លោកស្រី Kim Kiyosaki ៖ ហេតុផលសំខាន់៥យ៉ាង ដែលធ្វើឲ្យអ្នកនៅតែ«ក្ររហាម»
លោកស្រី Kim Kiyosaki បានសរសេរសៀវភៅជាច្រើនទាក់ទងនឹង ផ្នត់គំនិតក្នុងការក្លាយជាអ្នកមាន និង ការប្រើប្រាស់ហិរញ្ញវត្ថុដ៏ឆ្លាតវៃ ហើយលោកស្រីក៏ជាអ្នកជំនួញដ៏ជោគជ័យម្នាក់ផងដែរនៅអាមេរិក។ លោកស្រីគឺជាភរិយារបស់លោក Robert Kiyosaki ដែលសុទ្ធតែជាអ្នកនិពន្ធដ៏ល្បីដូចគ្នា។ ទាក់ទងនឹងការបញ្ហាដែលធ្វើឲ្យមនុស្សជាច្រើននៅតែមិនអាចក្លាយជាអ្នកមានបាននោះ លោកស្រីបានលើកឡើងថា មានកត្តាសំខាន់ៗ៥យ៉ាង៖
១) ភាពភ័យខ្លាច៖ មនុស្សភាគច្រើនគឺសុទ្ធតែចង់ក្លាយជាអ្នកមាន អ៊ីចឹងហើយពួកគេបានខិតខំខ្លាំងណាស់ក្នុងការស្រាវជ្រាវ អានសៀវភៅ និង ចូលរួមសិក្ខាសាលាល្អៗដើម្បីជាគន្លឹះក្នុងការធ្វើជំនួញឲ្យជោគជ័យ។ ប៉ុន្តែរៀនបានត្រឹមរៀន ព្រោះមេរៀនទាំងនោះមិនដែលយកទៅអនុវត្ត ព្រោះខ្លាចនេះខ្លាចនោះរហូត ដូច្នេះហើយបានជា គ្មានឱកាសក្លាយជាអ្នកមាននឹងគេបាន។ បើអ្នកពិតជាចង់ចង់ក្លាយជាអ្នកមានមែន អ្នកត្រូវតែមានភាពក្លាហានក្នុងការរកស៊ី វិនិយោគ ឬ ទិញចលនទ្រព្យផ្សេងៗ ព្រោះបើអ្នកមិនសាកប្រាកដជាមិនដឹងនោះឡើយ។
២) គ្មានភាពជឿជាក់៖ បើអ្នកគ្មានភាពជឿជាក់ចំពោះខ្លួនឯង តើនរណាអាចជឿជាក់អ្នកបានទៅ។ នេះជាចំណុចដ៏សំខាន់មួយ ដែលអាចកំណត់ភាពជោគជ័យរបស់ខ្លួនឯង។ មនុស្សមួយចំនួន មានគំនិតច្រើន ហើយគំនិតនោះល្អៗទៀត ប៉ុន្តែមិនដែលយកទៅអនុវត្តនោះទេ ព្រោះ ខ្លួនឯងគិតថា ដូចជាយ៉ាងម៉េចមិនដឹងទេ អ៊ីចឹងហើយបានជាមិនអាចយកទៅអនុវត្តបាន ហើយទើបបានជានៅតែក្រដដែល។
៣) ខ្ជិល៖ មនុស្សភាគច្រើនសុទ្ធតែចង់ក្លាយជាអ្នកមាន ប៉ុណ្ណោះដើម្បីក្លាយជាអ្នកមានបាន ទាល់តែលុបបំបាត់ភាពខ្ជិលច្រអូសចេញឲ្យអស់។ អ្នកខ្លះខ្ជិលនោះខ្ជិល ហើយបានតែពូកែដេកគិតស្រមើស្រមៃថា នឹងបានទៅជាបែបនេះបែបនោះនៅថ្ងៃណាមួយ ប៉ុន្តែគ្មានបានធ្វើអ្វីទេ ព្រោះធ្វើការបានបន្តិចក៏ត្អូញថាហត់ ហើយចង់សម្រាក។ ដូច្នេះហើយបើខ្ជិលយ៉ាងហ្នឹង រកភាពជោគជ័យម្ដេចបាន។
៤) ទម្លាប់អាក្រក់៖ សកម្មភាពដែលអ្នកធ្វើប្រចាំថ្ងៃដដែលៗ នឹងក្លាយជាទម្លាប់ដែលនឹងជាប់ស្អិតនៅក្នុងសន្តានរបស់អ្នក។ បើមានទម្លាប់ល្អនោះ មានន័យថា អ្នកនឹងធ្វើរឿងល្អៗ កាលណាធ្វើរឿងល្អៗ អ្នកនឹងទទួលបានលទ្ធផលល្អប៉ុន្តែ បើមានទម្លាប់អាក្រក់ហើយ នោះវានឹងទាញអ្នកចុះក្រោមយ៉ាងលឿនបំផុត ហើយសូមកុំសួរថា «ហេតុអ្វីបានជាខ្លួននៅតែក្រ»។ អ្នកគួរតែព្យាយាមពិនិត្យមើលទម្លាប់របស់ខ្លួនឯងឡើងវិញ។
៥) ភាពអំនួត៖ មនុស្សដែលពូកែពិតប្រាកដ គេមិនដែលអួតទេ ប៉ុន្តែគេពូកែធ្វើ។ ប៉ុន្តែបើមនុស្សធម្មតាមួយចំនួនវិញ គឺពូកែណាស់រឿងអួត ជាពិសេសនៅពេលសម្រេចបានកិច្ចការ សូម្បីតែសម្រេចបានត្រឹមប៉ុនចុងសក់ ក៏អួតឡើងឡូយដែរ។ អួតច្រើន នាំឲ្យអ្នកអាម៉ាស់កាន់តែច្រើនហើយមនុស្សប្រភេទនេះ គ្មាននរណាចង់នៅក្បែរ ហើយចង់ធ្វើការជាមួយនោះទេ ព្រោះមិនឲ្យតម្លៃលើការងារ ឬ លទ្ធផលរបស់អ្នកដទៃ ហើយកុំសង្ឃឹមថា ជោគជ័យអ្វីធំដុំឲ្យសោះ៕
ដោយ៖ រតនា វិចិត្រ