​ពី​គ្នា​បាន។ ពួកគេ​ក៏​បាន​បង្កើត​កម្មវិធី​សិក្សា​ក្រៅ​ប្រព័ន្ធ​អប់រំ​ទៅលើ​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ការ​ចេះ​ប្រើប្រាស់​អ៊ីនធឺណិត ដែល​ផ្ដល់​ចំពោះ​សិស្ស​គ្រប់​គ្នា​ចាប់​ពី​អាយុ​១២ឆ្នាំ​ដល់​១៨​ឆ្នាំ។ គ្រូ​គ្រាន់តែ​បង្រៀន​ទៅលើ​ចំណេះដឹង​មូលដ្ឋាន​អំពី​ការ​សរសេរ​កូដ បន្ទាប់​មក​សិស្ស​នឹង​ត្រូវ​រៀន​ដោះស្រាយ​លំហាត់​លំបាកៗ​ដូចជា​បង្កើត​ហ្គេម​អុក ដោយ​ពុំ​មាន​នរណា​ចាំ​ប្រាប់​ពី​របៀប​ធ្វើ​នោះ​ឡើយ។

អ្វី​ដែល​កាន់តែ​គួរ​ឲ្យ​លើក​សរសើរ​ពី​របៀប​ដែល​អ៊ីស្រាអែល​បណ្ដុះ​ទំពាំង​របស់​ពួកគេ​ទៅ​ទៀត​នោះ​គឺជា​ការ​ជំរុញ​សិស្ស​ឲ្យ​ជួប​បទពិសោធន៍​នូវ​ភាព​បរាជ័យ។ Adi Sharabani ជា​គ្រូ​បង្រៀន​អ៊ីស្រាអែល​មួយ​បាន​និយាយ​ថា៖ "បើ​អ្នក​អាច​ដោះស្រាយ​លំហាត់​ចំនួន​២០​បាន​សម្រេច ខ្ញុំ​ដែល​ជា​គ្រូបង្រៀន​កំពុង​តែ​បង្ខាត​ពេលវេលា​អ្នក​ហើយ។ ក៏​ព្រោះ​តែ​អ្នក​ដឹង​ថា​ត្រូវ​ដោះស្រាយ​លំហាត់​ទាំងនោះ​ដូចម្ដេច​ហើយ ដូច្នេះ​អ្នក​នឹង​មិន​បាន​អភិវឌ្ឍ​អ្វី​តទៅ​មុខ​ទៀត​នោះ​ទេ ហើយ​អ្នក​ក៏​មិន​បាន​រៀន​អ្វី​ទាំងអស់"។ ក្រៅ​ពី​នេះ អ៊ីស្រាអែល​ក៏​ជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ជន​អន្តោប្រវេសន៍​ចម្រុះ​ជាតិសាសន៍ ដែល​ភាព​ខុស​ប្លែក​គ្នា​នេះ​បាន​ជំរុញ​ឲ្យ​មាន​ភាព​ច្នៃប្រឌិត បាន​រួម​គ្នា​ឆ្លើយ​នឹង​សំណួរ​ថា ហេតុអ្វី​អ៊ីស្រាអែល​ជា​ប្រទេស​ដែល​ឈាន​មុខ​គេ​ទៅលើ​ការ​ច្នៃប្រឌិត។

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ forbes & israel21c & timesofisrael

X
5s