យុវជន​​​​ដែល​ចង់​រកស៊ី​ ​ត្រូវ​​យល់​ពី​​ចំណុច​ស្លាប់​រស់​នៃ​អាជីវកម្ម​ទាំង​នេះ​​​ឲ្យ​ច្បាស់​សិន​



​មនុស្ស​​ភាគច្រើន​សុទ្ធតែ​មាន​ក្តី​​ស្រមៃ​​ចង់​ធ្វើ​អាជីវកម្ម​ ឬ ​ជំនួញ​ ​ព្រោះ​ម្នាក់ៗ​សុទ្ធតែ​ចង់​រស់នៅ​​ដោយ​ធ្វើ​ជា​ម្ចាស់​លើ​ខ្លួន​ឯង ​​​ហើយ​ចង់​​​ក្លាយ​ជា​មនុស្ស​ដែល​បញ្ជា​គេ​​ជាជាង​អង្គុយ​ស្ដាប់​តាម​ការ​បញ្ជា​របស់​អ្នក​ដទៃ​។ ប៉ុន្តែ​ថ្វីត្បិត​មនុស្ស​ភាគច្រើន​ មាន​ក្តី​ស្រមៃ​​ចង់​ធ្វើ​ជំនួញ​​មែន​ ប៉ុន្តែ​តិច​ណាស់​ដែល​អាច​ក្លាយ​ជា​ការ​ពិត​ ​ព្រោះ​វា​លំបាក​​​ខ្លាំង​ណាស់ ហើយ​លំបាក​លើស​ពី​ការ​រំពឹង​ទុក​ អ៊ីចឹង​ហើយ​បាន​ជា​ អាជីវកម្ម​មួយ​ចំនួន​​​បើក​បាន​ប៉ុន្មាន​ខែ​ ឬ ឆ្នាំ​​ក៏​ដួល​ផ្ងារជើង​ទៅ​វិញ ​ក្រោម​ហេតុផល​​ជាច្រើន​​។ ​​យ៉ាង​ណា​ក៏​ដោយ ​​ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ធ្វើ​ជំនួញ​​ដោយ​ជោគជ័យ​មែ​ន​ ខាង​ក្រោម​នេះ ជា​ចំណុច​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​តែ​មាន​ និង ត្រៀម​ខ្លួន​​ជាស្រេច៖

១) ​ដើមទុន​៖ ​​​សាមញ្ញ​បំផុត​ ដើម្បី​ធ្វើ​អាជីវកម្ម​មួយ​បាន គេ​ត្រូវ​យក​លុយ​ដើម្បី​ទៅ​ចាត់ចែង​ដំណើរ​ការ​ មិន​មែន​យក​​ក្រដាស​ ឬ ​​យក​តែ​មាត់​ទៅ​ធ្វើ​នោះ​ទេ​។ ​​​ទំហំ​នៃ​​ដើម​ទុន​នេះ ​វា​អាស្រ័យ​ទៅ​លើ​ប្រភេទ​អាជីវកម្ម​ ​និង ទំហំ​អាជីវកម្ម​ដែល​​អ្នក​ចង់​បាន​។ ​​ត្រូវ​ចាំ​ថា ​ត្រូវ​មាន​​​ទុន​សម្រាប់​ដំណើរការ​ក្នុង​រយៈពេល​ច្បាស់លាស់​មួយ​ ហើយ​ក៏​ត្រូវ​មាន​ថវិកា​​បម្រុង​ផង​ដែរ​ ដើម្បី​ប្រាកដ​ថា ​​នៅ​ពេល​ជួប​បញ្ហា​ផ្សេងៗ ​​​អាជីវកម្ម​របស់​អ្នក​នឹង​​​​មិន​ដួល​ដោយ​ងាយ​។

២) ​​ផែនការ​អាជីវកម្ម​ច្បាស់លាស់​៖ ​ត្រូវ​ចាំ​ថា បើ​អ្នក​​បរាជ័យ​ក្នុង​ការ​រៀបចំ​គម្រោង​ ឬ ផែនការ​ ​វា​មាន​ន័យ​ស្មើ​នឹង​​​អ្នក​កំពុង​តែ​រៀប​គម្រោង​ដើម្បី​បរាជ័យ​។ ​អ្នក​ត្រូវ​តែ​រៀប​ចំ​​ឲ្យ​ច្បាស់លាស់​ ប៉ុន្តែ​សូម​កុំ​គិត​រហូត​ដល់​សុញ​​​ ​​ហើយ​ដំណើរការ​អាជីវកម្ម​​​លែង​កើត​​​ឲ្យ​សោះ​ ព្រោះ​ថា​ ពេល​ខ្លះ​​អ្វីៗ​វា​ប្រែប្រួល​ទៅ​តាម​ស្ថានការណ៍​ជាក់​ស្ដែង។​ ​

៣) ​​ជ្រើសរើស​ដៃគូ​ ឬ ​ធ្វើ​តែ​ឯង​៖ ​​អ្នក​ត្រូវ​តែ​សម្រេច​ចិត្ត​ថា ​តើ​អ្នក​ចង់​ធ្វើ​អាជីវកម្ម​តែ​ម្នាក់ឯង​ ឬ ​ជា​មួយ​ដៃគូ​។ អ្នក​ត្រូវ​មើល​​ឲ្យ​ធ្លុះ​ពី​​គុណ​សម្បត្តិ​ និង គុណវិបត្តិ​របស់​វា​ ​​​​មុន​នឹង​សម្រេច​ចិត្ត។​​ ​បើ​អ្នក​​សម្រេច​ចិត្ត​ធ្វើ​វា​​តែ​ម្នាក់​ឯង គឺ​ថា ​អ្វីៗ​ស្ថិត​ក្រោម​ការ​សម្រេច​ចិត្ត​របស់​អ្នក ​​ហើយ​មិន​​ពិបាក​ពិភាក្សា​​ប្រកែក​​គ្នា​​នៅ​ពេល​ក្រោយ​ ប៉ុន្តែ​ទាល់​តែ​អ្នក​​មាន​ដើមទុន​ច្រើន​គួរសម​​ផង​ដែរ​ ហើយ​អ្នក​ក៏​ត្រូវ​តែ​ជា​មនុស្ស​ដែល​​មាន​ចំណេះដឹង​ខ្ពស់​ និង ​​មាន​បទពិសោធន៍​ច្រើន​ ​បើ​មិន​ដូច្នោះ​ទេ​ គឺ​ពិបាក​បន្តិច​។ តែ​បើ​អ្នក​ជ្រើសរើស​​​​​ដៃគូ​ដើម្បី​ធ្វើ​អាជីវកម្ម​ គឺ​ថា​ ងាយ​ស្រួល​ក្នុង​ការ​ដំណើរការ​​ ព្រោះ​ មាន​ដើម​ទុន​គ្រប់គ្រាន់​​ និង ​​ មាន​គំនិត​​ល្អ​ៗ​ច្រើន ប៉ុន្តែ​ត្រូវ​ចាំ​ថា ​​វា​ពិត​ជា​​​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ ​​ហើយ​បើ​ប៉ះ​ដៃគូ​ល្អ​​ក្នុង​ការ​ធ្វើការ​មិន​​ជា​អ្វី​ទេ តែ​អ្នក​ខ្លះ​វិញ ​នៅ​ពេល​ជួប​បញ្ហា​បន្តិចបន្តួច​ក៏​​ចង់​រត់​ចោល ​ហើយ​ធ្វើការ​ក៏​មិន​ស្មើ​គ្នា​ តែ​​បើ​និយាយ​ពី​ប្រយោជន៍​វិញ គឺ​​​​​ទាមទារ​​​​នោះ​ទាមទារ​ ហើយ​ថ្ងៃ​ក្រោយ​អាច​នឹង​មាន​ការ​​​​ឈ្លោះ​គ្នា​ ​ប្រសិន​បើ​​​​មិន​បាន​ជជែក​គ្នា​ ឬ​​ធ្វើ​កិច្ចសន្យា​​​ឲ្យ​បាន​ច្បាស់​។

៤) ​បទពិសោធន៍ និង ចំណេះដឹង​​លើ​វិស័យ​នោះ​៖ ​ប្រសិន​បើ​អ្នក​ចង់​រក​​ស៊ី​ផ្នែក​អ្វីមួយ​ អ្នក​ត្រូវ​ប្រាកដ​ថា ​​អ្នក​មាន​ចំណេះដឹង​ និង បទពិសោធន៍​ច្បាស់លាស់​​​​​ ​ដើម្បី​ប្រាកដ​ថា អ្នក​បាន​ក្ដោប​ព័ត៌មាន​​បាន​ច្រើន​ ហើយ​ងាយ​នឹង​ដំណើរការ​ ​ជា​ពិសេស​ទៅ​ទៀត​​ដឹង​ច្បាស់​ថា ទីផ្សារ​វា​ដំណើរការ​យ៉ាង​ដូចម្ដេច​​ ​​​និង ដឹង​ច្រើន​ពី​ឱកាស​ និង ការ​គំរាមកំហែង​ក្នុង​ទីផ្សារ​។ ​សូម​កុំ​រកស៊ី​ផ្នែក​អ្វី​ដែល​អ្នក​មិន​ដែល​ស្គាល់​ ឬ ដឹង​​​ឲ្យ​សោះ​ ព្រោះ​ថា​​ ឱកាស​នៃ​ការ​បរាជ័យ​​គឺ ​ធំ​ខ្លាំង​ណាស់​។ ​​

៥) ​មាន​ការ​ស្រលាញ់ និង ការ​អត់ធ្មត់​​៖​​ ត្រូវ​ចាំ​ថា បើ​អ្នក​មិន​ស្រលាញ់​​អាជីវកម្ម​​ដែល​ខ្លួន​ចង់​ដំណើរការ​នោះ​ទេ​​​ អ្នក​នឹង​​​​បោះបង់​វា​​ចោល​មិន​ខាន​នៅ​ពេល​ដែល​ជួប​បញ្ហា​។ ​​​អ្នក​ត្រូវ​មាន​ការ​ស្រលាញ់​ និង ការ​អត់ធ្មត់​​​​ឲ្យ​ធំ​បំផុត​ ពេល​ខ្លះ​​​​​​ត្រូវ​មាន​វា​​​ឲ្យ​លើស​ពី​​​ផែនការ​អាជីវកម្ម​ទៅ​ទៀត​ ព្រោះ​​​​ថា​​ ​​ក្នុង​ស្ថានភាព​មួយ​ចំនួន​​​មិន​មែន​ផែន​ការ​អាជីវកម្ម​ល្អ​នោះ​ទេ ដែល​នាំ​​​ឲ្យ​អ្នក​ជោគជ័យ​​ ប៉ុន្តែ​វា​ជា​ការ​ស្រលាញ់ និង ការ​អត់ធ្មត់​។ ​ជាក់ស្ដែង​ ​ ​​​ក្នុង​ពេល​ដំណើរការ​អាជីវកម្ម​​ វា​ពិត​ជា​មាន​រឿងរ៉ាវ​ជាច្រើន​ដែល​កើត​ឡើង​ ហើយ​ពេល​ខ្លះ​​វា​ពិត​ជា​នឹក​ស្មាន​មិន​ដល់ ​​ហើយ​ផែនការ​អាជីវកម្ម​របស់​អ្នក​នោះ​គឺ​​​មិន​អាច​​​អនុវត្ត​ចេញ​បាន​​​ឲ្យ​មាន​ប្រសិទ្ធភាព​​ឡើយ​ ​ដែល​ទាមទារ​​​ឲ្យ​មាន​ការ​កែសម្រួល​ ​​ប៉ុន្តែ​បើ​អ្នក​ពិត​ជា​ស្រលាញ់​ប្រភេទ​អាជីវកម្ម​នោះ​ទេ​មែន ​ទោ​បី​ជា​លំបាក​ប៉ុណ្ណា​ក៏​ដោយ អ្នក​នៅ​តែ​បន្ត​ធ្វើការ​ងារ​នោះ​​រហូត​ ជា​មួយ​នឹង​ភាព​អត់ធ្មត់​​ដ៏​ធំ​មួយ ​ដូច្នេះ​ហើយ​​ ​នៅ​ទីបំផុត​អ្នក​នឹង​សម្រេច​វា​៕

​ដោយ​៖ រតនា​ ​វិចិត្រ​ ​​​​​​ ​​​​​​​​​​​​​​​​​​

X
5s