នីតិវិធីគយក្នុងការនាំចូលទំនិញតាមផ្លូវគោក លោកអ្នកគួរស្វែងយល់បើចង់រកស៊ីនាំចូលទំនិញ!
ការនាំចូលទំនិញតាមផ្លូវគោក ត្រូវបំពេញបែបបទបញ្ចេញទំនិញពីគយតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដូចខាង ក្រោម៖
ក.ទម្រង់ការគយមុនពេលប្រកាសទំនិញ នៅពេលដែលទំនិញមកដល់មាត់ច្រកព្រំដែនគោក នៃព្រះរាជាណាចក្រកម្ពុជា មា្ចស់ទំនិញ ឬ តំណាង ត្រូវធ្វើការរាយការណ៍មករដ្ឋបាលគយ។
ខ.នីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ រូបវ័ន្តបុគ្គល ឬ នីតិបុគ្គលដែលនាំចូលទំនិញតាមមាត់ច្រកព្រំដែនគោកនីមួយៗ ត្រូវបំពេញប្រតិវេទន៍គយ នាំចូល អមជាមួយឯកសារភ្ជាប់ច្បាប់ដើម និងប្រគល់ជូនមន្ត្រីគយមានសមត្ថកិច្ចគយនៅមាត់តាមមាត់ច្រក ព្រំដែនគោកនីមួយៗដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ។
គ.ការងារស្កែន
១. ចំពោះទំនិញដែលត្រូវបំពេញបែបបទនៅមាត់ច្រកចូល៖ រាល់ទំនិញនាំចូលតាមកុងតឺន័រទាំងអស់ត្រូវស្កែន លើកលែងតែ៖ • ទំនិញនាំចូលសម្រាប់អង្គទូត ឬ អង្គការមានអភ័យឯកសិទ្ធិការទូត អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលនានា ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាល • ទំនិញជាអំណោយមនុស្សធម៌ជាជំនួយ ការនាំចូលតាមរយៈឥណទានកម្ចីរបស់រដ្ឋ ព្រមទាំងទំនិញ នាំចូលរបស់អង្គភាពរដ្ឋ • ទំនិញដែលទទួលការអនុញ្ញាតដោយឡែកឲ្យរួចពីកាតព្វកិច្ចនេះពីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ • ទំនិញនាំចូលដោយក្រុមធុរៈជនល្អបំផុត តាមគោលការណ៍នៃការគ្រប់គ្រងហានីភ័យគយ • កុងតឺន័រទទេ។
២.ចំពោះទំនិញដែលត្រូវដឹកជញ្ជូនក្រោមរបបឆ្លងកាត់ជាតិ៖ • ប្រតិបត្តិករផែស្ងួតទាំងអស់ អាចជ្រើសរើសម៉ាស៊ីនស្កែននៅមាត់ច្រកចូលតាមសមុទ្រ/ទន្លេ ឬនៅការិយាល័យគយនិងរដ្ឋាករផែស្ងួតណាមួយដែលមានម៉ាស៊ីនស្កែន • ទំនិញឆ្លងកាត់ទៅតំបន់សេដ្ឋកិច្ចពិសេសត្រូវបានលើកលែងការស្កែន។
៣.កម្រៃត្រួតពិនិត្យទំនិញឆ្លងកាត់ម៉ាស៊ីនស្កែនអនុវត្តដូចខាងក្រោម៖ • តម្លៃ ៣២ (សាមសិបពីរ) ដុល្លារអាមេរិក សម្រាប់កុងតឺន័រដែលមានទំហំចាប់ពី ៤០ ហ្វីតឡើង • តម្លៃ ២០ (ម្ភៃ) ដុល្លាអាមេរិក សម្រាប់កុងតឺន័រដែលមានទំហំក្រោម ៤០ ហ្វីត។
កំណត់សម្គាល់៖ • ទំនិញនាំចូលតាមកុងតឺន័រដែលជាកម្មវត្ថុនៃការលើកលែងស្កែន និង កម្រៃត្រួតពិនិត្យទំនិញឆ្លងកាត់ ម៉ាស៊ីនស្កែននេះ អាចនឹងមានការកែសម្រួល ប្រសិនបើមានការតម្រូវណាមួយពី អគរ។ • ទំនិញនាំចូលតាមផ្លូវគោកដោយប្រើប្រាស់កំពង់ផែសមុទ្រអន្តរជាតិនៃប្រទេសជាប់ព្រំដែនកម្ពុជា តាមរបបឆ្លងកាត់ (Customs Transit) ត្រូវអនុវត្តដូចខាងក្រោម (លិខិតលេខ១៧៣៥សហវ)៖ • តម្រូវឲ្យទំនិញនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រើប្រាស់របបគយឆ្លងកាត់ (Customs Transit) ប្រទេសជាប់ព្រំដែនកម្ពុជាតាមផ្លូវគោកទាំងអស់ ត្រូវផ្ទុកក្នុងកុងតឺន័រ ដោយភ្ជាប់ ជាមួយនូវអញ្ញត្តប័ណ្ណ (Bill of lading) ផ្លូវសមុទ្រផងដែរ និងមិនអនុញ្ញាតឲ្យរើបំបែកទំនិញចេញ ពីកុងតឺន័រជារូបភាពតូចៗ មុនបញ្ចប់បែបបទគយនាំចូលក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ • ចំពោះទំនិញដូចរៀបរាប់ និងមានកំណត់ដូចចែងខាងលើនេះហើយនៅតែបន្តនាំចូលតាម រូបភាពបំបែករាយក្រៅកុងតឺន័រនោះ ត្រូវមានការអនុញ្ញាតជាមុនពីអគរ ដើម្បីពិនិត្យសម្រេច តាមករណីជាក់ស្តែងនីមួយៗ៕
ដោយ៖ ប៉ុម ទូច
ប្រភព៖ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា