​​បើ​មាន​សញ្ញា​ទាំង​៥​យ៉ាង​នេះ ​បញ្ជាក់​ថា ​ជីវិត​របស់​អ្នក​មិន​អន់​នោះ​ឡើយ ​ទោះ​អ្នក​មិន​គិត​​អ៊ីចឹង​ក៏​ដោយ​​!​​



មនុស្ស​ជាច្រើន​គិត​អវិជ្ជមាន​ចំពោះ​ខ្លួន​ឯង ​ថា​ខ្លួន​ឯង​ជា​មនុស្ស​ដែល​គ្មាន​​បានការ​។ ​​ប៉ុន្តែ​គ្រាន់​តែ​គិត​​អាក្រក់ៗ​លើ​ខ្លួន​ឯង​បែបនេះ​ ​គឺ​មិន​អាច​ផ្លាស់​ប្តូរ​អ្វី​បាន​​ឡើយ​ ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត​​​ទៀត​។ ​ដូច្នេះ​ហើយ ​​​អ្នក​ត្រូវ​គិត​ផ្លូវ​ល្អ​ចំពោះ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ​​ហើយ​ព្យាយាម​ពុះពារ​ដើរ​ទៅ​មុខ​ ​ដើម្បី​សម្រេច​​តាម​ក្តី​ប្រាថ្នា។ ​បើ​មាន​ចំណុច​ទាំង​៥​នេះ ​មានន័យថា ​ជីវិត​របស់​អ្នក​មិន​អាក្រក់​ពេក​នោះ​ទេ​៖

១) ​អ្នក​មាន​ការងារ​ច្បាស់លាស់​មួយ​៖ ​​​​មិន​ថា​ការងារ​របស់​អ្នក​ស្ថិត​ក្នុង​លំដាប់​ណា​នោះ​ទេ ប៉ុន្តែ​ឲ្យ​តែ​ជា​ការងារ​ត្រឹមត្រូវ​ ​មិន​លួច​ឆក់​ប្លន់​គេ​ ​គឺ​មានន័យ​ថា ​​ជីវិត​របស់​អ្នក​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​មួយ​ហើយ​។ ​ដូច្នេះ​ហើយ​កុំ​អស់​សង្ឃឹម​ប្រសិនបើ​​ការងារ​របស់​អ្នក​​​ផ្តល់​ប្រាក់ខែ​តិចតួច​ក្តី ​ព្រោះ​វា​ប្រសើរ​ជាង​អត់​ការងារ​ធ្វើ​ ​ឬ ធ្វើ​ការងារ​ណា​ដែល​​បំផ្លាញ​សង្គម​ដែរ ​​​ហើយ​អ្នក​ត្រូវ​តែ​ខិតខំ​បន្ត​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ជោគជ័យ​​លើ​ការងារ​ដែល​ចង់​ធ្វើ​នៅ​ពេល​ខាង​មុខ​។

២) ​អ្នក​មាន​ជម្រក​ច្បាស់លាស់​៖ ​ទោះបីជា ​អ្នក​​ហាក់​មិន​ពេញ​ចិត្ត​ចំពោះ​ទីជម្រក​បច្ចុប្បន្ន​នេះ​ក៏​ដោយ ​ប៉ុន្តែ​អ្នក​គួរ​តែ​សប្បាយចិត្ត​​​ដោយសារតែ​ ​មាន​ទី​ជម្រក​មួយ​ច្បាស់លាស់​ ​​ទោះបីជា​តូច​បន្តិច​ក្តី​ ​ព្រោះ​អ្នក​មិន​ចាំ​បាច់​ដើរ​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់​​នោះ​ទេ។

៣) ​អ្នក​មាន​គ្រួសារ​ដ៏​រីករាយ​មួយ​៖ ​គ្រួសារ​ដែល​រីករាយ​ ​​មិនមែន​ទាល់​តែ​មាន​លុយ​ច្រើន​ចាយ​មិន​អស់​នោះ​ទេ ​ព្រោះ​លុយ​មិន​អាច​កំណត់​ពី​​​សុភមង្គល​បាន​ទាំង​ស្រុង​ឡើយ​។ ភាព​រីករាយ​ក្នុង​គ្រួសារ​ ​គឺ​កើត​ឡើង​ពី​ការ​ស្រលាញ់​ ​​យល់​ចិត្ត ​និង អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅ​មក​។ ​ដូច្នេះ​អ្នក​គួរ​តែ​មាន​មោទនភាព​ ​ប្រសិនបើ​អ្នក​មាន​គ្រួសារ​ល្អ​ប្រភេទ​នេះ​។

៤) ​​អ្នក​មាន​អាហារ​គ្រប់គ្រាន់​៖ ​ទោះបីជា​ឆ្ងាញ់​ ​ឬ មិន​សូវ​​ឆ្ងាញ់​ក្តី ​​ឲ្យ​តែ​​មាន​អារម្មណ៍​សម្រាប់​បរិភោគ​គ្រប់គ្រាន់​ ​និង ទៀង​ពេល​នោះ មាន​ន័យ​ថា​ជីវិត​របស់​អ្នក​គឺ​នៅ​តែ​សំណាង​ជា​មនុស្ស​ជាច្រើន​ទៀត​ ​ដែល​មិន​ស្គាល់​ពាក្យ​ថា ​«ហូប​ឆ្អែត»​។ ​ដូច្នេះ​មិន​គួរ​គិត​អវិជ្ជមាន​ចំពោះ​ជីវិត​របស់​អ្នក​​ឡើយ ​ហើយ​គួរ​តែ​ពើង​ទ្រូង​ ​ជំនះ​រាល់​ឧបសគ្គ​ដើម្បី​​​សាង​ជីវភាព​ឲ្យ​ប្រសើរ​ជាង​នេះ​។

៥) ​អ្នក​មាន​លទ្ធភាព​​រស់នៅ​ដោយ​ខ្លួន​ឯង​៖ ​​មនុស្ស​ជាច្រើន​ចូលចិត្ត​បង្ហាញ​ពី​សម្ភារៈ​ថ្លៃៗ​ ​ថា​​​ខ្លួន​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន។ ​ប៉ុន្តែ​​ជា​ការ​កត់សម្គាល់​ ​វត្ថុ​ថ្លៃៗ​ទាំង​នោះ​ ​មិន​មែន​ជា​លុយ​​ញើស​ឈាម​របស់​ខ្លួន​ឡើយ គឺ​បាន​មក​ពី​លុយ​ឪពុក​ម្តាយ​ប៉ុណ្ណោះ​។ ដូច្នេះ​ប្រសិន​បើ​អ្នក ​អាច​មាន​លទ្ធភាព​រស់នៅ​ដោយ​ខ្លួន​ឯង​ ​ទោះបីជា​អាច​ទិញ​បាន​តែ​របស់​ថោកៗ​សម្រាប់​ប្រើប្រាស់​ក៏​ដោយ ​អ្នក​គួរតែ​​មាន​មោទនភាព​ចំពោះ​ខ្លួន​​ឯង​ ​ព្រោះ​វា​ជា​លុយ​របស់​អ្នក​៕

​ដោយ​៖ ​រតនា ​វិចិត្រ​

X
5s